អានតួអត្ថបទ
លីបង់

​យ៉ាងហោច​២២នាក់​ស្លាប់​ និង​ជាង​៣០០នាក់​របួស​ នៅ​លីបង់​ ក្នុង​ភេរវកម្ម​បំផ្ទុះ​រថយន្ត​

នៅ​ប្រទេស​លីបង់ ភេរវកម្ម​បំផ្ទុះ​រថយន្ត​មួយ​បាន​កើតឡើង​​ នៅ​ជាយក្រុង​ភាគ​ខាងត្បូង​ប្រទេស​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ សម្លាប់​មនុស្ស​យ៉ាងហោច​២២នាក់ និងធ្វើ​អោយ​របួស​​ជាង​៣០០នាក់​ទៀត ​ប្រទេស។ ​​ក្រុម​​ភេរវជន​មួយ​​ឈ្មោះ​ ក្រុម​ Aïcha ដែល​គេ​មិន​ធ្លាប់​​ស្គាល់​ពីមុន​មក បាន​ប្រកាស​ថាខ្លួន​ជា​អ្នកបង្ក​ភេរវកម្ម​នេះ។ ប៉ុន្តែ រដ្ឋាភិបាល​លីបង់​​បាន​ចោទ​​​អ៊ីស្រាអែល ថានៅ​ពី​ក្រោយខ្នង​ភេរវកម្ម ព្រោះថាភេរវកម្ម​នេះ​បានកើតឡើង​នៅ​ដែនដី​​ក្រុម​អេស្បូឡា ដែល​ជា​អតីត​សត្រូវ​របស់​អ៊ីស្រាអែល ក្នុង​សង្គ្រាម​រវាង​ប្រទេស​លីបង់ និង​អ៊ីស្រាអែល កាលពី​ឆ្នាំ​២០០៦។ នៅ​ថ្ងៃ​សុក្រ​នេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល​ ស៊ីមន ពែររេស បាន​បដិសេធ​ដាច់ខាត​ថា អ៊ីស្រាអែល​មិន​ពាក់ព័ន្ធ​នឹង​អំពើ​ភេរវកម្ម​នៅ​លីបង់​នោះទេ។

អំពើភេរវកម្មបំផ្ទុះ​រថយន្ត បានកើតឡើង​ នៅ​កន្លែង​សំបូរ​ដោយសកម្មជន​​ក្រុមអេស្បូឡា រស់នៅ។
អំពើភេរវកម្មបំផ្ទុះ​រថយន្ត បានកើតឡើង​ នៅ​កន្លែង​សំបូរ​ដោយសកម្មជន​​ក្រុមអេស្បូឡា រស់នៅ។ Reuters
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​លីបង់​បាន​យក​ថ្ងៃ​សុក្រនេះ ជា​ថ្ងៃ​​កាន់ទុក្ខដល់​ជនរងគ្រោះ​ក្នុង​​អំពើ​ភេរវកម្ម​​បំផ្ទុះ​រថយន្ត​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។ នៅព្រឹក​ថ្ងៃសុក្រ​នេះ អ្នក​ស៊ើបអង្កេត​​នៅ​បន្ត​ការងារ​ខ្លួន​ នៅ​កន្លែង​កើតហេតុ​នៅឡើយ។ ​ទីភ្នាក់ងារ​ព័ត៌មាន​ជាតិ បាន​ប្រាប់​ថា ​​បុរស​ម្នាក់​ និង​កុមារ​៣នាក់ នៅ​បាត់ខ្លួន​នៅឡើយ។

ម្សិលមិញ ភេរវកម្ម​បំផ្ទុះ​រថយន្ត​សម្លាប់​មនុស្ស​នេះ បាន​កើតឡើង នៅ​ជាយក្រុង​​ភាគខាងត្បូង​ លីបង់។ ទីនោះ​សំបូរ​ដោយ​សកម្មជន​​ក្រុម​អេស្បូឡា កាន់សាសនា​អ៊ីស្លាម​និកាយ​ស៊ីអ៊ីតរស់នៅ។ ក្រុម​អេស្បូឡា​នេះ គឺ​ជា​ដៃគូ​​សំខាន់​របស់​​រដ្ឋាភិបាល​ប្រទេស​ស៊ីរី ក្នុង​ការ​កំចាត់​ក្រុម​ឧទ្ទាម។ កាលពី​សង្គ្រាម​រវាង​លីបង់ និង​អ៊ីស្រាអែល ក្នុងឆ្នាំ​២០០៦ ​ក្រុម​អេស្បូឡា​គឺ​ជា​ទ័ព​ប្រយុទ្ធ​ដ៏​មោះមុត​របស់​លីបង់ ហើយ​អ៊ីស្រាអែល​បាន​ចាញ់សង្គ្រាម​ឆ្នាំ​២០០៦។

ដោយសារ​មូលហេតុ​នេះ​ហើយ ទើប​​​ប្រធានាធិបតី​លីបង់ លោក មីសេល ស្លីម៉ាន បាន​ចោទ​ថា អ៊ីស្រាអែល​នៅពី​ក្រោយខ្នង អំពើភេរវកម្ម​នៅលីបង់​​ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​សងសឹក​ការចាញ់សង្គ្រាម​ឆ្នាំ​២០០៦។ រដ្ឋាភិបាល​លីបង់​ហាក់​មិន​រវល់​ដល់​​​ក្រុម​ភេរវជន​ Aïcha ដែល​បាន​ប្រកាស​ថា ខ្លួន​បាន​បង្ក​ភេរវកម្ម​​បំផ្ទុះ​រថយន្ត​នេះ​ឡើយ។ ក្រុម Aïcha ជា​ក្រុម​អ៊ីស្លាម​និកាយ​ស៊ុននីត គេ​មិន​ធ្លាប់​​​​ស្គាល់ក្រុម​នេះ​​ពី​មុន​មក​នោះទេ។ ក្រុម​អៃសា បានប្រកាស​ថា សកម្មជន​ខ្លួនសុទ្ធ​តែ​​ជា​ក្រុម​ឧទ្ទាម​ស៊ីរី។​

គួរ​រំលឹក​ថា លីបង់​​គឺ​​ជា​ប្រទេស​ជិតខាងរបស់​​ស៊ីរី។ ប្រទេស​នេះ​​បែងចែក​ចេញជាពីរបក្សពួក​ គឺ​​មានក្រុម​អេស្បូឡាកាន់សាសនា​អ៊ីស្លាម​និកាយ​ស៊ីអ៊ីត ជា​អ្នក​​ដឹកនាំ​​បណ្តា​ជន​គាំទ្រ​​ប្រធានាធិបតី​​ស៊ីរី និង​ក្រុមម្ខាងទៀត ជាក្រុម​បង្អាប់រដ្ឋាភិបាល​ស៊ីរី។ ការបែង​ចែកជាបក្ស​ពួក​នេះ បាន​បង្ក​អោយ​មាន​ភាព​តានតឹង​រវាង​បណ្តា​អ្នក​កាន់​សាសនា​អ៊ីស្លាម​និកាយ​ស៊ីអ៊ីត និងនិកាយ​ស៊ុននីត។

អង្គការ​សហប្រជាជាតិ​បាន​ថ្កោលទោស​អំពើ​ភេរវកម្ម​នៅថ្ងៃ​ព្រហស្បតិ៍​ ហើយ​បាន​អំពាវនាវ​អោយ​ប្រទេស​លីបង់​ចៀសវាង​ការលូកដៃ​ចូល​ក្នុង​វិបត្តិ​ជម្លោះ​នៅ​ស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ