អានតួអត្ថបទ
ទីបេ

ការ​ដុត​សម្លាប់ខ្លួន​ដើម្បី​បរិហារ​​ក្រុង​​ប៉េកាំង​​ចូល​​ដល់​​ចំនួន​​រយ​នាក់​

ការិយាល័យ​សម្តេច​សង្ឃ​ដាឡៃឡាម៉ា បាន​បញ្ជាក់​អំពី​ព័ត៌មាន​នៃ​ការ​ប៉ុន​ប៉ង​ដុត​សម្លាប់​ខ្លួន​របស់​ជន​ទីបេ នៅថ្ងៃ​ពុធទី ១៣​កុម្ភៈ​ឆ្នាំ​២០១៣ នៅ​ទីក្រុង​កាត់មង់ឌូ ប្រទេស​នេប៉ាល់។ នេះ​ជា​ករណី​ ​ទី​១០០​នាក់​គត់ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៩​មក​ ដែល​បណ្តា​ជន​ទីបេ ទាំង​សង្ឃ ទាំង​ប្រថុជ្ជន បាន​ជ្រើសរើស​ការ​​ដុត​សម្លាប់​ខ្លួន ដើម្បី​បរិហារ​ការ​របប​ក្រុង​ប៉េកាំង​ដែល​គ្រប់​គ្រង​ផ្តាច់ការ និង​បំបិទ​សេរីភាព​វប្បធម៌ និង​សាសនា​នៅ​តំបន់​ស្វយ័ត​ទីបេ។

ប៉ូលិស​នេប៉ាល់​ជួយ​សង្គ្រោះ​ជនជាតិ​ទីបេ​និរទេស​ប៉ុន​ប៉ង​​ដុត​សម្លាប់​ខ្លួន នៅ​ថ្ងៃ​ទី ១៣​កុម្ភៈ ២០១៣
ប៉ូលិស​នេប៉ាល់​ជួយ​សង្គ្រោះ​ជនជាតិ​ទីបេ​និរទេស​ប៉ុន​ប៉ង​​ដុត​សម្លាប់​ខ្លួន នៅ​ថ្ងៃ​ទី ១៣​កុម្ភៈ ២០១៣ Twitter
ផ្សាយពាណិជ្ជកម្ម

មាន​អាយុ​ទើប​តែ​ជាង​២០​ឆ្នាំ​បន្តិច យុវជន​ទីបេ បាន​យក​ប្រេង​សាំង មកស្រោច​​ពី​លើ​សម្លៀក​បំពាក់ មុន​នឹង​បញ្ចេះ​ឱ្យ​ក្លាយ​ជា​ភ្លើង​ឆេះ​រោល​ដុត​សម្លាប់​ខ្លួន។ ហេតុការណ៍​នេះ​ ប្រព្រឹត្ត​ទៅ ​នៅ​ក្នុង​មណ្ឌល​ស្វែង​ធម៌​ពុទ្ធសាសនា​ដ៏ល្បី​ល្បាញមួយ​នៅ​លើ​ពិភពលោក គឺ​ចេតីយ៍ Boudhanath នា​ក្រុង​កាត់ម៉ង់ឌូ ប្រទេស​នេប៉ាល់ និង​នៅ​ចំពោះ​មុខ​​ភ្ញៀវ​ទេសចរ​ដែល​កំពុង​ទទួល​ទាន​​អាហារ​ពេល​ព្រឹក​ក្នុង​ភោជ្ជនីដ្ឋាន​របស់​វត្ត​ និង​ដែល​ជា​អ្នក​ស្រែក​ហៅ​រក​ជំនួយ​សង្គ្រោះ។ ប៉ូលិស​បាន​ពន្លត់​ភ្លើង និង​នាំ​ជន​ទីបេ​រូប​ទៅ​មន្ទីរពេទ្យ តែ​ស្ថានភាព​​របួស​មាន​លក្ខណៈ​ធ្ងន់​ធ្ងរ​ណាស់។

តំណាង​រដ្ឋាភិបាល​ទីបេ​និរទេស​ លោក Tempa Tsering បាន​បញ្ជាក់​ព័ត៌មាន​នេះ​ភ្លាម​មក​កាន់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង ថា​ការ​ប៉ុន​ប៉ង​ដុត​សម្លាប់​របស់​ជនជាតិ​ទីបេ​នៅ​ថ្ងៃពុធ​នេះ ជា​ករណីទី​១០០ ក្នុង​នោះ​មាន​៨៣​នាក់​បាន​ស្លាប់​ និង​បាន​អំពាវនាវ​ឱ្យ​ជន​ទីបេ​ទាំង​អស់​បញ្ឈប់​សកម្មភាព​ដុត​សម្លាប់​ខ្លួន​ ព្រោះ​ជា​ទង្វើ​ដ៏​ខ្លោច​ផ្សារ​ខ្លាំង​ណាស់។

សូម​បញ្ជាក់​ថា​ក្រោយ​បដិវត្ត​បះបោរ​ត្រូវ​បង្ក្រាប​នៅ​ឆ្នាំ​១៩៥៩​ សម្តេច​សង្ឃ​ដាឡៃឡាម៉ា បានរត់​ភៀស​ខ្លួន​​ទៅ​ជ្រក​កោន​នៅ​ឥណ្ឌា​មក តំបន់​ស្វយ័ត​ទីបេ​ស្ថិត​ក្រោម​ការ​ត្រួត​ត្រា​យ៉ាង​តឹង​រ៉ឹង​ពី​សំណាក់​ក្រុង​ប៉េកាំង។ ការ​បាត់សេរីភាព​ សាសនា​​ និង​ការ​រីក​រាល​នៃ​វត្តមាន​ជនជាតិ​ហាន​លើ​ទឹកដី​ទីបេ ​ភាព​អស់​សង្ឃឹម​នេះ​បាន​ជំរុញ​​ឱ្យ​សង្ឃ​ និង​ជន​ទីបេ​មួយ​ចំនួន​ជ្រើស​រើស​ធ្វើ​ការ​តវ៉ា ដោយ​ការ​ដុត​សម្លាប់​ខ្លួន។

គិត​​តាំង​ពី​ឆ្នាំ​២០០៩​មក ករណី​ដុត​សម្លាប់​ខ្លួន មាន​​កើត​តែ​ច្រើន​ ទាំង​នៅ​ក្នុង​ទឹក​ដី​ស្វយ័ត​ទីបេ និង​ទាំង​នៅ​ប្រទេស​ឥណ្ឌា ឬ​នេប៉ាល់។ ប៉ុន្តែ​ក្រុង​ប៉េកាំង​បាន​ច្រាន​ចោល​​ការ​ចោទ​ប្រកាន់​ទាំង​អស់​នោះ ដោយ​អះអាង​ថា​ជនជាតិ​ទីបេ មាន​សេរីភាព​សាសនា​គ្រប់គ្រាន់ រដ្ឋាភិបាល​បាន​ខិតខំ​អភិវឌ្ឍ និង​វិនិយោគ​ ដើម្បី​ទីបេ​កាន់​តែ​ទំនើប និង​មាន​​ជីវិត​រស់​នៅ​ប្រសើរ​ខ្ពស់​ជាង​មុន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ