អានតួអត្ថបទ
បារាំង-ម៉ាលី

ប្រធានាធិបតី​បារាំង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ម៉ាលី​

ប្រធានាធិបតី បារាំងលោក François Hollande ត្រូវ​អញ្ជើញ​ទៅ​ប្រទេស​ម៉ាលី​នៅ​ថ្ងៃ​សៅរ៍​២​កុម្ភៈ​២០១៣​នេះ និង​អម​ដំណើរ​ដោយ​រដ្ឋមន្ត្រី​បារាំង​៣​រូប​គឺ​លោក​Laurent Fabius រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​លោក Jean-Yves Le Drian រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​និង​លោក Pascal Canfin ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ផ្នែក​អភិវឌ្ឍន៍។ ជា​ដំណើរ​ទស្សនកិច្ច​មួយ​ដែល​នឹង​នាំ​​ប្រមុខ​រដ្ឋ​បារាំង​និង​ម៉ាលី​ទៅ​កាន់​ភាគ​ខាង​ជើង​ប្រទេស​ម៉ាលី​ដែលពួកឧទ្ទាមអ៊ីស្លាម​ជ្រុល និយមប្រដាប់​អាវុធ​មួយភាគ​ ​លាក់​ខ្លួន​នៅតំបន់នេះ។

រូបថតរបស់​លោកប្រធានាធិបតីម៉ាលី Dioncounda Traoré និង​ប្រធានាធិបតីបារាំង​François Hollande.
រូបថតរបស់​លោកប្រធានាធិបតីម៉ាលី Dioncounda Traoré និង​ប្រធានាធិបតីបារាំង​François Hollande. REUTERS/Benoit Tessier
ផ្សាយពាណិជ្ជកម្ម

 ៣​សប្តាហ៍​ក្រោយ​ពី​អន្តរាគមន៍​យោធា​បារាំង​តាំង​ពី​លើក​ដំបូង លោក​ François Hollande ដែល​​ជា​ប្រមុខ​កងទ័ព​ដែរ​នោះ ត្រូវ​អញ្ជើញ​ទៅដ​ល់​ប្រទេស​ម៉ាលី​នៅ​ថ្ងៃ​សៅរ៍​ទី​២​កុម្ភៈ​២០១៣ នេះ​ក្នុង​​គោលដៅ​ពីរ​យ៉ាង។ ជាបឋម លោក​ប្រមុខ​រដ្ឋ​បារាំង ត្រូវ​ជួប​សន្ទនា​ជាមួយ​នឹង​ឥស្សនជន​នយោបាយ​ម៉ាលី ហើយ​មុន​គេ ​គឺ​លោក​ប្រធានាធិបតី Dioncounda Traoré ដែល​នឹង​​ទទួល​ស្វាគមន៍​ប្រមុខ​រដ្ឋបារាំង​នៅ​ទីក្រុង​Bamako នេះ​បើ​យោង​តាម​វិមាន​ប្រធានាធិបតី​ម៉ាលី។គោលដៅ​ទី​ពីរ​គឺ​​លោក​ François Hollande ​ត្រូវអញ្ជើញ​ទៅ​ស្វាគមន៍​និង​សួរ​សុខ​ទុក្ខ​ដល់​កង​យោធា​បារាំង​​ដែល​មាន​ចំនួន​ជិត​៣៥០០​នាក់​ ដាក់​ពង្រាយ​នៅ​ក្នុង​ប្រទេស​ម៉ាលី។

លោក​ប្រធានាធិបតី​បារាំង​នឹង​ ​អញ្ជើញ​ទៅ​ជា​និមត្ត​រូប​ដើម្បី​​ស្វាគមន៍​​កងទ័ព​អាហ្វ្រិក​Misma​ ​ដែល​កំពុង​ដាក់​ពង្រាយ​នៅ​ម៉ាលី​ដែរ។ នៅ​ទីក្រុង​បាម៉ាកូ លោក Hollande ត្រូវ​​ថ្លែងសន្ទរកថា​ជា​សារ​នយោបាយ​មួយនៅ​​ឱកាស​​​​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​សំរាប់​ការងារ​​​មួយ​ជាមួយ​ប្រ​ធានាធិបតី​ម៉ាលី។​លោក​​រំពឹង​ទុក​ដែរ​ថា ប្រជាជន​ម៉ាលី​នឹង​ចាប់​ផ្តើម​ធ្វើ​ការ​ចរចា​នយោបាយ​មួយ​យ៉ាង​ឆាប់​រហ័ស​នៅ​មុន​ពេល​ធ្វើ​ការ​ផ្សះផ្សា​ជាតិ​។ ការ​ចរចា​ដើម្បី​ផ្សះផ្សា​ជាតិ​នេះ​ហើយ​ដែល​ជា​អាទិភាពដ៏​ចំបង​របស់​​លោក​ប្រធានាធិបតី​ម៉ាលី។

មួយវិញទៀត ​ក្រុម​បច្ចេក​ទេស​នានា ក៏​​បាន​ប្រុង​ប្រៀបហើយ​ដែរ​​តាំងពីជា​​ច្រើន​ថ្ងៃ​កន្លង​មក​ហើយ​​​សំរាប់​ដំណើរ​ទស្សនកិច្ច​នេះ។ ពីព្រោះ លោក  Hollande និង​លោក Traoré ត្រូវ​អញ្ជើញ​ទៅ​កាន់​តំបន់ Tombouctou ដែល​នៅ​ទី​នោះ​ប្រមុខ​រដ្ឋ​ម៉ាលី​និង​បារាំង​នឹង​អញ្ជើញ​​ទៅ​ទស្សនា​នៅ​វិហារ​អ៊ីស្លាម Djingareyber ​ដ៏​ល្បី​ឈ្មោះ​មួយ​នៅ​ក្នុង​ទីក្រុង​និង​នៅ​មជ្ឍមណ្ឌល​ឯកសារ​ Ahmed Baba ដែល​នៅ​ទីនេះ ក៏​មាន​សស្តា្រ​ខ្លះៗ​​ចំណាស់​រហូត​សតវត្ស៍​ទី​១៣។

ទស្សនកិច្ច​នៅ​ទីក្រុង​និមត្ត​រូប Tombouctou ​ដែល​​ជា​បេតិកភ័ណ្ឌ​ពិភពលោក​របស់​មនុស្ស​ជាតិ ​និង​ជា​ពិសេស​ត្រូវ​ទទួល​រង​​ការ​ខូចខាត​ដោយ​សារ​ស្នាដៃ​​ក្រុម​​ឧទ្ទាម​អ៊ីស្លាម​ជ្រុល​និយម ​ ពិត​ជា​នឹង​ធ្វើ​ឲ្យ​ឮ​សូរ​ល្បី​ខ្ទរខ្ទារ​ឥត​គុណនា​​និង​​​រឹតតែ​បង្កើន​កំរិត​ប្រជាប្រិយ​ភាព​របស់​ប្រធានាធិបតី​ទាំង​ពីរ​ប្រទេស​​​បារាំង​និង​ម៉ាលីផង​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ