ក្រោយពីបក្សស្តាំនិយមបរាជ័យក្នុងការបង្កើតរដ្ឋាភិបាល ម្តងនេះដល់វេនបក្សឆ្វេងនិយមក្រិកដាច់ខាត
ប្រមាណ៤៨ម៉ោងក្រោយពីមានការបោះឆ្នោតជ្រើសតាំងសមាជិកសភានៅប្រទេសក្រិក សភាពទាល់ច្រកក្នុងការបង្កើតរដ្ឋាភិបាលនៅតែមានដដែល។ លោក Antonis Samaras មេដឹកនាំបក្សប្រជាធិបតេយ្យថ្មីដែលជាបក្សស្ដាំនិយមឈ្នះឆ្នោតកាលពីថ្ងៃអាទិត្យទី៦ឧសភាឆ្នាំ២០១២ បានបោះបង់ចោលការបង្កើតរដ្ឋាភិបាល ដោយហេតុតែគ្មានអាសនៈភាគច្រើនគ្រប់គ្រាន់។ ដូច្នេះប្រទេសក្រិកកំពុងតែធ្លាក់ទៅក្នុងស្ថានភាពនយោបាយមួយពុំជាក់ច្បាស់។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០៤:១៧
ក្រោយពីលោក Antonis Samaras មេដឹកនាំបក្សប្រជាធិបតេយ្យថ្មីដែលជាបក្សស្ដាំនិយមឈ្នះឆ្នោតកាលពីថ្ងៃអាទិត្យទី៦ឧសភាម្សិលម្ង៉ៃដែលទទួលបាន១០៨អាសនៈឬត្រូវជា១៨,៨៥% បានបោះបង់ចោលការបង្កើតរដ្ឋាភិបាលក្រិក។ នៅថ្ងៃអង្គារទី៨ឧសភាឆ្នាំ២០១២នេះដល់វេនលោក Alexis Tsipras មេដឹកនាំបក្សឆ្វេងនិយមដាច់ខាតក្រិក( Syriza) ដែលជាអ្នកជាប់ចំណាត់ថ្នាក់ទីពីរក្នុងការបោះឆ្នោតសភាដែលទទួលបាន៥២អាសនៈឬត្រូវជា១៦,៧៨% ជាអ្នកឡើងមកបង្កើតរដ្ឋាភិបាលក្រិក។
លោក Alexis Tsipras មេដឹកនាំបក្សឆ្វេងនិយមដាច់ខាតក្រិក(Syriza) ប្រហែលពុំអាចសម្រេចជោគជ័យក្នុងការបង្កើតរដ្ឋាភិបាលទេ ដោយហេតុថា កម្លាំងនៃបក្សឆ្វេងនិយមក្រិកដែលប្រឆាំងទល់នឹងផែនការត្បិតត្បៀតអាចប្រមូលបានគ្នីគ្នាដល់ទៅ៩៧អាសនៈនៅក្នុងសភាក្រិកដែលមានទាំងអស់៣០០អាសនៈ។ ហើយមិនទាន់ទាំងអ្វីផង គណបក្សកុម្មុយនិស្តក្រិក( KKE) ដែលទទួលបានសំឡេងគាំទ្រ៨,៤៨%ឬត្រូវជា២៦អាសនៈបានប្រកាសប្រាប់ជាមុនហើយថា គេពុំចូលរួបរួមក្នុងការបង្កើតសម្ព័ន្ធភាពដើម្បីបង្កើតរដ្ឋាភិបាលចម្រុះឡើយ។
ហើយបើលោក Alexis Tsipras មេដឹកនាំបក្សឆ្វេងនិយមដាច់ខាតក្រិក (Syriza) ទទួលបរាជ័យក្នុងការបង្កើតរដ្ឋាភិបាល នោះនឹងត្រូវដល់វេនអ្នកជាប់ចំណាត់ថ្នាក់ទីបីក្នុងការបោះឆ្នោតសភាពោលគឺគណបក្សសង្គមនិយមក្រិក PASOK ដែលទទួលបាន៤១អាសនៈឬត្រូវជា១៣,១៨%ជាអ្នកឡើងមករិះរកមធ្យោបាយដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។
ហើយបើបក្សសង្គមនិយមក្រិក PASOK នៅតែពុំទទួលបានជោគជ័យក្នុងការបង្កើតរដ្ឋាភិបាល នោះលោកប្រធានាធិបតីក្រិកអាចមានលទ្ធភាពចុងក្រោយមួយគឺ ប្រមូលប្រជុំគណបក្សនយោបាយក្រិកទាំងអស់នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយ ដើម្បីរិះរកកិច្ចព្រមព្រៀងមួយ។ ប៉ុន្តែមិនទាំងទាន់អ្វីផង អ្នកវិភាគជាច្រើនយល់ឃើញថា ការបោះឆ្នោតជ្រើសតាំងសមាជិកសភាក្រិកសាជាថ្មីអាចនឹងកើតមាននៅរវាងថ្ងៃទី១៧មិថុនាឆ្នាំ២០១២ខាងមុខនេះ។
គួរបញ្ជាក់ថា នាឱកាសវិបត្តិនយោបាយក្រិកនៅឆ្នាំ១៩៨៩ លោកប្រធានាធិបតីសម្រេចបានកិច្ចព្រមព្រៀងមួយជាមួយគណបក្សនយោបាយក្រិកក្នុងការបង្កើតឲ្យមានរដ្ឋាភិបាលចម្រុះមួយដែលគេបានហៅថា “រដ្ឋាភិបាលសាកល” ដែលដឹកនាំប្រទេសក្រិកបានតែ៥ខែប៉ុណ្ណោះ។
បើប្រសិនជាថ្នាក់នយោបាយក្រិកនៅតែគ្មានសមត្ថភាពនឹងបង្កើតឲ្យមានរដ្ឋាភិបាលសម្រាប់ធ្វើការចរចាជាមួយសហភាពអឺរ៉ុបនិងមូលនិធិរូបិយវត្ថុអន្តរជាតិ FMI ដើម្បីសុំជំនួយហិរញ្ញវត្ថុទេ នោះចាប់ពីពេលនេះទៅទល់ចុងខែមិថុនាឆ្នាំ២០១២ ប្រទេសក្រិកអាចធ្លាក់ទៅក្នុងគ្រោះថ្នាក់នៃសភាពធនក្ស័យពោលគឺគ្មានប្រាក់សម្រាប់បើកជូនមន្ត្រីរដ្ឋការដែលធ្វើការបម្រើប្រទេសជាតិ ហើយនិងពុំអាចសងប្រាក់បំណុលដ៏ច្រើនមហិមាដែលប្រទេសក្រិកជំពាក់គេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ