អានតួអត្ថបទ
អាមេរិក

អាមេរិក៖​FIB បាន​សួរនាំ​លោកស្រី​គ្លីនតុន​ទាក់ទង​នឹង​រឿងអាស្រូវ​ជុំវិញ​អ៊ីមែល​របស់​លោកស្រី

នៅ​ថ្ងៃ​សៅរ៍ ទី២ កក្កដា លោកស្រី​ហ៊ីឡារី គ្លីនតុន អតីត​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក និង​ជា​បេក្ខនារីប្រធានាធិបតី​តំណាង​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​បាន​ចូល​ខ្លួន​ដោយ​ស្ម័គ្រចិត្ត​ទៅ​ឆ្លើយ​នឹង​សំណួរ​របស់​ក្រុមអ្នកស៊ើបអង្កេត FBI ទាក់ទង​នឹង​រឿងអាស្រូវ​នៃ​ការ​ប្រើប្រាស់​អ៊ីមែលផ្ទាល់ខ្លួន​ដើម្បី​ឆ្លើយឆ្លង និង​ដោះដូរ​ព័ត៌មាន​ផ្លូវការ​ក្នុង​ពេល​ដែល​លោកស្រី​មាន​តួនាទី​ជា​ប្រមុខ​ការទូត។

លោកស្រី​ហ៊ីឡារី គ្លីនតុន អតីត​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក និង​ជា​បេក្ខនារី​ប្រធានាធិបតី​តំណាង​ឲ្យ​គណបក្សប្រជាធិបតេយ្យ
លោកស្រី​ហ៊ីឡារី គ្លីនតុន អតីត​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក និង​ជា​បេក្ខនារី​ប្រធានាធិបតី​តំណាង​ឲ្យ​គណបក្សប្រជាធិបតេយ្យ EUTERS/Rick Wilking
ផ្សាយពាណិជ្ជកម្ម

ការ​ដែល​លោកស្រី​គ្លីនតុន​បាន​ស្ម័គ្រចិត្ត​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​ក្រុមអ្នកស៊ើបអង្កេត​របស់ FBI ពេល​នេះ ក៏​ដោយសារ​តែ​លោកស្រី​ចង់​បិទបញ្ចប់​សំណុំរឿង​អ៊ីមែល​ដ៏​ចម្រូងចម្រាស​មួយ​នេះ​ឲ្យ​បាន​ឆាប់​រហ័ស។ ក្រុម​អ្នកស៊ើបអង្កេត​របស់ FBI បាន​ចោទ​សួរ​លោកស្រី​គី្លនទុន​រយៈពេល ៣ម៉ោង​កន្លះ​ដើម្បី​ចង់​ដឹង​ថា ហេតុអ្វី​បាន​ជា​លោកស្រី​បាន​ប្រើ​អ៊ីមែល​ផ្ទាល់ខ្លួន​ដើម្បី​ឆ្លើយឆ្លង និង​ដោះដូរ​ព័ត៌មាន​ផ្លូវការ​ក្នុង​ពេល​ដែល​លោកស្រី​កំពុង​មាន​តួនាទី​ជា​ប្រមុខ​ការទូត ពោល​ម៉េច​មិន​ប្រើ​អ៊ីមែលផ្លូវការ​ទៅ។

គេ​ត្រូវ​រង់ចាំ​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​ទើប​ក្រសួង​យុត្តិធម៌​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​លទ្ធផល​នៃ​ការ​សួរ​ចម្លើយ​របស់ FIB និង​សេចក្តីសន្និដ្ឋាន​ចុង​ក្រោយ​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់ ឬ​មិន​ចោទ​ប្រកាន់​ចំពោះ​លោកស្រី​គ្លីនតុន។ តែ​បើ​តាម​មើល​ទៅ អតីត​រដ្ឋមន្រ្តី​ការបរទេស និង​បេក្ខជនប្រធានាធិបតី​តំណាង​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​រូប​នេះ​នឹង​រួច​ផុត​ពី​ការ​ចោទប្រកាន់​ដូច​ដែល​លោកស្រី​ធ្លាប់​បាន​បញ្ជាក់​នា​ពេល​កន្លង​មក​ថា ទង្វើ​ដែល​លោកស្រី​បាន​ធ្វើ​មិនមែន​ជា​រឿង​ខុសច្បាប់​ទេ។

បើ​អ្វីៗ​នឹង​ត្រូវ​ចប់​ដាច់​ស្រឡះ និង​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​គ្រប់​បែប​យ៉ាង​មែន នោះ​លោកស្រី​គ្លីនតុន​អាច​នឹង​បន្ត​យុទ្ធនាការ​ឃោសនា​រហូត​ដល់​សមាជបក្ស​នៅ​ហ្វីឡាដែលហ្វី​ដែល​លោកស្រី​នឹង​ត្រូវ​ក្លាយ​ជា​បេក្ខនារី​ផ្លូវការ​របស់​គណបក្សប្រជាធិបតេយ្យ​សម្រាប់​ចូលរួម​ការ​បោះឆ្នោត​នៅ​ថ្ងៃទី៨ វិច្ឆិកា​ខាង​មុខ។ ទន្ទឹម​គ្នា​នេះ គណបក្ស​សាធារណរដ្ឋ​ដែល​ជា​គូប្រជែង​នឹង​នៅ​បន្ត​និយាយ​ថា បើ​លោកស្រី​គ្លីនតុន​បាន​រួច​ផុត​ពី​ការ​ចោទប្រកាន់​របស់ FIB គឺ​មក​ពី FBI ទទួល​គំនាប​ពី​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​អូបាម៉ា។

ភាព​មន្ទិលសង្ស័យ​របៀប​នេះ​អាច​នឹង​ត្រូវ​លោក​ដូណាល់ ត្រាំ​ដែល​ជា​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​សាធារណរដ្ឋ​លើក​ទៅ​និយាយ​ញឹកញយ​រហូត​ដល់​ថ្ងៃ​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី​ផ្លូវការ​ក្នុង​ថ្ងៃទី៨ វិច្ឆិកា​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ