អានតួអត្ថបទ

ឥណ្ឌា​សម្លាប់​ពួកសកម្មប្រយុទ្ធ​ជាច្រើននាក់​ដើម្បី​សងសឹក​ចំពោះ​អំពើ​ភេរវកម្ម​របស់​ពួកគេ​

នៅថ្ងៃ​អង្គារទី២៦ កុម្ភៈ​ ឥណ្ឌា​បាន​និយាយ​ថា​ យន្តហោះ​ចម្បាំង​របស់ខ្លួន​បាន​បើក​ការវាយប្រហារ​ ទៅលើ​ទីតាំង​របស់​ក្រុមសកម្ម​ប្រយុទ្ធ​ចាអ៊ីស អ៊ី ម៉ូហាមេដ ​(Jaish-e-Mohammed) ដែល​ជា​អ្នក​នៅ​ពីក្រោយ​ការបំផ្ទុះ​គ្រាប់បែក​អត្តឃាត​សម្លាប់​ទាហានឥណ្ឌា​ជាច្រើន​នាក់​ កាលពី​ថ្ងៃទី១៤​ កុម្ភៈ នៅ​តំបន់​កាស្មៀរ។ ទីតាំង​របស់​ពួក​ Jaish-e-Mohammed ស្ថិត​នៅក្នុង​ទឹកដី​របស់​ប៉ាគីស្ថាន​ ហើយ​ការសងសឹក​តាមរយៈ​ការវាយប្រហារ​តាមផ្លូវអាកាស​របស់​ឥណ្ឌានេះ​ កាន់តែ​ធ្វើឱ្យ​ភាពតានតឹង​រវាង​ប្រទេស​ទាំងពីរ​ កើនកម្តៅ​ខ្លាំង​ប្រៀបដូចជា​ទឹក​កំពុង​ពុះ​។

ពលរដ្ឋឥណ្ឌាដុតរូបភាពតំណាងឲ្យប៉ាគីស្ថាន ជាការអបអរក្រោយឮថាអាជ្ញាធរឥណ្ឌាបានសម្លាប់ពួកសកម្មប្រយុទ្ធ Jaish-e-Mohammad ជាច្រើននាក់ នៅថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ ២០១៩។
ពលរដ្ឋឥណ្ឌាដុតរូបភាពតំណាងឲ្យប៉ាគីស្ថាន ជាការអបអរក្រោយឮថាអាជ្ញាធរឥណ្ឌាបានសម្លាប់ពួកសកម្មប្រយុទ្ធ Jaish-e-Mohammad ជាច្រើននាក់ នៅថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ ២០១៩។ REUTERS/Amit Dave
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក វីជ័យ ហ្កុកហេល (Vijay Gokhale) បាននិយាយថា អាជ្ញាធរឥណ្ឌាបានឆ្មក់វាយប្រហារទៅលើទីតាំងរបស់ពួកភេរវករ Jaish-e-Mohammad និងបានធ្វើឲ្យពួកសកម្មប្រយុទ្ធទាំងនេះស្លាប់ និងរបួសជាច្រើននាក់។

លោកហ្កុកហេល បានបញ្ជាក់បន្ថែមថាក្នុងចំណោមពួក Jaish-e-Mohammad ដែលស្លាប់និងរងរបួស ក៏មានផងដែរគ្រូបង្ហាត់បង្រៀន មេបញ្ជាការជាន់ខ្ពស់ បូករួមទាំងពួកជីហាត ដែលសុទ្ធតែជាអ្នកមានជាប់ពាក់ព័ន្ធទៅនឹងការវាយប្រហារភេរវកម្មមកលើទាហានឥណ្ឌា កាលពីសប្តាហ៍ទី២ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ។

ក្រោយហេតុកាណ៍នេះ តំណាងយោធាប៉ាគីស្ថានបានប្រកាសថា យន្ដហោះចម្បាំងរបស់ឥណ្ឌាបានហោះឆ្លងកាត់ដែនអាកាសរបស់ខ្លួននៅក្នុងតំបន់ហិម៉ាឡៃ និងបានបើកការវាយប្រហារមួយ។ ប៉ុន្តែ អាជ្ញាធរប៉ាគីស្ថានថា មិនមានមនុស្សស្លាប់និងរបួសម្នាក់ឡើយ ដោយសារការវាយប្រហារខាងលើ ដែលនេះខុសផ្ទុយស្រលះពីការអះអាងរបស់ឥណ្ឌាដែលថាមានមនុស្សស្លាប់ជាច្រើននាក់ និងរងរបួសជិត ២០០ នាក់។

គេមើលឃើញថា ព្រឹត្តិការណ៍ថ្មីៗនេះ កាន់តែធ្វើឲ្យទំនាក់ទំនងរវាងឥណ្ឌា និងប៉ាគីស្ថានដែលកំពុងក្តៅខ្លាំងស្រាប់ទៅហើយ ដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាតនៅតំបន់កាស្មៀរ កាន់តែក្តៅឡើងប្រៀបដូចជាទឹកកំពុងពុះដូច្នឹងដែរ។ ក្រុមអ្នកជំនាញសិក្សាអំពីទំនាក់ទំនងរបស់ប្រទេសទាំងពីរបាននិយាយថា ការវាយប្រហារតាមផ្លូវអាកាសរបស់ឥណ្ឌា ចូលទៅជ្រៅក្នុងទឹកដីរបស់ប៉ាគីស្ថាន និងមិនមែននៅក្នុងតំបន់ដែលមានជម្លោះដូចជាកាស្មៀរ នឹងធ្វើឲ្យកម្តៅនៃភាពតានតឹងរវាងប្រទេសទាំងពីរ កើនឡើងពិតប្រាកដណាស់។

ទាក់ទងរឿងនេះដែរ គួរជ្រាបថាមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់ឥណ្ឌាម្នាក់ បាននិយាយថាការវាយប្រហារ នៅថ្ងៃអង្គារ ទី២៦ កុម្ភៈនេះ បង្ហាញពីការប្តេជ្ញារបស់រដ្ឋាភិបាលទីក្រុងញូវដេលី ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងប្រទេសប៉ាគីស្ថាន ដែលក្រុងញូវដេលីចោទថា ជាអ្នកប្រើឲ្យពួកសកម្មប្រយុទ្ធ Jaish-e-Mohammad ធ្វើភេរវកម្មអត្តឃាត។ ចំណែកប៉ាគីស្ថានវិញ រហូតមកដល់ពេលនេះ នៅតែបដិសេធថា មិនមានជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្មខាងលើឡើយ។ ប៉ាគីស្ថាន ធ្លាប់បានបង្ហាញជំហរចង់ចរចាជាមួយឥណ្ឌា ប៉ុន្តែក៏ធ្លាប់បានព្រមានផងដែរថា បើឥណ្ឌានហ៊ានតែវៃប៉ាគីស្ថាន នោះប៉ាគីស្ថានក៏មិនខ្លាចនឹងតបតវិញឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ