អានតួអត្ថបទ
អាមេរិក-ហ្វីលីពីន

អាមេរិក​​ហាម​​ពលរដ្ឋ​​ខ្លួន​​មិនអោយ​​ធ្វើ​ដំណើរ​ទៅ​​​ភាគ​​ខាងត្បូង​​ហ្វីលីពីន​

នៅ​​ថ្ងៃ​សុក្រកន្លង​មក​ សហរដ្ឋអាមេរិក​បាន​​ហាម​ពលរដ្ឋ​របស់​ខ្លួន​ មិន​អោយ​ធ្វើ​​ដំណើរ​ទៅ​កាន់​​ក្រុង​ចំនួន​បី ស្ថិត​នៅ​ប្រជុំកោះ​មីនដាណាវ ភាគ​ខាងត្បូង​ប្រទេស​ហ្វីលីពីន ដើម្បី​​​សុវត្ថិភាព​សន្តិសុខ​ផ្ទាល់​ខ្លួន ចៀសផុត​ពី​​ជនឧក្រិដ្ឋជន​ និង​អំពើ​ភេរវកម្ម​ផ្សេងៗ​។ នា​ពេល​ប៉ុន្មាន​ថ្ងៃ​មុននេះ ប្រទេស​​​អូស្ត្រាលី និង​កាណាដា​​ក៏​ទើបតែ​បាន​ហាម​ឃាត់​ប្រជាពលរដ្ឋ​ខ្លួន​មិន​អោយធ្វើដំណើរ​​ទៅកាន់​តំបន់​នោះ​ផងដែរ។ អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​​នៅ​ហ្វីលីពីន​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​​ការ​គំរាម​កំហែង​​​មកលើ​ជនជាតិ​អាមេរិកាំង​ឡើយ។

ផែនទី​ប្រជុំកោះ Mindanao នៅ​ Philippines
ផែនទី​ប្រជុំកោះ Mindanao នៅ​ Philippines Diplomatie.gouv.fr
ផ្សាយពាណិជ្ជកម្ម

ស្ថានទូត​អាមេរិក​នៅ​ក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន​បាន​ចេញ​សារ​សន្តិសុខ​នេះ​​​ កាល​ពី​ថ្ងៃ​សុក្រ​កន្លងទៅ​ ហាម​ប្រាម​បុគ្គលិក​ការទូត​របស់​ខ្លួន​មិន​អោយ​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​ចំនួន​បី​ នៅ​ភាគ​ខាងត្បូង​​​កោះ​មីនដាណាវ។ សារនេះ​ក៏​បាន​ទូន្មាន​ពលរដ្ឋអាមេរិក​ដែល​ចង់​ធ្វើ​ដំណើរ​ទៅ​ប្រជុំកោះ​ស៊ូលូ អោយ​លើក​ពេលវេលា​​ធ្វើដំណើរ​​​ទៅ​ថ្ងៃ​ក្រោយវិញ ប្រសិន​គ្មានភាព​ចាំបាច់។ នៅ​ភាគ​ខាងត្បូង​ហ្វីលីពីន ជួរ​ប្រជុំកោះ​ស៊ូលូ​​​​​​​​បន្តរហូត​ដល់​​ប្រជុំកោះ​មីនដាណាវ​​ គឺ​ជា​​កន្លែង​ដែល​ក្រុម​ភេរវជន​​អាល់កៃដាធ្វើសកម្មភាព​យ៉ាងសកម្ម។

ប៉ូលិស​ហ្វីលីពីន​ ​នៅ​មិន​ទាន់​អាច​ដឹង​​​បាន​នៅឡើយ​ទេ ពី​​ការ​គំរាមកំហែង​​​ជាក់លាក់​ណាមួយ​​មក​លើ​ពលរដ្ឋ​អាមេរិកាំង​។ ការ​ហាមប្រាមរបស់​អាមេរិក​​គឺ​ធ្វើឡើង​​ដូចគ្នា​ទៅ​នឹង​​ប្រទេស​​អូស្ត្រាលី​និង​កាណាដាដែរ។ កាលពី​ថ្ងៃ​ពុធ​កន្លងទៅ ប្រទេស​ទាំងពីរ​នេះ​​​ទើបតែ​​បាន​ទូន្មាន​ពលរដ្ឋ​ខ្លួន​​មិន​អោយ​ធ្វើដំណើរ​ទៅកាន់​​ក្រុងទាំងបី​ដែល​អាមេរិក​បាន​ហាមប្រាម​នេះ ព្រមទាំង​ក្រុង​​ Davao ក្រុង​Cotabato ​និង ក្រុង​Zamboanga ស្ថិត​នៅ​តំបន់​ភាគខាងត្បូង​ហ្វីលីពីន​ផងដែរ។ ​ទីកន្លែង​អស់​នេះ​​ជា​តំបន់​រង​នូវ​ការ​គំរាម​កំហែង​​​អំពើ​ភេរវកម្ម និង​កា​រចាប់​ជំរិត​ផ្សេងៗ។

គួររំលឹក​ថា​ ប្រជុំកោះ​មីនដាណាវ​គឺ​ជា​ជំរក​នៃ​ក្រុម​ប្រដាប់​អាវុធ​គ្រប់ប្រភេទ​ មាន​ដូច​ជា​​ពួក​ឧទ្ទាម​​កុំម្មុយនិស្ត​ ចោរប្លន់ រួមទាំង​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​អាប៊ូសាយ៉ាហ្វ​ផងដែរ។ ជាងមួយ​ទស្សវត្សរ​មក​នេះ កងទ័ព​អាមេរិក​បាន​ជួយ​បង្វឹក​​កងទ័ព​ហ្វីលីពីន​​ក្នុង​យុទ្ធនាការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ឧទ្ទាម​អាប៊ូសាយ៉ាហ្វ​ដែល​រដ្ឋាភិបាល​អាមេរិក​ចាត់ទុក​ថា​ជា​ក្រុមភេរវជន​បរទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ