ក្រោយពីមូបារ៉ាក់ធ្លាក់ពីតំណែង តើអេហ្ស៊ីព្ទធ្វើដំណើរឆ្ពោះទៅទិសណា?
អស់រយៈពេល ១៨ថ្ងៃ ដែលប្រជាជនអេហ្ស៊ីព្ទរាប់លាននាក់បាននាំគ្នាចេញមកធ្វើបាតុកម្ម ដោយមិនខ្លាចច្បាប់ស្តីពីភាពអាសន្ន និងមិនខ្លាចការបង្រ្កាបដោយកម្លាំង។ គោលដៅ គឺទម្លាក់លោកមូបារ៉ាក់ ហើយនាំលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពមកអេហ្ស៊ីព្ទ។ នៅពេលនេះ លោកមូបារ៉ាក់បានធ្លាក់ពីអំណាច តាមការទាមទាររបស់បាតុករ។ ក៏ប៉ុន្តែ សំណួរមួយទៀតចោទឡើងថា តើក្រោយពីសករាជមូបារ៉ាក់ទៅ តើអេហ្ស៊ីព្ទនឹងធ្វើដំណើរឆ្ពោះទៅទិសណា?
ចុះផ្សាយនៅថ្ងៃ៖
បទវិភាគរបស់ សេង ឌីណា
ចាប់តាំងពីពេលចលនាប្រឆាំងបានចាប់ផ្តើម រហូតដល់ពេលនេះ ស្ថាប័នដែលបានដើរតួនាទីសំខាន់បំផុត ក្នុងបដិវត្តន៍អេហ្ស៊ីព្ទ គឺកងទ័ព។ កងទ័ពបានបដិសេធមិនប្រើកម្លាំងលើបាតុករ។ កងទ័ពប្រកាសគាំទ្រការទាមទាររបស់បាតុករ។ គ្រប់គ្នាដឹងថា កងទ័ពក៏ជាអ្នកដើរតួនាទីដ៏សំខាន់បំផុត ក្នុងការជំរុញឲ្យលោកមូបារ៉ាក់ចុះចេញពីតំណែង។
នៅពេលនេះ ក្រោយពីលោកមូបារ៉ាក់ចុះចេញតំណែង គឺកងទ័ពជាអ្នកកាន់អំណាច។ កងទ័ពគឺជាអ្នកកាន់ចង្កូតនាវាអេហ្ស៊ីព្ទ! តើនាវាមួយនេះមានទិសដៅទៅខាងណា គឺត្រូវរង់ចាំមើលសកម្មភាពរបស់កងទ័ព។
នៅពេលនេះ សូម្បីតែឧត្តមក្រុមប្រឹក្សាកងទ័ពជាតិ ក៏ហាក់នៅមិនទាន់ដឹងច្បាស់នៅឡើយដែរថា តើគេត្រូវធ្វើអ្វីជាបន្តទៅទៀត។ នៅក្នុងសេចក្តីថ្លែងការណ៍ ក្រោយពីបានឡើងកាន់អំណាច សេនាប្រមុខតាន់តាវី (Tantawi) ដែលជាប្រធានឧត្តមក្រុមប្រឹក្សាកងទ័ពជាតិ ហាក់ដូចជាមានភាពស្ទាក់ស្ទើរច្រើន អំពីអ្វីដែលកងទ័ពត្រូវធ្វើ។
បើតាមមើលទៅ កិច្ចការបន្ទាន់ដែលត្រូវធ្វើ គឺត្រូវនាំស្ថិរភាពមកវិញ ដើម្បីឲ្យសេដ្ឋកិច្ចចាប់ដំណើរការឡើងវិញ និងត្រូវរំលាយរដ្ឋាភិបាល ដែលតែងតាំងដោយលោកមូបារ៉ាក់ចោលវិញ។ ក៏ប៉ុន្តែ សួរថា ក្រោយពីរំលាយរដ្ឋាភិបាលនេះ តើត្រូវជំនួសដោយអ្វីមកវិញ ដើម្បីឲ្យសមស្របទៅតាមការទាមទាររបស់ប្រជាជន? តើត្រូវទុកឲ្យមន្រ្តីបច្ចេកទេសជាអ្នកចាត់ចែងកិច្ចការរដ្ឋាភិបាលជាបណ្ដោះអាសន្ន ឬក៏ត្រូវបង្កើតជារដ្ឋាភិបាលរួបរួមជាតិមួយ? បើបង្កើតរដ្ឋាភិបាលរួបរួមជាតិ តើត្រូវមានសមាសភាពមកពីណាខ្លះ? ចុះក្រុម Frères Musulman ដែលជាចលនាប្រឆាំងដ៏ធំនៅអេហ្ស៊ីព្ទ ប៉ុន្តែ គេចាត់ទុកថាជាក្រុមអ៊ីស្លាមជ្រុលនិយមនោះ គួរឲ្យចូលក្នុងរដ្ឋាភិបាលរួបរួមជាតិដែរឬទេ?
ការប្រែប្រួលដែលកើតឡើងក្នុងរយៈពេលដ៏ខ្លីបែបនេះ ឧត្តមក្រុមប្រឹក្សាកងទ័ពពិតជានៅមិនទាន់អាចកំណត់អំពីអ្វីដែលត្រូវធ្វើនៅឡើយទេ។ ក៏ប៉ុន្តែ យ៉ាងហោចណាស់ គេចង់ដឹងថា តើកងទ័ពពិតជាមានបំណងរៀបចំធ្វើកំណែទម្រង់ប្រជាធិបតេយ្យ ហើយផ្ទេរអំណាចទៅឲ្យរដ្ឋាភិបាល ឬក៏ច្បាមយកអំណាចមកគ្រប់គ្រៀងជាអចិន្រ្តៃយ៍ បង្កើតទៅជារបបផ្តាច់ការយោធាមួយទៀត?
កាលពីយប់ថ្ងៃសុក្រ ម្សិលមិញ សេនាប្រមុខតាន់តាវី បានសន្យាម្តងទៀតថា កងទ័ពនឹងមិនកាន់អំណាចជារៀងរហូតនោះទេ។ កងទ័ពនឹងចាត់វិធានការ ធ្វើយ៉ាងណា ឆ្លើយតបទៅនឹងការចង់បានរបស់ប្រជាជន។
គេមើលឃើញមានកម្លាំងពីរ ដែលជំរុញឲ្យកងទ័ពធ្វើតាមពាក្យសន្យានេះ។ ទីមួយ គឺកម្លាំងចលនាមហាជនអេហ្ស៊ីព្ទ ដែលបានបញ្ជាក់ច្បាស់ថានឹងត្រឡប់មកធ្វើបាតុកម្មវិញ ប្រសិនបើមិនមានការធ្វើកំណែទម្រង់ប្រជាធិបតេយ្យពិតប្រាកដ។ ទីពីរ គឺសហរដ្ឋអាមេរិក ដែលជាអ្នកមានឥទ្ធិពលយ៉ាងខ្លាំងទៅលើមេទ័ពអេហ្ស៊ីព្ទ ហើយដែលកំពុងតែទាមទារឲ្យពួកគេធ្វើកំណែទម្រង់ប្រជាធិបតេយ្យពិតប្រាកដមួយ ទៅតាមការចង់បានរបស់ប្រជាជន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ