បាតុកម្មប្រឆាំងវិធានការត្បិតត្បៀតរបស់រដ្ឋាភិបាលនៅប្រទេសក្រិកនិងនៅអេស្ប៉ាញ
បាតុករប្រមាណ៥ម៉ឺននាក់នៅទូទាំងប្រទេសក្រិកបើយោងតាមនគរបាលបាននាំគ្នាចុះថ្នល់ធ្វើបាតុកម្មនៅថ្ងៃពុធម្សិលមិញ ដើម្បីប្រឆាំងនឹងវិធានការត្បិតត្បៀតរបស់រដ្ឋាភិបាល ក្រោមសម្ពាធរបស់អ្នកម្ចាស់បំណុល សហភាពអឺរ៉ុប និងមូលនិធិរូបិយវត្ថុអន្តរជាតិ។នៅឯប្រទេសអេស្ប៉ាញឯណោះ ចលនា “indignés” ឬ ចលនា “កំហឹងមិនយល់ព្រម” បាននាំគ្នាធ្វើបាតុកម្មជាថ្មីម្តងទៀតនៅល្ងាចថ្ងៃពុធម្សិលមិញ នៅទីក្រុងម៉ាឌ្រីដដោយបានស្រែកទាមទារឲ្យ “រដ្ឋាភិបាលដើរចាកចេញ”។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៣១
បើយោងតាមនគរបាល មានបាតុករប្រមាណ៣៤ ០០០នាក់បាននាំគ្នាចុះថ្នល់ធ្វើបាតុកម្មនៅថ្ងៃពុធម្សិលមិញនៅទីក្រុងអាថែន ១៨ ០០០នាក់នៅទីក្រុងសាឡូនីក។ ប៉ុន្តែបើយោងតាមសហជីព បាតុករក្រិកមានដល់ទៅ១០ម៉ឺននាក់។
ពួកគេបាននាំគ្នាដង្ហែជាក្បួននៅពីក្រោយផ្ទាំងបដាសរសេរថា “រុញច្រានចោលទៅវិធានការថ្មីដែលនាំឲ្យមានការលំបាក អយុត្តិធម៌ និងគ្មានប្រសិទ្ធភាព”។
ចំណែកឯបុគ្គលិកនៃក្រុមហ៊ុនដែលនឹងត្រូវគេធ្វើឯកជនូបនីយកម្ម មានដូចជាក្រុមហ៊ុនអគ្គិសនី ទឹក ឬបេឡាសន្សំប្រាក់ បាននាំគ្នាស្រែកបរិហារថា “ឈប់លក់ក្រុមហ៊ុនដែលជាវិធានការដាក់បង្ខំដោយអ្នកម្ចាស់បំណុលទៀតទៅ”។
ដើម្បីបង្ហាញឲ្យឃើញនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្រសួងហិរញ្ញវត្ថុក្រិកបានសម្តែងឲ្យដឹងថា “វិធានការត្បិតត្បៀតថ្មី និងកំណែទម្រង់រចនាសម្ព័ន្ធ ដែលប្រឆាំងដោយបាតុករនោះ បានត្រូវសម្រេចរួចហើយ ក្រោយពីមានជំនួបរវាងលោកនាយករដ្ឋមន្ត្រីAntonis Samaras និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Yannis Stournaras។
គួរបញ្ជាក់ថា ផែនការត្បិតត្បៀតថ្មីរបស់រដ្ឋាភិបាលនេះ ត្រូវអនុម័តដោយសភាក្រិកឲ្យបានមុនជំនួបកំពូលអឺរ៉ុបនៅថ្ងៃទី១៨តុលាខាងមុខ។ ប្រទេសក្រិកកំពុងរង់ចាំការផ្តល់ប្រាក់កម្ចីប្រមាណ៣១,៥ពាន់លានអឺរ៉ូបន្ថែមទៀត។
នៅឯប្រទេសអេស្ប៉ាញឯណោះ បាតុករបាននាំគ្នាស្រែកថា “ទេ!ទេ!ទេ! ពួកយើងឥតខ្លាចទេ!!!”។ បាតុករបាននាំគ្នាទៅស្រែកសម្តែងការប្រឆាំងរបស់ពួកគេនៅរដ្ឋសភាអេស្ប៉ាញ ដែលឋិតនៅក្រោមកិច្ចការពាររបស់នគរបាល។
បាតុករអេស្ប៉ាញខ្លះទៀត បាននាំគ្នាទៅអង្គុយនៅទីលាន Neptuno ពីរយប់បន្តបន្ទាប់គ្នា ដើម្បីសម្តែងការប្រឆាំង ដោយសរសេរជាអក្សរធំៗនៅលើផ្ទាំងបដាដាក់ថា “ដើរចេញឲ្យឆ្ងាយទៅ!!!”។ ផ្ទាំងបដាខ្លះទៀតសរសេរថា “កុំកាត់បន្ថយថវិកា!!! កុំច្របាច់កប្រជាពលរដ្ឋអេស្ប៉ាញ!!!!” ។ ទាំងនេះក្នុងខណៈពេលដែលឆ្នាំ២០១៣ ដែលជាឆ្នាំគំរាមត្បតិត្បៀតមួយថ្មីកាន់តែខិតជិតមកដល់។ ហើយផែនការត្បិតត្បៀតដែលរដ្ឋាភិបាលអេស្ប៉ាញត្រូវបង្ហាញឲ្យឃើញនៅថ្ងៃព្រហស្បតិ៍នេះ គ្រោងសន្សំឲ្យបានប្រាក់ប្រមាណ៣៩ពាន់លានអឺរ៉ូ។
គួរកត់សម្គាល់ថា នៅថ្ងៃសៅរ៍ខាងមុខនេះ ប្រជាជនព័រទុយហ្គេគ្រោងរៀបចំឲ្យមានបាតុកម្មមួយថ្មី ដើម្បីសម្តែងឲ្យឃើញនូវការប្រឆាំងរបស់ពួកគេនៅទីក្រុងលីសបូន។
រីឯ Front de gauche ឬ រណសិរ្សឆ្វេងនិយម បានអំពាវនាវរៀបចំឲ្យមានបាតុកម្មប្រឆាំងមួយនៅថ្ងៃអាទិត្យខាងមុខនេះ នៅទីក្រុងប៉ារីស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ