អានតួអត្ថបទ
រុស្ស៊ី-អ៊ុយក្រែន

អ៊ុយក្រែន និងរុស្ស៊ីប្រើដ្រូនវាយប្រហារគ្នាទៅវិញ ទៅមកពេញមួយយប់ថ្ងៃសៅរ៍

ទីក្រុងម៉ូស្គូ និង​ទីក្រុង​កៀវ ក្លាយជា​គោលដៅ​នៃការវាយប្រហារ​ដ្រូន នៅយប់​ថ្ងៃ​សៅរ៍ ឈានចូលដល់​ថ្ងៃអាទិត្យ​ទី ១៩​វិច្ឆិកា។ យោងតាម​ក្រសួងការពារ​ជាតិរុស្ស៊ី អ៊ុយក្រែន​បាន​ប្រើដ្រូនវាយប្រហារ​តំបន់ជាយក្រុង​ម៉ូស្គូ ប៉ុន្តែ មិនបាន​បង្កការខូចខាតធ្ងន់ធ្ងរ ឬ​សម្លាប់ជីវិតមនុស្ស។ នៅខាង​អ៊ុយក្រែន រដ្ឋធានី​បាន​រង​ការវាយប្រហារ​ដោយ​រលក​ដ្រូន​របស់​រុស្ស៊ី នៅ​២​យប់ជាប់ៗគ្នា។

ក្រសួងថាមពលអ៊ុយក្រែន​បង្ហាញការបំផ្លិចបំផ្លាញ​នៅ​មជ្ឈមណ្ឌល​ផ្គត់ផ្គង់អគ្គិសនី​នៅកៀវ​ដែលរងការវាយប្រហារដ្រូនរបស់រុស្ស៊ីនៅថ្ងៃទី ១៩​វិច្ឆិកា ២០២៣
ក្រសួងថាមពលអ៊ុយក្រែន​បង្ហាញការបំផ្លិចបំផ្លាញ​នៅ​មជ្ឈមណ្ឌល​ផ្គត់ផ្គង់អគ្គិសនី​នៅកៀវ​ដែលរងការវាយប្រហារដ្រូនរបស់រុស្ស៊ីនៅថ្ងៃទី ១៩​វិច្ឆិកា ២០២៣ AFP - STR
ផ្សាយពាណិជ្ជកម្ម

រុស្ស៊ី និង​អ៊ុយក្រែន​បានប្រើដ្រូន​វាយប្រហារ​លើ​រដ្ឋធានី​គ្នាទៅវិញ ទៅមក។ នៅ​យប់ថ្ងៃសៅរ៍ ឈានចូលដល់​ថ្ងៃ​អាទិត្យ ទាំងរដ្ឋធានីកៀវ​របស់​អ៊ុយក្រែន និង​ម៉ូស្គូ​របស់​រុស្ស៊ី​បាន​ក្លាយ​ជា​ផ្ទាំងស៊ីប​វាយប្រហារ​របស់​ដ្រូន។ យោងតាម​ក្រសួងការពារ​ជាតិ​រុស្ស៊ី ប្រព័ន្ធ​ការពារ​ដែនអាកាស​បាន​ទប់ស្កាត់ បាញ់ទម្លាក់​ដ្រូន​របស់​អ៊ុយក្រែន មិន​ឲ្យ​បង្ក​ការខូចខាត ឬ​សម្លាប់​ជីវិត​មនុស្ស។

វាជារឿង​កម្រ​ដែល​ម៉ូស្គូ រងការវាយប្រហាររបស់ដ្រូន​អ៊ុយក្រែន។ ម៉ូស្គូ និង​តំបន់​ជុំវិញ ធ្លាប់​រង​ការវាយប្រហារដ្រូនអ៊ុយក្រែន កាលពី​ខែ​ឧសភា នៅ​មុន​អ៊ុយក្រែន​ប្រកាស​បើកសមរភូមិ​ប្រយុទ្ធដណ្តើមទឹកដី​ពី​រុស្ស៊ីមកវិញ កាលពីខែ​មិថុនា។

នៅអ៊ុយក្រែនឯណោះវិញ ទីក្រុង​កៀវ​បានរងរលកវាយប្រហារដ្រូនរបស់​រុស្ស៊ី នៅ​២យប់ជាប់ៗគ្នា។ បើតាម​មន្រ្តីយោធាជាន់ខ្ពស់របស់អ៊ុយក្រែន នៅយប់​ថ្ងៃ​សៅរ៍ កងទ័ព​រុស្ស៊ី​បាន​បញ្ជូន​ដ្រូន​ផលិតឡើង​នៅអ៊ីរ៉ង់ឈ្មោះ Shahed ដែលមាន​សមត្ថភាពនាំយកគ្រឿងផ្ទុះ ទៅទម្លាក់​លើ​ទីក្រុង​កៀវ។ ប៉ុន្តែ ជាសរុប ដ្រូន​ពី ១៥ ទៅ​២០គ្រឿង ដែលកងទ័ពរុស្ស៊ី បញ្ជូន​ពីគ្រប់​ទិស សំដៅ​ទីក្រុង​កៀវ ត្រូវ​ប្រព័ន្ធការពារ​ដែនអាកាស​បាញ់កម្ទេច​គ្មានសល់។

នៅមួយថ្ងៃ​មុន កៀវ​បាន​រងការវាយប្រហាររលកដ្រូន​របស់​រុស្ស៊ី នៅក្នុង​ចំនួន​ដ៏ច្រើន​មិនធ្លាប់មាន គិតចាប់តាំង​ពី​ខែ​កញ្ញា។ នៅចំពោះមុខការវាយប្រហារ​ដ្រូន​របស់​រុស្ស៊ី សំដៅ​រដ្ឋធានីក្បាលម៉ាស៊ីន​របស់​អ៊ុយក្រែន ប្រធានាធិបតី​អ៊ុយក្រែន លោក​ហ្សេឡេនស្គី​គិតរួចហើយថា រុស្ស៊ីកំពុង​គ្រោង​ដៅវាយប្រហារ​សាជាថ្មី ទៅលើ​ប្រព័ន្ធថាមពល​របស់​អ៊ុយក្រែន ដើម្បី​ឲ្យអ៊ុយក្រែន គ្មានភ្លើងសម្រាប់ដុតកំដៅ នៅ​រដូវត្រជាក់ខាងមុខ។

នៅ​សមរភូមិប្រយុទ្ធនៅភាគខាងកើត​ឯណោះវិញ កងទ័ពអ៊ុយក្រែន នៅថ្ងៃ​អាទិត្យ​នេះអះអាងថា គេ​វាយដណ្តើម​យក​បាន​ទឹកដី​អ៊ុយក្រែន ក្នុង​ចម្ងាយពី​៣ ទៅ ៨គីឡូម៉ែត្រ នៅត្រង់​សមរភូមិ​ប្រយុទ្ធ ជាប់ទន្លេ Dniepro ក្នុង​ខេត្ត​Kherson ភាគខាងត្បូង​ប្រទេស ដែលកំពុង​ស្ថិតក្រោមការកាន់កាប់​របស់​កងទ័ពរុស្ស៊ី។

ក្រសួងការពារជាតិ​រុស្ស៊ី នៅ​មិនទាន់​ឆ្លើយតប​ទៅ​នឹង​ការលើកឡើង​របស់​កងទ័ព​អ៊ុយក្រែន។ បើសិន​អ៊ុយក្រែន ពិតជាវាយយកបាន​ទឹកដី​របស់ខ្លួន​បន្ថែមទៀត ​នៅ​តំបន់ Kherson នោះ​ជា​ស្នាដៃ​សម្រេចបាន​ដ៏​ធំធេង​របស់​កងទ័ព​អ៊ុយក្រែន បន្ទាប់​ពី​អ៊ុយក្រែន​បរាជ័យ នៅ​តែក្នុងការប្រយុទ្ធដណ្តើមយកទឹកដី​របស់ខ្លួន​ពី​រុស្ស៊ី។ ទោះបាន​ជំនួយយោធា សព្វាវុធ​សន្ធឹកសន្ធាប់​ពី​ប្រទេស​លោកខាងលិច អ៊ុយក្រែន​ដែលបាន​បើក​ការវាយប្រយុទ្ធ​ទ្រង់ទ្រាយធំតាំងពីខែមិថុនាមក នៅ​មិនអាច​វាយ​បំបែកខ្សែប្រយុទ្ធ​ដ៏រឹងមាំ​របស់​កងទ័ព​រុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ