អានតួអត្ថបទ
រុស្ស៊ី ពូទីន

លោកពូទីន ប្រកាសឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី នៅខែមីនា ឆ្នាំ ២០២៤

” គ្មានជម្រើសណាផ្សេង“។ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានប្រកាសឈរឈ្មោះជា បេក្ខជន សម្រាប់អាណត្តិទី ៥ របស់គាត់ ក្នុងការបោះឆ្នោតប្រធានាធិបតីនៅរុស្ស៊ី ថ្ងៃទី ១៧ មីនា ឆ្នាំ ២០២៤ ។ គ្មានអ្វីគួរឲ្យមន្ទិល គាត់នឹងជាប់ឆ្នោតសាជាថ្មី ក្រោយពីកាន់អំណាចអស់សឹង ២ទសវត្សរ៍កន្លះ ទាំងបង្ក្រាបពួកប្រឆាំងឲ្យលឹបដូចក្បាលដែកគោល។

ក្នុងពេលបំពាក់មេដាយឲ្យទាហានៅ​ក្រេមឡាំងនៅថ្ងៃទី​៨ធ្នូ​២០២៣ លោកពូទីន ប្រកាសឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី នៅខែមីនា ឆ្នាំ ២០២៤
ក្នុងពេលបំពាក់មេដាយឲ្យទាហានៅ​ក្រេមឡាំងនៅថ្ងៃទី​៨ធ្នូ​២០២៣ លោកពូទីន ប្រកាសឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី នៅខែមីនា ឆ្នាំ ២០២៤ AFP - MIKHAIL KLIMENTYEV
ផ្សាយពាណិជ្ជកម្ម

យោងលើ កំណែរដ្ឋធម្មនុញ្ញ កាលពីឆ្នាំ ២០២០ ដែល អនុញ្ញាតឲ្យលោកពូទីន​ក្លាយជាបេក្ខជន​ប្រធានាធិបតី​ក្នុងការបោះឆ្នោតឆ្នាំ ២០២៤ និង ២០៣០ ប្រមុខរដ្ឋរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន អាចបន្ត ស្ថិត នៅជា ចៅហ្វាយវិមានក្រេមឡាំង លុះរហូតដល់ឆ្នាំ ២០៣៦ ឆ្នាំដែលគាត់នឹងមានជន្មាយុ ៨៤ វស្សា។

 “ក្នុងកាលសម័យផ្សេង ខ្ញុំច្បាស់ជាយល់ឃើញផ្សេងទាក់ទងនឹងបញ្ហានេះ ។ ប៉ុន្តែ ក្នុងគ្រាឥឡូវ សម្រាប់ ខ្ញុំគឺ មិនអាចមានជម្រើសណាផ្សេងទេ។ ដូច្នេះខ្ញុំនឹងឈរឈ្មោះដើម្បីជាប់ ក្នុងតំណែងជា ប្រធានាធិបតី សហព័ន្ធរុស្ស៊ី “ - សេចក្តីនេះថ្លែងដោយ លោកពូទីន ដែលបច្ចុប្បន្ន មានអាយុ ៧១ ឆ្នាំ។ 

សេចក្តីថ្លែងការណ៍នេះ ត្រូវបានលោកពូទីន បន្លឺឡើង នៅវិមានក្រេមឡាំង ក្នុងពិធី ជួបសំណេះសំណាល ជាមួយក្រុមយុទ្ធជនស្លៀកពាក់ឯកសណ្ឋាន ជាមួយម្តាយទាហានម្នាក់ ដែលស្លាប់នៅអ៊ុយក្រែន ជាមួយ គ្រូពេទ្យ និង កម្មករអណ្តូងរ៉ែ ដែលសុទ្ធតែទើបត្រូវបានគាត់ បំពាក់ជូន គ្រឿងឥស្សរិយយស។ ជាហេតុការណ៍ខុសពីទម្លាប់ ដែលការប្រកាសឈរឈ្មោះរបស់លោកពូទីន ត្រូវបានទម្លាយទៅប្រព័ន្ធ ផ្សព្វផ្សាយ ប៉ុន្មាននាទីមុននេះ ដោយ អ្នកចូលរួមម្នាក់ក្នុងពិធីនោះ គឺ លោក Artiom Joga ជាយុទ្ធជន និង ជា ប្រធានសភាខេត្ត ដូណេត នៅឯតំបន់ខាងកើតអ៊ុយក្រែន កាន់កាប់ដោយរុស្ស៊ី។

លោកស្រី Tatiana Stanovaya ដែលជាអ្នកវិភាគ បានបញ្ចេញយោបល់ខ្លួន លើ Telegram ដូចតទៅថា ៖ បេក្ខភាពលោកពូទីន គឺ ដក់ជាប់ដោយ និមិត្តរូប ក្នុងន័យថា ៖ ពួកវីរជន បណ្តាឱពុកៗ​នៅតំបន់​ដុនបាស ដែលជាដែនដីអ៊ុយក្រែន ប៉ុន្តែ ម៉ូស្គូកាត់យកមកគ្រប់គ្រង​នៅឆ្នាំ​២០១៤ គឺ ប្រាថ្នាឃើញរូបលោក ពូទីន ជាប្រធានាធិបតីរុស្ស៊ី សាជាថ្មី។ ដ្បិតលោកពូទីន បានជ្រើសយកផ្លូវសង្គ្រាម ហើយ សង្គ្រាមបានជ្រើសយករូបលោកពូទីន។

តាមលោកស្រី ការប្រកាសនេះ គ្រាន់តែជា ទម្រង់ក្រៅ ដើម្បីបង្ហាញអំពីរូបលោកពូទីន ជាបុគ្គលរម្យទម ស្រគត់ស្រគំ ជាប់ដៃតែនឹងបញ្ហាជាក់លាក់មែនពិត។

ឡើងកូដខ្លាំងតែម្តង

ប្រធានសភា ឌូម៉ា ជាសភាជាន់ក្រោម លោក Viatcheslav Volodine បានប្រតិកម្មលើ Telegram ដោយសង្កត់លើ គុណសម្បត្តិឯកៗ របស់លោក វ៉្លាឌីមៀរ ពូទីន ចំណែកប្រធាននៃសភាជាន់លើ គឺ​លោកស្រី Valentina Matvienko ផ្តោតលើចំណុចដែលថា លោកប្រមុខរដ្ឋ ពូទីន “ មិនដែលគេចសោះ ឡើយ ពី នាទីទទួលខុសត្រូវរបស់ខ្លួន”។

អ្នកស្រុករុស្ស៊ីភាគច្រើនដែលចោទសួរដោយ AFP បន្ទាប់ពី ការប្រកាសឈរឈ្មោះរបស់លោកពូទីន ស្រាប់ តែ ប្រកែកមិនព្រមបញ្ចេញយោបល់ខ្លួន។ ខ្លះ នាំគ្នាគាំទ្រ បេក្ខភាពលោកពូទីន ដោយ ប្រយ័ត្នប្រយែង ។ “មិនមែនជាជម្រើសអាក្រក់ណាស់ទេ” - នេះជាមតិ លោកស្រី Zoya Fedina គណិតវិទូ ចូលនិវត្តន៍ ទៅហើយ ក្នុងវ័យ ៦៨ ឆ្នាំ ទាំងនៅចងចាំអំពី ពេលដ៏លំបាក នៃរង្វង់ឆ្នាំ ១៩៩០ ។

ចំណែកជាងគំនូរ អាយុ ៤៨ ឆ្នាំ លោកស្រី Nina Zintchenko និយាយថា គាត់ចង់ឲ្យមានស្ថិរភាពនិង សន្តិភាព ក្នុងប្រទេស ហើយឆ្លើយស្របនឹងករណីបែបនេះ គឺ បេក្ខជនលោក ពូទីន តែម្តង ។

អ្នកមួលបង្កាច់វិមានក្រេមឡាំងរូបណាក៏ដោយ មិនអាចមានឈ្មោះ ក្នុងបញ្ជីបេក្ខជនឡើយ ។ អស់ រាប់ ឆ្នាំមកហើយ អាជ្ញាធរ បង្ក្រាបឲ្យលឹបទៅ ពួកប្រឆាំងក្នុងប្រទេស ជាពិសេស ក្រោយពីម៉ូស្គូ បានលុកចូល អ៊ុយក្រែន។ 

ការបោះឆ្នោតប្រធានាធិបតី នឹងប្រព្រឹត្តទៅ ៣ ថ្ងៃជាប់ ពីថ្ងៃ ១៥ ដល់ ១៧ មិនា ឆ្នាំ ២០២៤ គឺ ក្រោយពី ខួបគម្រប់បាន ២ ឆ្នាំ តាំងពីរុស្ស៊ី បានផ្តើមវាយប្រហារទៅលើអ៊ុយក្រែនដែលបន្តទៅទាំងសព្វថ្ងៃ និង នៅ ពេលជិតដល់ខួប ១០ ឆ្នាំ នៃ ការភ្ជាប់យក ទៀបកោះគ្រីមេរបស់អ៊ុយក្រែន។ ការបោះឆ្នោតនេះ ក៏នឹង ប្រព្រឹត្តទៅ នៅតាមខេត្តអ៊ុយក្រែនណាដែល កាន់កាប់ដោយរុស្ស៊ី ជាទីដែលស្ថិតនៅក្រោមធរមាននៃ ច្បាប់អាជ្ញាសឹក។

ក្រោយកន្លងផុតទៅ ឆ្នាំ ២០២២ ដែលកត់សម្គាល់ដោយ ប្រតិបត្តិការវាយលុកបកវិញនៃ កងទ័ពអ៊ុយក្រែន នៅលើសមរភូមិ ដោយគំនាបរាប់មិនអស់នៃទណ្ឌកម្មបស្ចិមលោក លោក វ៉្លាឌីមៀរ ពូទីន នៅចុងឆ្នាំ ២០២៣ ចេញបង្ហាញមុខទាំងឡើងកូដខ្លាំងសម្បើម ដោយមកពី ប្រតិបត្តិការវាយលុកបកវិញនោះ របស់ អ៊ុយក្រែនធ្លាក់ក្នុងបរាជ័យ ព្រមជាមួយនឹង ការធ្លាក់ចុះទៅ នៃ ការគាំទ្រអ៊ុយក្រន ពីខាង សហភាពអឺរ៉ុប និង សហរដ្ឋអាមេរិក ក្នុងផ្ទៃនៃ សេដ្ឋកិច្ចរុស្ស៊ីដែលចេះតែងើបឡើងវិញ។  

ក្នុងប្រទេសរុស្ស៊ីផ្ទាល់ សឹងលែងមានទៅហើយ ពួកប្រឆាំងជាដុំកំភួន ដូចជារូប សកម្មជនខាង ប្រយុទ្ធ ទល់នឹង អំពើពុករលួយ លោក Alexei Navalny ដែលត្រូវបានញាត់បញ្ចូលទៅក្នុងគុក ឫ បណ្តេញ ចេញទៅស្រុកក្រៅទៅ។  

គ្មានគូប្រជែងទេ

គណៈកម្មការជាតិរៀបចំការបោះឆ្នោត គជប បានប្រកាសថា ការបោះឆ្នោត នឹងប្រព្រឹត្តទៅ ៣ ថ្ងៃ ដូច កាលពី សម័យឆ្លងសកលនៃជម្ងឺកូវីដ-១៩ ប៉ុន្តែ ត្រូវពួកប្រឆាំង បរិហារទៅហើយថា ជាមធ្យោបាយ សម្រាប់ងាយកេងបន្លំសន្លឹកឆ្នោត ដើម្បីទទួលបានលទ្ធផល ដូចការចង់បាននៃរដ្ឋអំណាច។

លោកពូទីន ដើមបំបូង ជា ប្រធានាធិបតី ពីឆ្នាំ ២០០០ ដល់ ២០០៨ ហើយបន្ទាប់មកពី ឆ្នាំ ២០១២ រហូតមកទល់សព្វថ្ងៃ ។ ក្នុងចន្លោះពីឆ្នាំ ២០០៨ ដល់ ២០១២ តំណែងកំពូលនេះ ធ្លាក់ទៅលើ លោក នាយរដ្ឋមន្ត្រី ឌ្មីទ្រី មេដវេដេវ ។

កើតក្នុងឆ្នាំ ១៩៥២ នៅក្រុង Leningrad ដែលក្នុងឆ្នាំ ១៩៩១ ប្រែឈ្មោះមកជា Saint-Petersbourg លោកពូទីន នៅដើមឡើយជាភ្នាក់ងារ KGB ធ្វើការនៅអាល្លឺម៉ងខាងកើត មុននឹងត្រឡប់មករុស្ស៊ីវិញ ក្រោយ ពី សហភាពសូវៀតរលំរលាយទៅ។

 បន្ទាប់មក គាត់បានធ្វើការផ្នែកនយោបាយ ក្នុងសាលាក្រុង Saint-Petersbourg ហើយក៏បានឡើង យ៉ាងលឿនមកធ្វើការក្នុងវិមានក្រេមឡាំង។ ក្នុងឋានៈជានាយករដ្ឋមន្ត្រី លោក ពូទីន  នៅថ្ងៃ ទី ៣១ ធ្នូ ឆ្នាំ ១៩៩៩ ត្រូវបាន លោកប្រធានាធិបតី Boris Yelsin ផ្ទុកផ្តាក់ឲ្យបន្តវេនអំណាចពីគាត់ ។ លោក ពូទីន ចេះ ស្តារសេដ្ឋកិច្ចឲ្យអភិវឌ្ឍឡើងវិញជាដំណាក់ៗ ទាំងចងចាំអំពី មហិទ្ធិឫទ្ធសហភាពសូវៀត ហើយប្រកាន់ ជំហរ អភិរក្សនិយម និង ប្រឆាំងបស្ចិមលោក។ លោក ពូទីន បានគាំពារ សង្គ្រាម ៤ លើក គឺ ២ លើក នៅ ឆេឆេនី ពីឆ្នាំ ១៩៩៩ ដល់ ២០០៩ និង សង្គ្រាមនៅ ហ្ស័កហ្ស៊ី ឆ្នាំ ២០០៨ ព្រមទាំងអន្តរាគមន៍យោធា រុស្ស៊ីនៅ ស៊ីរី ក្នុងឆ្នាំ ២០១៥ ហើយនៅទីបំផុត គឺ សង្គ្រាមទល់នឹងអ៊ុយក្រែន ចាប់ផ្តើមក្នុងឆ្នាំ ២០១៤ និង បន្តទៅ ចាប់ពីឆ្នាំ ២០២២ មក ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ