អានតួអត្ថបទ
ម៉ិចស៊ិក-អ.ស.ប.

សន្និសីទ​អន្តរជាតិ​នៅ​កង់គូន​រក​ឃើញ​កិច្ចព្រមព្រៀង​ស្តី​អំពី​បញ្ហា​អាកាសធាតុ

នៅ​ទី​បំផុត ជិត​២០០ ប្រទេស ដែលបាន​ចូល​រួម​ក្នុង​សន្និសីទ​អង្គការ​សហប្រជាជាតិ ស្តីពី​អាកាស​ធាតុ​ ​នៅទីក្រុង​កង់គូន​ ប្រទេស​ម៉ិចស៊ិក ទើប​បាន​អនុម័ត​ លើ​កិច្ច​​ព្រមព្រៀង​​មួយ​ខ្សែ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការឡើង​កម្តៅ​នៃ​ភព​ផែនដី រួម​ទាំង​ការ​បង្កើត​មូលនិធិ​សម្រាប់​​ជួយ​ប្រទេស​ក្រីក្រផង។ កិច្ច​ព្រមព្រៀង​នេះ ​ជា​ការ​ផ្តល់​សន្ទុះ​​​ថ្មី​មួយ​ សម្រាប់​​ការ​ចរចា​​បន្តពី​​ពិធីសារ​​ក្យូតូ ដែល​ត្រូវ​លើក​ទៅ​ធ្វើ​នៅ​ពេល​ក្រោយ។

សកម្មជន​Greenpeace នាំ​គ្នា​ឈរ​ជា​​កង់ឡាននៅ​ឆ្នេរ កង់គូន
សកម្មជន​Greenpeace នាំ​គ្នា​ឈរ​ជា​​កង់ឡាននៅ​ឆ្នេរ កង់គូន REUTERS/Henry Romero
ផ្សាយពាណិជ្ជកម្ម
01:40

សេចក្តី​រាយការណ៍​របស់ អៀង សុខម៉ិញ

ប្រទេស​ចំនួន​ជិត​២០០ បាន​អនុម័ត​ទទួល​យក​កិច្ច​ព្រម​ព្រៀង ស្តីពី​​​យន្ត​ការ​មួយ​ចំនួន រួម​ទាំង​ការ​បង្កើត​ឲ្យ​មាន​មូលនិធិ​បៃតង សម្រាប់​ជួយ​ប្រទេស​ក្រីក្រ ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឡើង​​កម្តៅ​នៃ​ភព​ផែនដី។ លទ្ធផលជា​វិជ្ជមាន​​នៃ​សន្និសីទ​ក្រុង​កង់គូន​ ដែល​គេ​ពុំ​សូវ​រង់​ចាំ​ ជាមុន​​ និង​ដែល​បាន​ជួប​ភាព​ចម្រូង​ចម្រាស​យ៉ាង​ខ្លាំង រហូត​ពន្យារ​មួយ​ថ្ងៃ​បន្ថែម​ទៀត​​នេះ បាន​និង​កំពុង​ផ្តល់​ក្តី​សង្ឃឹម​ថ្មី និង​សន្ទុះ​ថ្មី ដល់​ដំណើរ​ការ​ចរចា​ស្តី​ពី​អាកាស​ធាតុ​។ ព្រោះការ​ខក​ចិត្ត​បាន​អង្រួន​ចិត្ត​ពិភពលោក​យ៉ាង​ខ្លាំង បន្ទាប់​ពី​​​​សន្និសីទ​ឆ្នាំ​​​មុន នៅ​ក្រុង​កូពេនហាក ប្រទេស​ដាណឺម៉ាក បិទ​បញ្ចប់​ដោយ​គ្មាន​លទ្ធផល​មក។

សម្រាប់​លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ម៉ិចស៊ិក ដែល​ជា​ប្រធាន​អង្គ​សន្និសីទលើក​នេះ កិច្ច​ព្រម​ព្រៀង​ក្រុង​កង់គូន​នេះ ជា​ការ​បើក​សករាជ​ថ្មី​​ឲ្យ​អន្តរជាតិ​​រួម​គ្នា​ធ្វើ​សហប្រតិបត្តិការ​ ​ប្រឆាំង​​ទប់​ទល់​នឹង​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ។ ប៉ុន្តែ​កិច្ច​ព្រមព្រៀង​នេះ បាន​ធ្វើ​ឡើងដោយ​គ្មាន​​ បូលីវី​។ ប្រទេស​តែ​មួយ​គត់​ដែល​ប្រឆាំង​នៅ​ក្នុង​អង្គ​សន្និសីទ។ ជា​ការ​ឆ្លើយ​តប​នឹង​បូលីវី លោកស្រី​រដ្ឋមន្ត្រី​ការបរទេស​ម៉ិចស៊ិក បាន​បញ្ជាក់​ថា ការយល់​ព្រម​ច្រើន​គ្នា (ច្បាប់​Consensus) ដែល​បូលីវី​លើក​យកមក​​សំអាង មិន​មែន​មាន​ន័យ​ថា “​យល់​ព្រម​ជា​ឯកច្ឆន្ទ”​ ហើយ​តំណាង​ប្រតិភូ​ម្នាក់​មិន​អាច​យក​ច្បាប់​វេតូ​មក​ប្រើ​ ដើម្បី​ប្រឆាំង​នឹង​ចេតនា​ និង​ការខិតខំ​ប្រឹង​ប្រែង​ ដែលសម្រេច​បាន​ហើយ​នោះ​ឡើយ។

កិច្ច​ព្រមព្រៀង​កង់គូន​នេះ ក៏​ជា​ការ​បើក​ចំហ​ទុក​ប្រធាន​បទ​​រសើបៗ​ទាំង​ឡាយ​ ទាក់ទង​នឹង​ការ​ចរចា​​​សំណុំ​រឿង​បន្ត​​ពី​ពិធីសារ​ក្រុងក្យូតូដែរ។ ពិធីសារ​ក្យូតូ ដែល​ចម្រូងចម្រាស​ខ្លាំង និង​ដែល​ត្រូវ​បាន​អង្គ​​សន្និសីទ​សម្រេច​លើក​​យក​ទៅ​ពិភាក្សា​ ​នៅពេលក្រោយ​ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ