អានតួអត្ថបទ

រុស្ស៊ីផ្តើម​​សង្គ្រប់​អ៊ុយក្រែន​ជា​ថ្មី​តាម​រយៈ​ការ​វាយប្រហារ​ដោយ​ដ្រូនជា​ទ្រង់ទ្រាយ​ធំ​?

បើ​តាម​អ៊ុយក្រែន​ រុស្ស៊ី​បាន​វាយប្រហារ​ដោយ​ដ្រូន​លើ​ក្រុង​កៀវ​យ៉ាង​សន្ធឹក​សន្ធាប់​បំផុត​មិន​ធ្លាប់​មាន​ទេ គិត​ចាប់​តាំង​ពី​ផ្ទុះ​សង្គ្រាម​នៅ​ថ្ងៃ​ទី​២៤​កុម្ភៈ​២០២២​មក​ ជា​ហេតុ​ធ្វើ​ឱ្យ​ក្រុង​កៀវ​មួយ​ភាគធំ​ធ្លាក់​ក្នុង​ភាព​ងងឹតនិង​ត្រជាក់ ​ដោយ​គ្មាន​អគ្គីសនី​ប្រើប្រាស់​។

រុស្ស៊ីផ្តើម​​សង្គ្រប់​អ៊ុយក្រែន​ជា​ថ្មី​តាម​រយៈ​ការ​វាយប្រហារ​ដោយ​ដ្រូនជា​ទ្រង់ទ្រាយ​ធំ​?
រុស្ស៊ីផ្តើម​​សង្គ្រប់​អ៊ុយក្រែន​ជា​ថ្មី​តាម​រយៈ​ការ​វាយប្រហារ​ដោយ​ដ្រូនជា​ទ្រង់ទ្រាយ​ធំ​? AFP - HANDOUT
ផ្សាយពាណិជ្ជកម្ម

ស្នូរ​ស៊ីរ៉ែន​ប្រកាស​អាសន្ន​មានការ​វាយប្រហារ​ផ្លូវ​អាកាស​បាន​លាន់រន្ទឺ​ឡើងពេញ​រដ្ឋ​ធានី​កៀវ ​រយៈ​ពេល​៦​ម៉ោង​ ហើយ​បំណែក​ដ្រូន​ធ្លាក់​មក​បាន​បង្ក​ឱ្យ​មាន​អគ្គិភ័យ​និង​បំផ្លាញ​អគារ​​ជា​ច្រើន​ខ្នង។ “សត្រូវ​បន្ត​​សាបព្រោះ​ភាព​តក់​ស្លុត​”​ នេះ​ជា​ប្រសាសន៍​របស់​អាជ្ញាធរ​ក្រុង​កៀវ អម​ដោយ​សេចក្តីប្រកាស​របស់​ក្រុម​កងទ័ព​ជើង​អាកាស នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី ២៥​វិច្ឆិកាថា​ យោធា​អាកាសអ៊ុយក្រែន​​បាន​កម្ចាត់​ដ្រូនប្រយុទ្ធ​ ប្រភេទ​shahed​បង្ហោះ​ចេញ​ពី​រុស្ស៊ីមក​បាន​៧១​គ្រឿង​។ ដ្រូន​ភាគច្រើន​ត្រូវ​បាន​កម្ទេច​នៅតំបន់​រដ្ឋ​ធានី។

ប៉ុន្តែ​ជា​ផលវិបាក​ ការ​វាយប្រហារ​នេះ បាន​ធ្វើ​ឱ្យ​មនុស្ស​៥​នាក់ ក្នុង​នោះ​ម្នាក់​ជា​កុមារ​អាយុ​១១​ឆ្នាំរង​របួស និង​​បាន​ផ្តាច់​ចរន្ត​អគ្គិសនីជា​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​រដ្ឋធានី​កៀវ។ មាន​យ៉ាង​ហោច​ណាស់​អគារ​លំនៅឋាន​ចំនួន​៧៧ខ្នង និង​អគារ​ចំនួន​១២០​ខ្នង​នៅ​សង្កាត់​​កណ្តាល​ក្រុង​គ្មាន​ភ្លើង​ប្រើប្រាស់។​​ នេះ​បើតាម​ប្រភពអាជ្ញាធរ​អ៊ុយក្រែន​ដដែល។

​ប្រធានាធិបតី​អ៊ុយក្រែន បាន​ចាត់ទុក​ការ​វាយប្រហារ​ដោយ​ដ្រូនយប់​មិញ​ថា មេដឹកនាំ​រុស្ស៊ី​ចង់​បង្ហាញអំពី​មោទនភាព​ខ្លួន​ថា​មាន​សមត្ថភាព​សម្លាប់​មនុស្ស​។ អ៊ុយក្រែន​មិន​អាច​បំភ្លេច​ មិន​អាច​យល់​និង​ជាពិសេស​មិន​អាច​អនុគ្រោះ​ឱ្យ​អ្នក​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ដែល​អ៊ុយក្រែន​ធ្លាប់​រងគ្រោះ​កាលពី​ដើម​សតវត្សរ៍​ទី​២០​ទេ។  

អាជ្ញាធរ​អ៊ុយក្រែន​​យល់​ថា​រុស្ស៊ី​សម្រុក​វាយប្រហារ​ដៅ​លើ​ក្រុង​កៀវ និង​តំបន់​ភាគ​ខាង​ត្បូងនៅ​​ថ្ងៃសៅរ៍​​នេះ ​ឱ្យ​ចំ​ថ្ងៃ​ដែល​អ៊ុយក្រែន​ត្រូវ​ប្រារព្ធ​ខួបរងគ្រោះ​ទុរ្ភិក្ស​​​អូឡូដូម័រកាលពី​៩០​ឆ្នាំ​មុន។ នៅ​ឆ្នាំ​១៩៣២-៣៣ ដោយ​ខ្លាច​មានការ​បះបោរ​ទាមទារ​ឯករាជ្យ​ របប​ស្តាលីន​របស់​អតីត​សហភាព​សូវៀត​បាន​បង្អត់​អាហារ​និង​សេរីភាព​នៃ​ការ​ធ្វើ​ដំណើររហូត​បណ្តាល​ឱ្យ​​ពលរដ្ឋ​អ៊ុយក្រែន​ ​ស្លាប់​យ៉ាង​វេទនា​​អស់ប្រមាណ​ពី​៤​ទៅ​៨​លាននាក់។ សម្រាប់​អ៊ុយក្រែន​ គ្រោះ​ទុរ្ភិក្ស​ហូឡូដូម័រ ជា​អំពើ​ប្រល័យ​ពូជសាសាសន៍ តែរុស្ស៊ី​បដិសេធ​ ដោយ​លើក​ថា​ពលរដ្ឋ​រុស្ស៊ី​ កាហ្សាក់ស្ថាន ... ក៏​រងគ្រោះ​ដែរ។

ការ​វាយប្រហារ​ដោយ​ដ្រូន​ និម្មិតរូប​នៃ​សង្គ្រាម​នៅ​អ៊ុយក្រែន បាន​កើន​ឡើង​យ៉ាង​ខ្លាំង​តាំងពី​មួយ​ខែមក​នេះ ទាំង​ពី​សំណាក់​យោធា​អ៊ុយក្រែន​ដ៏​ដូច​ជា​យោធា​រុស្ស៊ី។ នៅ​ខាង​រុស្ស៊ី ម៉ូស្គូក៏​បាន​អះអាង​ថា​កម្ចាត់​ដ្រូន​អ៊ុយក្រែន​បាន​១៦​គ្រឿង​ដែរ​កាលពី​ថ្ងៃ​សុក្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ