អានតួអត្ថបទ
ចិន

ការនាំចេញ​បន្ថយ​ល្បឿន តែ​សល់​ផល​ពាណិជ្ជកម្ម​ចិន​កើន​ឡើង​ខ្លាំង

សល់ផល​ពាណិជ្ជកម្ម​ របស់​ចិន ក្នុង​ខែ​មេសា ឆ្នាំ​២០១២នេះ​ បាន​កើន​ឡើង​ខ្លាំង​ហួស​ពី​ការ​គ្រោង​ទុក ពោល​គឺ​ប្រមាណ​ ១៨៤២០​​លាន​ដុល្លារ​អាមេរិក ! សល់​ផល​ពាណិជ្ជកម្ម​ ​ ស្ទុះ​ឡើង​ខ្លាំង​មែន ប៉ុន្តែ​សកម្មភាព​ផ្តោះប្តូរ​ពាណិជ្ជកម្ម​បាន​បន្ថយ​ល្បឿន​បន្តិច ៖ ការ​នាំ​ចូល​តិច​តួច ឯការ​នាំ​ចេញ​មានកំណើន​ត្រឹម​តែ​៤,៩%​ប៉ុណ្ណោះ។ នេះ​បើ​តាម​តួលេខ​ផ្តល់​ដោយ​សាខាពន្ធដា​រ​ចិន​ ក្នុង​ថ្ងៃ​ព្រហស្បតិ៍​ទី ១០ ឧសភា​២០១២​នេះ។

វិបត្តិ​បំណុល​នៅ​អឺរ៉ុប​បាន​ធ្វើ​ឲ្យ​ការនាំចេញ​ទំនិញ​ចិន​មាន​ការ​ធ្លាក់ចុះ (រូបថត​កំពង់ផែ​សៀងហៃ)
វិបត្តិ​បំណុល​នៅ​អឺរ៉ុប​បាន​ធ្វើ​ឲ្យ​ការនាំចេញ​ទំនិញ​ចិន​មាន​ការ​ធ្លាក់ចុះ (រូបថត​កំពង់ផែ​សៀងហៃ) REUTERS/Aly Song
ផ្សាយពាណិជ្ជកម្ម

 

កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០១២ ចិន​បាន​ស្គាល់​ឱនភាព​ពាណិជ្ជកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ ជា​លើក​មួយ ក្នុង​​ពេល​ជាង​មួយ​ទសវត្ស​ចុង​ក្រោយ​នេះ ប៉ុន្តែនៅ​ខែមេសា​នេះ​​ សល់​ផល​ពាណិជ្ជកម្ម​​ចិន​បាន​កើន​ឡើង​យ៉ាង​ខ្លាំង ដល់​ទៅ ជាង​១៨​ពាន់​លានដុល្លារអាមេរិក ខ្លាំង​ជា​ការ​គ្រោង​ទុក និងច្រើន​ជាង​​​ខែ​មីនា ដែល​មាន​ត្រឹម​៥៣៥០​លាន​ដុល្លារ។ ចិន​ ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ​មួយ នៅ​លើ​ពិភពលោក​ ​ខាង​នាំ​ចេញ​ ​ បាន​កត់​ត្រា​សល់​ផល​ពាណិជ្ជកម្ម​ដល់​ទៅ​ ១៩៣០០​លាន​ដុល្លារ​អាមេរិក ក្នុង​រយៈ​ពេល​បួន​ខែ​ដំបូង​ឆ្នាំ​នេះ។

ប៉ុន្តែ​បើ​វិភាគ​លម្អិត​ទៅ គេ​សង្កេត​ឃើញ​ថា​ ទោះ​បី​ជា​ចិន​មាន​សល់ផល​ពាណិជ្ជកម្ម​ខ្លាំង​យ៉ាង​ដូច្នេះ​ក៏​ដោយ​ ក៏​ការ​នាំ​ចេញ​ពេល​នេះ​ មាន​កំណើន​តិច​ជាង​កាលពី​ខែ​មុន (៤,៩% ក្នុង​មួយ​ឆ្នាំ)​។ ម្យ៉ាង​វិញ​ទៀត ការ​នាំ​ចូល​មាន​សកម្មភាព​ខ្យោយ​​បំផុត គឺ​ប្រមាណ​តែ​០,៣%​ប៉ុណ្ណោះ។ កំណើន​នៃ​ការ ​​“នាំ​ចូល” ទាប ដែល​សបញ្ជាក់​​ឱ្យ​ឃើញ​ថា​តម្រូវការ​ក្នុង​ស្រុក​ក៏​ទាប និង​នៅ​ទន់​ខ្សោយនេះ វា​ផ្ទុយស្រឡះ​ពី​នយោបាយ​របស់​រដ្ឋាភិបាល​​ក្រុង​ប៉េកាំង​​​ ដែល​ប្រាថ្នា​ចង់​ផ្តល់​សន្ទុះ​ដល់​តម្រូវការ និង​ការ​ចាយ​វាយ​ក្នុងស្រុក​ ដើម្បី​ដើរ​តួ​ជា​អ្នក​អូសទាញ​កំណើន​សេដ្ឋកិច្ច​ជាតិ​។

សូម​បញ្ជាក់​ថា រហូត​មក​ទល់​ពេលនេះ​​​កំណើន​សេដ្ឋកិច្ច​ចិន​ពឹង​ផ្អែក​ជា​​សំខាន់​ទៅ​លើ​វិនិយោគ និង​ការ​នាំ​ចេញ​។ ដូច្នេះ​បើ​ការ​នាំ​ចេញ​ទន់​ខ្សោយ កំណើន​​សេដ្ឋកិច្ច​ជាតិ​ក៏ទន់​ខ្សោយ​ទៅ​តាម​នោះ​ដែរ។ ​​ពេល​នេះ ការ​នាំ​ចេញ​របស់​ចិន​​កំពុង​បន្ត​ស្គាល់​កំណើន​តិច​តួច ព្រោះ​អឺរ៉ុប​​អ្នក​នាំ​ចូល​ផលិត​ផល​ចិន​ដំបូង​គេ​ កំពុង​ត្រាំ​ត្រែង​នឹង​វិបត្តិ​ប្រាក់​បំណុល​ ចំណែក​សហរដ្ឋ​អាមេរិក​ទើប​តែ​ផ្តើម​មាន​កំណើន​សេដ្ឋកិច្ច​ឡើង​វិញ​​ យ៉ាង​ត្រដាប​ត្រដួស​នៅ​ឡើយ។ ជាសរុប​កំណើន​សេដ្ឋកិច្ច​ចិន​ត្រី​មាស​ដំបូងឆ្នាំ​​នេះ មាន​ត្រឹម​តែ​៨,១%ប៉ុណ្ណោះ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ