អានតួអត្ថបទ
អាមេរិក​

FBI ផ្តល់​យោបល់​​មិនអោយ​​​ប្តឹងផ្តល់​​លោកស្រី​គ្លីនតុន​ក្នុង​រឿងអាស្រូវ​អ៊ីមែល​

ទីភ្នាក់ងារ​ ​FBI បាន​បិទបញ្ចប់​ការ​ស៊ើបអង្កេត​លើ​ករណី​លោកស្រី​គ្លីនតុន​ប្រើ​អ៊ីមែល​ផ្ទាល់ខ្លួន ក្នុង​កិច្ចការ​ជាតិ​​កាលពី​​​ពេល​​លោកស្រី​​កាន់​តំណែង​ជា​រដ្ឋមន្រ្តី​ការបរទេស។ ថ្ងៃអង្គារ​ម្សិលមិញ​FBI បាន​ផ្តល់​យោបល់​ថា​ លោកស្រី​មាន​ការធ្វេសប្រហែសប៉ុន្តែ ​មិន​ចាំបាច់​​​​​មាន​ការប្តឹងផ្តល់​លោកស្រី​ទៅ​តុលាការ​ទេ។

លោកស្រី Hillary Clinton
លោកស្រី Hillary Clinton REUTERS
ផ្សាយពាណិជ្ជកម្ម

ពេលនេះ លោកស្រី​ហ៊ីលឡារី គ្លីនតុន អាចធូរស្រាល​ចិត្ត​វិញហើយ សម្រាប់​យុទ្ធនការ​ឃោសនា​​បោះឆ្នោត​ប្រធានាធិបតីអាមេរិក ដោយគ្មាន​ការ​​ប្រលាក់​ប្រលូស​នឹងការ​ចោទ​ប្រកាន់​​​ផ្លូវច្បាប់។ លោកស្រី​គ្លីនតុន​​ជា​​បេក្ខនារី​​បក្ស​ប្រជាធិបតេយ្យ​​ សម្រាប់​​ការបោះឆ្នោត​​ប្រធានាធិបតី ខែវិច្ឆិកា​ឆ្នាំ២០១៦នេះ។ ​

ថ្ងៃ​អង្គារ​ម្សិលមិញ ទីភ្នាក់ងារ​ស៊ើបអង្កេត​ FBI បាន​​ផ្តល់​អនុសាសន៍​កុំអោយ​មាន​ការប្តឹងផ្តល់​លោកស្រី​ ទៅតុលាការទាក់ទង​រឿងអាស្រូវ​ប្រើប្រាស់​អ៊ីមេល​ផ្ទាល់ខ្លួន ក្នុង​ពេល​លោកស្រី​នៅជា​រដ្ឋមន្ត្រី​ការបរទេស​​អាមេរិក ពី​ឆ្នាំ​២០០៩ដល់ឆ្នាំ២០១៣។

FBI បាន​សួរចម្លើយ​លោកស្រី​គ្លីនតុន​ ៣ម៉ោងកន្លះ កាលពី​ចុងសប្តាហ៍​កន្លងទៅ ជុំវិញ​រឿងអាស្រូវ​អ៊ីមែលនេះ។ ប្រធាន​​FBIលោក ចេម ខូមៃ បាន​បន្ទោស​ថា លោកស្រី​គ្លីនតុន​​​ខ្ជីខ្ជា​ហួសហេតុណាស់។ ការ​ដែល​លោកស្រី​ប្រើអ៊ីមែល​ផ្ទាល់ខ្លួន ក្នុង​កិច្ចការជាតិ​ដូច្នេះ វា​ជា​ការធ្វេសប្រហែស​ អាច​អោយ​គេ​លួច​ចូល​មើល​ព័ត៌មាន​សំងាត់​របស់​រដ្ឋាភិបាល​អាមេរិក​បាន។​​ ម្សិលមិញ​នេះ ប្រធាន​​FBIប្រាប់ថា អ៊ីមែល​ចំនួន​១១០​របស់​លោកស្រី​គ្លីនតុ​ន មាន​ផ្ទុក​នូវ​ព័ត៌មាន​សំងាត់​របស់​រដ្ឋាភិបាល។

ក្រោយ​ការ​ប្រកាស​របស់​​FBI លោក​ដូណាល់ ត្រុំ​បាន​ប្រតិកម្មថា ​លោកស្រីគ្លីនតុនជា​មនុស្ស​​ភូតកុហក។ លោកត្រុំគិត​ថា គេបានជួយសម្រួល​​អោយ​លោកស្រី​រួចការចោទប្រកាន់។

បក្ស​សាធារណរដ្ឋ​និង​​អ្នកបោះឆ្នោត​អាមេរិក​​ខ្លះ​​​យល់ថា​ លោកស្រីគ្លីនតុន​​គ្មាន​ភាព​ស្មោះត្រង់ទេ។​ បក្ស​ប្រឆាំង​​សាធារណរដ្ឋ​បន្ទោស​ដូច្នេះទៀត ដោយសារ​តែ​ ​កាលពីសប្តាហ៍​មុន អតីត​ប្រធានាធិបតី​ប៊ីល គ្លីនតុន ជា​ស្វាមី​របស់​លោកស្រីគ្លីនតុន​ បាន​ជួបជាមួយ​លោកស្រី ឡូរែតតា លីនឆឺ ជា​រដ្ឋមន្ត្រី​យុត្តិធម៌​។ គេអាច​គិតថា លោក​គ្លីនតុន​បាន​សុំអោយ​រដ្ឋមន្ត្រី​យុត្តិធម៌​ជួយអោយ​លោកស្រីគ្លីនតុន អោយ​រួច​ផុត​ពី​ផ្លវ​ច្បាប់។ ប៉ុន្តែ រដ្ឋមន្ត្រី​យុត្តិធម៌ប្រាប់ថា ជា​ជំនួប​ផ្ទាល់ខ្លួន មិន​ទាក៉ទង​​នឹងសំណុំរឿង​លោកស្រី​គ្លីនតុន​ទេ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ