អានតួអត្ថបទ
កម្ពុជា-ថៃ

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​៖​ ពាក្យបណ្តឹង​រឿង​ព្រំដែន​ប្រាសាទ​ព្រះវិហារ​ នៅក្នុង​ដៃ​តុលាការ​ឡាអេ​

លោក កុយ គួង អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា បាន​បញ្ជាក់​ជំហរ​យ៉ាង​ច្បាស់​ជា​ថ្មី​ទៀត របស់​រដ្ឋាភិបាល​ថា កម្ពុជា​មិន​អាច​ដក​ពាក្យ​បណ្តឹង ក្នុង​សំណុំ​រឿង​ក្តី​ព្រំដែន​ប្រាសាទ​ព្រះវិហារ នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ទីក្រុង​ឡាអេ ICJ បាន​ឡើយ។ សំណុំ​រឿង​ក្តី​នោះ ស្ថិត​ក្នុង​ដៃ​តុលាការ​ឡាអេ ដែល​គ្រោង​នឹង​បើក​សវនាកា លើ​ពាក្យ​បណ្តឹង​របស់​កម្ពុជា ដើម្បី​បកស្រាយ​សាលក្រម ឆ្នាំ​១៩៦២ ស្តីពី​បញ្ហា​ព្រំដែន​ប្រាសាទ​ព្រះវិហារ នៅ​ពាក់​កណ្តាល​ខែ​មេសា​ខាង​មុខ។​

ពាក្យបណ្តឹង​រឿង​ព្រំដែន​ប្រាសាទ​ព្រះវិហារ​ នៅក្នុង​ដៃ​តុលាការ​ឡាអេ
ពាក្យបណ្តឹង​រឿង​ព្រំដែន​ប្រាសាទ​ព្រះវិហារ​ នៅក្នុង​ដៃ​តុលាការ​ឡាអេ ©AFP
ផ្សាយពាណិជ្ជកម្ម

សេចក្តីប្រកាស​របស់​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស នៅ​ថ្ងៃ​នេះ បាន​ធ្វើ​ឡើង ជា​ការ​ឆ្លើយ​តប​នឹង​សំណួរ​អ្នក​កាសែត ដែល​បាន​លើក​ឡើង​ថា អ្នក​នយោបាយ​នៅ​ប្រទេស​ថៃ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​របស់​លោកស្រី យ៉ីងឡាក់ មក​ចរចា​ជាមួយ​នឹង​រដ្ឋាភិបាល​លោក ហ៊ុន សែន ដើម្បី​ឲ្យ​កម្ពុជា​ដក​ពាក្យ​បណ្តឹងនៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ ហើយ​រួម​គ្នា​អភិវឌ្ឍ​លើ​ដី​ទំហំ ៤,៦ គីឡូម៉ែត្រ​ក្រឡា នៅ​ជាប់​ព្រំដែន​ប្រាសាទ​ព្រះវិហារ។

ក៏​ប៉ុន្តែ​ចំពោះ​ការ​លើក​ឡើង​ដូច្នេះ ត្រូវ​បាន​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស លោក កុយ គួង បាន​បញ្ជាក់​ទៅ​កាន់​អ្នក​កាសែត នៅ​ព្រឹក​ថ្ងៃទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ថា "​កន្លង​មក យើង​ឃើញ​មន្ត្រី​រដ្ឋាភិបាល​យើងបាន​ឆ្លើយ​តប​រួច​ហើយ។ ដូច្នេះ​ហើយ ​ចម្លើយ​យើង​គឺ​​មិន​ខុស​គ្នា​ទេ។ ឥឡូវ​នេះ ដំណាក់​កាល​នេះ បណ្តឹង​នេះ មិន​មែន​ទើប​នឹង​ដាក់​ថ្មីៗ​ទេ គឺ​បាន​ដាក់​យូរ​ហើយ ហើយ​តុលាការ​បាន​ចាត់​ចែង​សំណើ​ទី​១​របស់​កម្ពុជា​មួយ​ផ្នែក នៃ​សំណើ​សុំ​ចាត់វិធានការ​បន្ទាន់​នោះ។ តុលាការ​បាន​ចេញ​ដីកា​បង្គាប់​រួច​ហើយ ក្នុង​ឆ្នាំ​២០១១​កន្លង​មក ហើយ​ឥឡូវណឹង រឿង​អស់​ណឹង​ កំពុង​ស្ថិត​​ជាប់​ក្នុង​ដៃ នីតិ​វិធី​របស់​តុលាការ​ក្រុង​ឡាអេ​នឹង​ទៀត​"។​

លោក កុយ គួង បាន​បញ្ជាក់​ថា "​គ្រប់​ភាគី​ទាំងអស់​គួរ​តែ​រក្សា​ភាព​ស្ងប់ស្ងាត់ ហើយ​និង​រង់​ចាំ​មើល​ដំណើរការ​នោះ​ទៅ ព្រោះ​សម្តេច​តេជោ លោក​បាន​បញ្ជាក់​ហើយ​ថា មាន​តែ​ដំណោះ​ស្រាយ​ផ្លូវ​នុង​​ទេ (តុលាការ​ឡាអេ) ដែល​ជា​ដំណោះ​ស្រាយ​បញ្ចប់ មិន​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​អាវុធ ជម្លោះ​អី​ត​ទៅ​ទៀត នៅ​ក្នុង​តំបន់​នោះ​"។​

លោក កុយ គួង ក៏​បាន​បញ្ជាក់​ថា មក​ពេល​នេះ ស្ថានភាព​ព្រំដែន​កម្ពុជា​និង​ថៃ ពិសេស​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ គឺ​មាន​សភាព​ស្ងប់ស្ងាត់​ល្អ​ទេ។ ក្នុង​នោះ កងទ័ព​កម្ពុជា​និង​កងទ័ព​ថៃ ក៏​បាន​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ដែរ នៅ​ពេល​នេះ។​

កាល​ពី​ខែ​មេសា ឆ្នាំ​២០១១ កម្ពុជា បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ទីក្រុង​ឡាអេ ដើម្បី​ការពារ​ប្រាសាទ​ព្រះវិហារ ក្រោយ​ពី​កងទ័ព​ថៃ​បើក​ការ​វាយ​ប្រហារ​ជា​ច្រើន​លើក ចាប់​តាំង​ពី​ថ្ងៃ​ទី​១៥​ កក្កដា ឆ្នាំ​២០០៨។

នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១១ តុលាការ​ឡាអេ បាន​ចេញ​ដីកា​បន្ទាន់​មួយ តម្រូវ​ឲ្យ​កម្ពុជា និង​ថៃ ដក​កងទ័ព​ចេញពី​តំបន់​គ្មាន​កងទ័ព​បណ្តោះអាសន្ន ទំហំ​ជាង ១៧ គីឡូម៉ែត្រ​ក្រឡា នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ។ មួយ​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ថ្ងៃទី​១៨ ខែ​កក្កដា ឆ្នាំ​២០១២ ទើប​កម្ពុជា និង​ថៃ ដកកងទ័ព​រៀងៗ​ខ្លួន​ចេញពី​តំបន់ A, B, C និង D ដែល​ជា​តំបន់​គ្មាន​កងទ័ព​បណ្តោះអាសន្ន។ រី​ឯ​សំណុំរឿង​បកស្រាយ​សាលក្រម​ឆ្នាំ ១៩៦២ ស្តី​ពី​ព្រំដែន​ប្រាសាទ​ព្រះវិហារ នឹង​ត្រូវ​តុលាការ​ឡាអេ​លើក​យក​មក​ជំនុំ​ជម្រះ ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៣៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ