អានតួអត្ថបទ
ចិន-កូវីដ

WHOបារម្ភពី ការផ្ទុះជំងឺផ្លូវដង្ហើម​នៅភាគខាងជើងប្រទេសចិន

អង្គការសុខភាពពិភពលោក​សំដែងក្តីបារម្ភពីការកើនឡើង​នៃករណីជំងឺផ្លូវដង្ហើម​នៅក្នុងប្រទេសចិន។ នៅក្នុង​សេចក្តីថ្លែងការណ៍​កាលពីថ្ងៃ​ពុធទី ២២វិច្ឆិកា អង្គការ​សុខភាពពិភពលោក​ដែលមានទីស្នាក់ការនៅទីក្រុង​ហ្សឺណែវ​ប្រទេស​ស៊្វីស​បាន​សរសេរថា ខ្លួន​បាន​ដាក់លិខិតជាផ្លូវការ​ទៅកាន់ភាគីចិនឲ្យ​ផ្តល់ទិន្នន័យ​បន្ថែមទាក់ទង​នឹងករណី​ផ្ទុះជំងឺផ្លូវដង្ហើម​មួយរយៈចុងក្រោយនេះ នៅ​ភាគខាងជើងប្រទេសចិន ដូចជា​នៅទីក្រុង​ប៉េកាំងជាដើម។

ការធ្វើតេស្តរកមេរោគកូវីដ​នៅទីក្រុង​ប៉េកាំង
រោគកូវីដ AP - Andy Wong
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីថ្លែងការណ៍​កាលពីថ្ងៃពុធ អង្គការ​សុខភាពពិភពលោក​បានសំដែងក្តីបារម្ភនៅចំពោះមុខនៃការកើនឡើងករណីអ្នក​ជំងឺផ្លូវដង្ហើម​នៅភាគខាងជើង​ប្រទេស​ចិន និង​បាន​ស្នើសុំជាផ្លូវការ​ឲ្យ​ភាគីចិន​ផ្តល់ទិន្នន័យបន្ថែម ​ទាក់ទង​នឹង​ការកើនឡើង ចំនួនអ្នកជំងឺផ្លូវដង្ហើម និង​ករណី​​ឆ្លងជំងឺផ្លូវដង្ហើមនៅក្នុង​ចំណោមកុមារ។

អង្គការ​សុខភាពពិភពលោក​ស្នើសុំព័ត៌មានលម្អិត​ស្តីពីការកើនឡើង​ករណីជំងឺផ្លូវដង្ហើម​នៅ​ប្រទេស​ចិន​ បន្ទាប់ពីគណៈកម្មការសុខភាពជាតិ​ចិន​លើកឡើង​កាលពី​សប្តាហ៍មុនថា ករណីជំងឺផ្លូវដង្ហើម​បាន​ហក់កើនឡើង ដោយសារតែ​ការលុបចោលវិធានការរឹតបន្តឹងសុខភាព និង​ម្យ៉ាងដោយសារតែមេរោគ និង​បាក់តេរីដែលបង្កជំងឺរលាកសួត​ចាប់លេចមុខ​នៅក្នុង​រដូវរងាចុងឆ្នាំ។ ស្រង់សំដីដោយ​កាសែត​ក្នុងស្រុកចិន ​អ្នកជំនាញ​ខាងផ្នែក​ជំងឺឆ្លងរាតត្បាតនៃ​មជ្ឈមណ្ឌល​គ្រប់គ្រង​ការពារ​ជំងឺឆ្លងបាននិយាយ​ថា នៅរដ្ឋធានីប៉េកាំង​​ដែលស្ថិតនៅភាគខាងជើង​ប្រទេស ករណី​ឆ្លងជំងឺផ្លូវដង្ហើម​ចាប់កើនឡើងវិញ នៅក្នុងខណៈពេល​ដែល​ប៉េកាំង​កំពុងជួប​អាកាសធាតុត្រជាក់ខ្លាំង រហូតដល់​ក្រោមសូន្យ នៅ​ចុងសប្តាហ៍នេះ។

អង្គការ​សុខភាពពិភពលោក​នៅមិនទាន់​បានទទួល​ចម្លើយពីអាជ្ញាធរសុខភាពចិន។ នៅក្នុងសំណើផ្លូវការ​ទៅកាន់ភាគីចិនកាលពីថ្ងៃពុធទី ២២​វិច្ឆិកា អង្គការ​សុខភាពពិភពលោកទាមទារចង់បាន​ព័ត៌មានលម្អិត ​​ទាក់ទង​នឹងប្រភេទមេរោគដែលកំពុង​ឆ្លងរាលដាល ដូចជា​មេរោគជំងឺគ្រុនផ្តាសាយ មេរោគកូវីដ​ ​និង​លទ្ធផល​នៃការធ្វើតេស្តរកមេរោគក្នុងចំណោមអ្នកជំងឺជាកុមារ ព្រមទាំង​ព័ត៌មានស្តីពី​សមត្ថភាពរបស់មន្ទីរពេទ្យ​ក្នុងការទទួល​ដាក់អ្នកជំងឺផ្លូវដង្ហើម។​

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន អង្គការ​សុខភាពពិភពលោក​បាន​អំពាវនាវ​ឲ្យគេ​ចាត់វិធានការ​បង្ការទប់ស្កាត់ការវិលត្រលប់ជំងឺកូវីដ ជំងឺផ្លូវដង្ហើម តាមរយៈ​ការ​ចាក់វ៉ាក់សាំង ពាក់ម៉ាស និង​ស្ថិតនៅ​ឆ្ងាយពីអ្នកជំងឺ។ អត្រានៃការឆ្លងជំងឺផ្លូវដង្ហើម​នៅភាគខាងជើង​ប្រទេស​ចិន រួមទាំងការលេចចេញនូវមេរោគបំប្លែងខ្លួនថ្មីៗកំពុងធ្វើ​ឲ្យ​អង្គការ​សុខភាពពិភពលោក​បារម្ភថា ជំងឺកូវីដ​១៩​កំពុង​វិលវល់​ មិនទាន់ទៅណាឆ្ងាយ។

ទាក់ទង​នឹងជំងឺកូវីដផ្ទុះឡើង​ដំបូងនៅឆ្នាំ​២០១៩ ដែល​គេ​សង្ស័យថាមានប្រភពចេញពីទីក្រុង​វូហាន​ ប្រទេស​ចិន អង្គការ​សុខភាពពិភពលោករិះគន់ចិនថា ខ្វះតម្លាភាព លាក់​តួលេខ បិទខ្ទប់មិន​ឲ្យ​គេដឹង​ពី​ស្ថានភាពជំងឺឆ្លងកូវីដ និង​មិនសហការចែករំលែកទិន្នន័យជំងឺឆ្លងកូវីដ ជាមួយ​ទីភ្នាក់ងារសុខភាព​របស់​អង្គការសហប្រជាជាតិ។

កាលពី​ខែ កញ្ញាកន្លងទៅ ពោល​គឺ​នៅ​ជាង​៣ឆ្នាំក្រោយ​ការផ្ទុះជំងឺកូវីដ​១៩ អង្គការសុខភាពពិភពលោក​នៅតែទទូចសុំ​ភាគីចិនដើម្បី​បើកទា្វរឲ្យអ្នកជំនាញ​ទៅបេសកកម្មជាថ្មី​នៅក្នុង​ប្រទេស​ចិន។ គោលដៅ​គឺ​ដើម្បី​ស្វែងរកអត្តសញ្ញាណ និង​ប្រភពឆ្លង​របស់មេរោគកូវីដ​១៩។ ប៉ុន្តែ រហូតមកដល់ពេលនេះ គ្មានទេ ចម្លើយតបពីភាគីចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ