អានតួអត្ថបទ
លីបង់

លីបង់​ញាំញី​ដោយ​អំពើ​ភេរវកម្ម ព្រោះ​ចំហាយ​សង្គ្រាម​នៅ​ស៊ីរី ?!

មានស្លាប់​យ៉ាង​ហោច​ណាស់ ២៧​នាក់ និង​របួស​ជាង​៣៥០នាក់ នៅ​ថ្ងៃ​សុក្រ​ទី ២៣​សីហា ក្នុង​អំពើ​ភេរវកម្ម​​បំផ្ទុះ​រថយន្ត​ ពីរ​ផ្ទួន​គ្នា​ នៅ​ទីក្រុង​ទ្រីប៉ូលី ក្រុង​ភាគ​ខាងជើង​ប្រទេស​លីបង់។ បើ​តាម​រដ្ឋមន្ត្រីក្រសួង​សុខភិបាល តុល្យការ​នៃ​ជន​រង​គ្រោះ​អាច​នឹង​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត។

ការ​បំផ្ទុះ​រថយន្ត​ប្រឆាំង​វិហារ​អ៊ីស្លាម​ នៅ​ទីក្រុង​​Tripoli ថ្ងៃទី ២៣ សីហា ២០១៣
ការ​បំផ្ទុះ​រថយន្ត​ប្រឆាំង​វិហារ​អ៊ីស្លាម​ នៅ​ទីក្រុង​​Tripoli ថ្ងៃទី ២៣ សីហា ២០១៣ REUTERS/Omar Ibrahim
ផ្សាយពាណិជ្ជកម្ម

 

ទូរទស្សន៍​ជាតិ​លីបង់​បាន​បង្ហាញ​រូបភាព​ជន​រងគ្រោះ​ បាត់​បង់​ជីវិត​ ដែល​ភាគ​ច្រើន​ជាកុមារ រថយន្ត​ជា​ច្រើន​គ្រឿង​កំពុង​ត្រូវ​អណ្តាត​ភ្លើង​ឆាប​ឆេះ អាគារ​ផ្ទះ​សម្បែង​បាក់​បែក​ខ្ទេចខ្ទី ផ្សែង​ខ្មៅ​ខ្មួរខ្មាញ់​ពេញ​មេឃ មនុស្ស​រត់​ច្រវ៉ាត់​ជួយ​សង្គ្រោះគ្នា​ទាំង​មាន​របួស។

ភេរវកម្ម​កំពុង​ទន្ទ្រាញ​ទី​ក្នុង​ប្រទេស​លីបង់ !ជា​ភេរវកម្ម​ប្រឆាំង​នឹង​វិហារ​អ៊ីស្លាម ក្នុង​ថ្ងៃ​សុក្រ​​ ថ្ងៃ​សូត្រធម៌​...

បំផ្ទុះ​ទី​មួយ បាន​លាន់​ឮ​ឡើង​នៅ​កណ្តាល​ក្រុង​ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​គេហដ្ឋាន​របស់​នាយករដ្ឋមន្ត្រី Najib Mikati ដែល​ទើប​លា​លែង​ចេញ​ពីតំណែង។ គ្រាប់​ទីពីរ​ ត្រូវ​បានគេ​ដាក់​បង្កប់​ក្នុង​រថយន្ត​បំផ្ទុះ​ក្បែរ​កំពង់​ផែ ក្បែរ​ផ្ទុះ​មេប៉ូលិស។

សូម​បញ្ជាក់​ថា តាំង​ពីមាន​វិបត្តិ​ហិង្សា​បាន​ផ្ទុះ​ឡើង​នៅ​ប្រទេសស៊ីរី​មក ​លីបង់​ ជា​ប្រទេស​ជិត​ខាង​ក៏​មិន​សូវ​ជា​បាន​សុខ​ប៉ុន្មានដែរ។ លីបង់ ​ ជាពិសេសនៅ​​​ភាគ​ខាង​ជើង ​ បាន​ក្លាយ​ជា​ឆាក​ល្ខោន​នៃ​ការ​ប្រយុទ្ធ​គ្នា​ រវាង​បណ្តា​ជន​លីបង់​និកាយ​ស៊ុយនីត និង​ក្រុម​និកាយ​អាលាវិត​ ដូច​លោក​ប្រធានាធិបតី​ស៊ីរី បាស្ហារ​ អាល់អាសាទ។ ក្រុម​អ៊ីស្លាម​ស៊ុយ​នីត ភាគច្រើន​ជា​អ្នក​គាំទ្រ​​សកម្មជន​បះបោរ​ប្រឆាំងនឹង​របប​ដឹកនាំ​ស៊ីរី​បច្ចុប្បន្ន​ មិន​ដូច​ក្រុម​អាលាវិត និង​ឈីអ៊ីតរបស់​ហេស្បូឡា​ដែល​​គាំទ្ររបប​ក្រុង​ដាម៉ាស​ទេ។ ដោយ​ហេតុ​តែ​មាន​និកាយ​សាសនា​ខុសគ្នា​ គំនិត​គាំទ្រ​ប្រឆាំង​គ្នា​ អំពើ​ហិង្សា​​ក៏​កើត​មានញឹកញាប់ ឯ​ភេរវកម្ម​ក៏​ញយ។

កាលពី​ថ្ងៃ​ពុធ​ប្រមុខ​យោធា​លីបង់​ បាន​អះអាង​ថា​កំពុង​ដឹកនាំ​ធ្វើ​សង្គ្រាម​ប្រឆាំងនឹង​ភេរវនិយម​ - ដោយ​តាម​បំបែក​​ក្រុម​ភេរវជន​ត្រៀម​ធ្វើ​សកម្មភាព​បំផ្ទុះ​រថយន្ត​ តាំង​ពី​ជា​ច្រើន​ខែ​មក​ហើយ។​ ជាក់​ស្តែង​កាលពី​ថ្ងៃ​ទី​១៥​សីហា ក្រុម​នេះ​បាន​ធ្វើ​​ភេរវកម្ម​បំ​​ផ្ទុះ​រថយន្ត​ប្រឆាំងនឹង​ទីស្នាក់ការ​របស់​ក្រុម​ហេស្បូឡា នៅ​ជាយ​រដ្ឋធានី​បេរ៉ូត ដែល​កាល​ណោះ​បាន​សម្លាប់​មនុស្ស​អស់​២៧​នាក់ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ