អានតួអត្ថបទ
កូរ៉េ

កូរ៉េ​ខាងជើង​អះអាង​ថា​គ្មាន​រៀបចំ​សាកល្បង​នុយក្លេអ៊ែរ

កូរ៉េខាងជើង​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​​ នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ទី ៩​មិថុនា ម្សិលមិញ មាន​លក្ខណៈ​ទន់ភ្លន់​ជាង​សព្វមួយ​ដង បញ្ជាក់​អំពី​ជំហរ​របស់​ខ្លួន​ក្នុង​សំណុំ​រឿង​នុយក្លេអ៊ែរ​ ដោយ​អះអាង​ថា មិន​បាន​ត្រៀម​រៀប​ចំបាញ់​សាក​ល្បង​​នុយក្លេអ៊ែរទេ “នាពេលនេះ”។ ដំណឹង​លេច​ឮ​ទាំង​អម្បាលម៉ាន​ ជា​ការ​ញុះញង់​របស់កូរ៉េខាង​ត្បូង​ ដែល​រីករាយ​នឹង​ឃើញ​សហគមន៍​អន្តរជាតិ​​ដាក់ទណ្ឌកម្ម​កូរ៉េខាង​ជើង។

តំណាង​រាស្រ្ត​កូរ៉េ​ខាង​ត្បូង​បង្ហោះ​ខិត្តប័ណ្ណ​ប្រឆាំង​របប​ដឹកនាំ​កូរ៉េ​ខាង​ជើង​
តំណាង​រាស្រ្ត​កូរ៉េ​ខាង​ត្បូង​បង្ហោះ​ខិត្តប័ណ្ណ​ប្រឆាំង​របប​ដឹកនាំ​កូរ៉េ​ខាង​ជើង​ ©Reuters
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​កូរ៉េខាងត្បូង​​បាន​​ធ្វើ​គ្រប់​យ៉ាង ដើម្បី​​រុញ​ច្រាន​​ស្ថានការណ៍​​ក្នុង​​ឧបទ្វីប​កូរ៉េ​ឱ្យ​ធ្លាក់​ដុនដាប ! តាម​រយៈ​ការ​ប្រឌិត​ព័ត៌មាន បង្កហេតុ​ឥត​ដាច់​ប្រឆាំង​នឹង​កូរ៉េខាង​ជើង ! ​​ ​នេះ​បើ​យោង​តាម​សារព័ត៌មាន​ផ្លូវការ​កូរ៉េខាង​ជើង KCNA ដែល​បាន​ស្រង់​សេចក្តី​ថ្លែងការណ៍​​របស់​អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​​កូរ៉េខាង​ជើង យក​មកចុះ​ផ្សាយ។

 
ជា​មួយ​នឹង​ទង្វើ​បង្ក​ហេតុ​ដូច្នេះ ក្រុមមេ​ដឹកនាំ​កូរ៉េខាង​ត្បូង​សង្ឃឹម​ថា​នឹង​ឃើញ​កូរ៉េខាង​ជើង​ខឹង​ច្រឡោត​ទៅ​ធ្វើ​ការ​បាញ់​សាក​ល្បង​នុយក្លេអ៊ែរ ដែល​​ព្យុងយ៉ាង​គ្មាន​គម្រោង​សោះ​នៅ​ “ពេល​បច្ចុប្បន្ន​នេះ”។ នេះ​ជា​ការ​អះអាង​បន្ថែម​របស់​អ្នក​នាំពាក្យដដែល។

កាលពី​ថ្ងៃទី ១៣​មេសា ២០១២ កូរ៉េខាង​ជើង​បាន​បាញ់​បង្ហោះ​កាំជ្រួច​​ទៅ​កាន់​អវកាស ប៉ុន្តែ​ត្រូវ​បរាជ័យ​ផ្ទុះ​ឆេះ​​ពេល​ហោះ​ចេញ​បាន​ប្រមាណ​តែ​មួយ​ឬ​ពីរ​នាទី ជា​ហេតុ​ធ្វើ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ពង្រឹង​ទណ្ឌកម្ម​ដែល​ធ្លាប់​ដាក់​ប្រឆាំង​ព្យុងយ៉ាង កាលពី​ឆ្នាំ​២០០៦ និង​២០០៩។ សហរដ្ឋ​អាមេរិក​ និង​សម្ព័ន្ធមិត្ត​​រឹត​តែ​សង្ស័យ​ខ្លាំងទៀត​ថា កូរ៉េខាង​ជើង​​អាច​នឹង​​​​ធ្វើ​ការ​បាញ់​សាកល្បងនុយក្លេអ៊ែរ​ជា​លើក​ទីបី។

សេចក្តី​ថ្លែងការណ៍​​លើក​​​នេះ បាន​ឆ្លៀត​​វិល​ទៅ​ចោទ​ប្រកាន់​ដោយ​ត្រង់ៗ រដ្ឋាភិបាល​កូរ៉េខាង​ត្បូង​របស់​លោក លី ម្យ៉ុងបាក់ ថា​ជា​អ្នក​បង្ក​រឿង ជា​អ្នក​​ជំរុញ​ឱ្យ កូរ៉េខាង​ជើង​ ​​បាញ់​ផ្លោង​ទៅ​កោះ​កូរ៉េខាង​ត្បូង​​ កាលពី​ឆ្នាំ​២០១០។ មើល​ទៅហាក់​ដូច​ជា​កូរ៉េខាង​ជើង​​កាច​សាហាវ​ចូល​ចិត្ត​សង្គ្រាម សម្ពាធ​ក៏​ឡើង​តាន​តឹង​ ហើយ​នាំ​គ្នា​អនុម័ត​ទណ្ឌកម្ម​ប្រឆាំង​នឹង​ព្យុងយ៉ាងភ្លាម។ នេះ​ហើយ​ជា​ការ​រង់​ចាំ​របស់​កូរ៉េខាង​ត្បូង ប៉ុន្តែ​ ​ពេល​នេះ ​សហគមន៍​អន្តរជាតិ​ទាំង​មូល​ប្រាថ្នា​ចង់​ឃើញ​​រដ្ឋាភិបាល​លោក​ លីម្ញ៉ុងបាក់​ ចាក​ចេញ​ពី​តំណែង​ ក្នុងពេល​ឆាប់ៗ​ខាង​មុខ​នេះ តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ នេះ​ជា​ការ​គូស​បញ្ជាក់​​របស់​ក្រសួង​ការបរទេស​កូរ៉េខាង​ជើង​ក្នុង​សេចក្តី​ថ្លែងការណ៍ម្សិលមិញដដែល។

ប៉ុន្តែ​សូម​បញ្ជាក់​ថា នេះ​មិន​មែន​ជា​លើកទីមួយ​ទេ ដែល​កូរ៉េខាង​ជើង​រិះគន់​ និង​ចោទ​ប្រកាន់​កូរ៉េខាង​ត្បូង​។ កាលពី​ដើម​សប្តាហ៍​ព្យុង​យ៉ាង​បាន​ថែម​ទាំង​គំរាម​វាយ​ប្រហារ​បំផ្ទុះ​ការិយាល័យ​ព័ត៌មាន​នៅ​ទីក្រុង​សេអ៊ូល ក្រោម​ហេតុ​ផល​និយាយ​ប៉ះពាល់​រិះគន់​កូរ៉េខាង​ជើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ