មនុស្សជិត ៦០ ស្លាប់ដោយសារគ្រោះទឹកជំនន់នៅឥណ្ឌូណេស៊ី
គ្រោះទឹកជំនន់នៅថ្ងៃអាទិត្យទី១៧ មីនា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៨ នាក់ នៅក្នុងខេត្តប៉ាពួរ ភាគខាងកើតប្រទេសឥណ្ឌូណេស៊ី។ បើតាមអាជ្ញាធរឥណ្ឌូណេស៊ី នៅពេលនេះ ក្រុមអ្នកជួយសង្គ្រោះកំពុងតែសស្រាក់សស្រាំស្វះស្វែងរកអ្នកនៅរស់រានមានជីវិត ដែលអាចកប់នៅក្នុងភក់ ដុំថ្ម និងដើមឈើដែលដួលរលំ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
គិតត្រឹមថ្ងៃអាទិត្យនេះ តុល្យការមនុស្សស្លាប់មានចំនួនយ៉ាងតិច ៥៨ នាក់ ប៉ុន្តែអាជ្ញាធរឥណ្ឌូណេស៊ីជឿថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងដោយសារតែគ្រោះទឹកជំនន់មានសភាពធ្ងន់ធ្ងរខ្លាំង។ មួយវិញទៀត ក្រៅតែពីបណ្តាលឲ្យមនុស្សស្លាប់ជាច្រើនអ្នក គ្រោះទឹកជំនន់នៅភាគខាងកើតឥណ្ឌូណេស៊ី ក៏បានធ្វើឲ្យមនុស្សរាប់សិបនាក់រងរបួស និងមនុស្ស ១៥ នាក់ផ្សេងទៀតបាត់ខ្លួន។
អ្នកនាំពាក្យភ្នាក់ងារទទួលបន្ទុកគ្រោះមហន្តរាយជាតិឥណ្ឌូណេស៊ីលោក Sutopo Purwo Nugroho បានឲ្យដឹងថា ទឹកជំនន់នៅក្នុងខេត្តប៉ាពួរ បានជន់លិចយ៉ាងលឿនដោយសារតែភ្លៀងធ្លាក់ខ្លាំងកាលពីនៅថ្ងៃសៅរ៍ម្សិលមិញ ធ្វើឲ្យដីបាក់ស្រុត និងបណ្តាលឱ្យផ្ទះរបស់ប្រជាជនជាច្រើនខ្នងខូចខាត។
លោកបានបន្ថែមថា ចំនួនជនរងគ្រោះ និងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់នេះទំនងជានឹងកើនឡើង ហើយនាខណៈនេះ ក្រុមអ្នករុករក និងជួយសង្គ្រោះកំពុងតែមូលដៃមូលជើងគ្នាជម្លៀសប្រជាជនទៅកាន់ទីទួលសុវត្ថិភាព។
បើតាមមន្ត្រីប៉ូលិសជាន់ខ្ពស់ឥណ្ឌូណេស៊ីម្នាក់គឺលោក Victor Dean Mackbon យ៉ាងហោចណាស់ក៏មានមនុស្សចំនួន ២ ២០០ នាក់ដែរ រងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិនៅក្នុងខេត្តប៉ាពួរ ហើយរដ្ឋាភិបាលក៏បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល ១៤ ថ្ងៃផងដែរ។
គួរជម្រាបជូនថា ខណៈពេលដែលទឹកជំនន់កំពុងតែវាយលុកភាគខាងកើតប្រទេសឥណ្ឌូណេស៊ី គេក៏ឃើញមានខ្សែវីដេអូជាច្រើនបង្ហាញពីសកម្មភាពរបស់ក្រុមអ្នកជួយសង្គ្រោះដឹកនាំបំពង់អុកស៊ីហ្សែនទៅឱ្យជនរងគ្រោះ ដែលទំនងជាជាប់នៅក្រោមដើមឈើធ្លាក់។
គួររំឭកជូនថា ទឹកជំនន់បានក្លាយជារឿងធម្មតាទៅហើយនៅក្នុងប្រទេសឥណ្ឌូណេស៊ី ជាពិសេសក្នុងរដូវវស្សាដែលចាប់ផ្តើមពីខែតុលាដល់ខែមេសា។ ជាក់ស្តែង កាលពីខែមករា កន្លងទៅ គ្រោះទឹកជំនន់និងការរអិលបាក់ដីបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧០ នាក់ នៅលើកោះ Sulawesi។ មានប្រជុំកោះប្រមាណជា ១ ៧០០ ឥណ្ឌូណេស៊ី ក៏ត្រូវគេចាត់ថាជាប្រទេសដែលងាយរងគ្រោះបំផុតមួយដោយសារគ្រោះមហន្តរាយធម្មជាតិនៅក្នុងពិភពលោកយើងនេះដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ