អានតួអត្ថបទ
អង់គ្លេស-​អូឡាំពិក

អង់គ្លេស​អំពាវនាវ​ឱ្យ​ពិភពលោក​រួម​គ្នា​ប្រយុទ្ធ​នឹង​ភាព​អត់ឃ្លាន ក្នុង​ថ្ងៃ​បិទ​អូឡាំពិក

បន្ទាប់​ពី​មាន​ការ​ប្រកួត​ប្រជែង​គ្នា អស់​ពេល​ជាងពីរ​សប្តាហ៍​ កីឡា​អូឡាំពិក​ក្រុង​ឡុង​ដ៍​ នឹង​ត្រូវ​បិទ​បញ្ចប់​ នៅល្ងាច​ថ្ងៃ​អាទិត្យ​នេះ​ ជាមួយ​នឹង​ការ​ប្រកួត​រត់​ប្រណាំង​ Marathon បុរស និង​ការ​ប្រកួត​កីឡា​ជា​ក្រុម មាន​ជាអាទិ៍ ការ​ប្រកួត​កីឡា​បាល់​បោះ បាល់​អោប បាល់ទះ។ ពិធី​បិទ​កម្មវិធី នឹង​ប្រព្រឹត្ត​ទៅ​នៅ​វេលា​ម៉ោង ៨ យប់ ម៉ោង​នៅ​ប្រទេស​អង់គ្លេស ថ្ងៃទី​១២ សីហា ២០១២ ដោយ​មាន​ការ​បង្ហាញ​ម្ចាស់​ផ្ទះ​ថ្មី​ ដែល​ជា​អ្នក​រៀប​ចំ​កីឡា​អូឡាំពិក​ឆ្នាំ​២០១៦​ផង។

កីឡាអូឡាំពិក​នៅ​ក្រុង​ឡុងដ៍
កីឡាអូឡាំពិក​នៅ​ក្រុង​ឡុងដ៍ © reuters
ផ្សាយពាណិជ្ជកម្ម

តាម​ទម្លាប់​និង​ជា​ប្រពៃណី ​ថ្ងៃ​បិទ​ការ​ប្រកួត​កីឡាអូឡាំពិក ត្រូវ​ចាប់​ផ្តើម​ដោយ​ការ​រត់​ម៉ារ៉ាតុង កណ្តាល​ក្រុង។ ពិធី​បិទ​កម្មវិធី​ប្រកួត​កីឡា​អូឡាំពិក​ក្រុង​ឡុងដ៍​ឆ្នាំ​២០១២ គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​បី​ម៉ោង​ ដោយ​មាន​ការ​សម្តែង​សិល្បៈ​ តន្ត្រី​ និង​បាញ់​កាំជ្រួច ជាមួយ​នឹង​វត្តមាន​តារាល្បីៗ ប៉ុន្តែ​គ្មាន​វត្តមាន​​ព្រះ​មហាក្សត្រ​ អេលីហ្សាបែត​ទី​ពីរទេ។ បន្ទាប់​មក​ទើប​មាន​ការ​ដង្ហែ​ក្បួន​ក្រុម​កីឡាករ កីឡាការិនី អត្តពលកម្ម និង​ការ​បង្ហាញ​រូបភាព​កីឡាអូឡាំពិក​ឆ្នាំ​២០១៦ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្រុង រីយ៉ូ ឌឺ ហ្សានេរ៉ូ ប្រទេសប្រេស៊ីល។ រូបភាព​៨​នាទី​គត់ ដែល​នាយក​អង្គការ​អូឡាំពិក​ប្រេស៊ីល​ សន្យា​ថា​នឹង​មាន​ការ​បង្ហាញ​ដ៏​ភ្ញាក់​ផ្អើល​ និង​ទាក់ទាញ​បំផុត។

 
មុន​កម្មវិធី​បិទ​កីឡាអូឡាំពិក​ជា​ផ្លូវការ លោក​នាយក​រដ្ឋមន្ត្រី អង់គ្លេស David Cameron ត្រូវ​ធ្វើ​សន្និសីទ​កាសែត បង្ហាញ​អំពី​តុល្យាការ​នៃ​ការ​ប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ​២០១២​នេះ។ ការ​ប្រកួត​កីឡាអូឡាំពិក ដែល​បាន​តាម​ការ​ស្ទង់​មតិ ត្រូវ​បាន​ប្រជាជន​អង់គ្លេសជាង​ពាក់​កណ្តាល​​ស្វាគមន៍ និង​ចាត់​ទុក​ថា​បាន​នាំ​ផល​ចំណេញ​ដល់​ហិរញ្ញវត្ថុ​ជាតិ។

ឆ្លៀត​ក្នុង​ឱកាសនេះ ​​ដែលមាន​​តំណាង​ថ្នាក់ដឹកនាំ​បរទេស​ជា​ច្រើន​​​កំពុង​ស្ថិត​ក្នុង​ឡុងដ៍ លោក​នាយក​រដ្ឋមន្ត្រី​នឹង​ប្រកាស​អំពាវនាវ​ដល់​មហាអំណាច​ធំៗ​នៅ​លើ​ផែនដី ឱ្យ​បង្កើន​ការ​ខិត​ខំ​ប្រឹង​ប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​អត់​ឃ្លាន​នៅ​លើ​ពិភពលោក។ “ជំនួប​នៃ​ការ​អត់​ឃ្លាន” ត្រូវ​បាន​សហការ​រៀប​ចំ​ឡើងជាមួយ​នឹង​អនុ​ប្រធានាធិបតី​ប្រេស៊ីល ប្រទេស​អ្នកបន្ត​​ទទួល​រៀប​ចំ​កីឡាអូឡាំពិក​ឆ្នាំ​២០១៦ នៅ​ថ្ងៃ​នេះ។ កីឡាករ​ពិភពលោក​ល្បីៗ ឥស្សរជន​នយោបាយ និង​អង្គការ​អន្តរជាតិ​ទាំង​ឡាយ​ ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូល​រួម​ក្នុង​កម្មវិធី​នេះ។ លោក​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ចង់​រំលឹក​ពិភពលោក​ទាំងមូល​ថា ក្នុង​ពេល​គ្រប់​គ្នា​កំពុង​រីករាយ​នឹង​ការ​ប្រកួត​កីឡា​ដណ្តើម​មេដាយ​ មាន​កុមារ​ជាង​១៧១​លាន​នាក់​កំពុង​ខ្វះ​ចំណីអាហារ​បរិភោគ​ ដើម្បី​បាន​លូត​លាស់​ត្រឹម​ត្រូវ។ លោក​សង្ឃឹម​ថា​ បញ្ចេញ​សកម្មភាព​ថ្ងៃ​នេះ នឹង​​អាច​ជួយ​សង្គ្រោះ​កុមារ​បាន​២៥​លាន​នាក់​ឱ្យ​រួច​ផុត​ពី​គ្រោះ​ខ្វះ​អាហារ​ ក្នុងរយៈ​បួន​ឆ្នាំ​ខាង​មុខ ពោល​គឺ​មុន​ការប្រកួត​កីឡា​អូឡាពិក​លើក​ទី​៣១ នៅ​ប្រទេស​ប្រេស៊ីល៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ