អានតួអត្ថបទ
ចិន

លោកហ៊ូជិនតាវសន្យានឹងបង្កើនប្រាក់ចំណូលដល់គ្រួសារចិនជាទ្វេគុណពីពេលនេះរហូតដល់ឆ្នាំ២០២០

នៅ​ថ្ងៃ​សុក្រ​៩​វិច្ឆិកា​នេះ ប្រតិភូ​ចិន​ចំនួន ២២៧០​នាក់ បាន​ចាប់​ផ្តើម​មក​ជួប​ជុំ​គ្នា​នៅ​វិមាន​ប្រជាជន។ ពេញ​មួយ​សប្តាហ៍ ប្រតិភូ​ចិន​ នឹង​ធ្វើ​ការ​បោះឆ្នោត​ដើម្បី​ជ្រើសរើស​ថ្នាក់​ដឹក​នាំ​ថ្មី​ចាប់​តាំង​ពី​សមាជិក​គណៈមជ្ឈិម​រហូតដល់លេខាបក្ស។ ប្រតិភូ​ទាំង​អស់ ក៏​ធ្វើការ​ផង​ដែរ​ពី​ចំណុច​ផ្សេងៗ​នៃ​របាយការណ៍​សំរាប់​រយៈ​ពេល​៥​ឆ្នាំ​ខាង​មុខ​ដែល​លោក​ហ៊ូជិនតាវ​បាន​អាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នៅ​ពេល​ចាប់​បើក​សមាជបក្ស​ មិនតែប៉ុណ្ណោះ ​លោក ប្រមុខរដ្ឋ​ចិន បាន​សន្យា​ជាអាទិ៍​ថា​នឹង​បង្កើន​ប្រាក់​ចំណូល​ដល់​គ្រួសារ​ចិន​ជាទ្វេគុណ​ពី​ពេល​នេះ​រហូត​ដល់​​២០២០។ 

លោក Hu Jintao (ឆ្វេង)នៅក្បែរអតីតប្រធានាធិបតីចិន​ Jiang Zemin ថ្ងៃ៨វិច្ឆិកា២០១២
លោក Hu Jintao (ឆ្វេង)នៅក្បែរអតីតប្រធានាធិបតីចិន​ Jiang Zemin ថ្ងៃ៨វិច្ឆិកា២០១២ REUTERS/Jason Lee
ផ្សាយពាណិជ្ជកម្ម

ដោយ​គ្មាន​កំណែ​ទម្រង់​នយោបាយ​ ​ការ​រីក​ចំរើន​ផ្នែកសេដ្ឋកិច្ច ​គឺ​​ជា​ប្រភព​ស្រប​ច្បាប់​តែ​មួយ​គត់​សំរាប់​គណបក្សកុម្មុយនិស្ត​នៅ​ក្នុង​ប្រទេស​ចិន។ ការ​រីក​លូតលាស់​នៃ​សេដ្ឋកិច្ច​នេះ​​ហើយ​ដែល​លោក​Deng xiaoping ​បាន​យល់​ជ្រាប​ច្បាស់​និង​​បាន​អនុវត្តន៍​តាំង​ពី​ជាង​៣០​ឆ្នាំ​កន្លង​មក​ជាមួយ​នឹង​នយោបាយ​បើក​ចំហរ​របស់​ប្រទេស​ចិន។ ទាំង​នេះ​ហើយ​ដែល​លោក​ហ៊ូជិនតាវ​បាន​ថ្លែង​បញ្ជាក់​ហើយ​បញ្ជាក់​ទៀតនៅ​ពីមុខ​ប្រតិភូ​ប្រមាណ​ជាង​២០០០​នាក់​ដែល​បាន​មក​រួម​ប្រជុំ​នៅ​ក្នុង​វិមាន​ប្រជាជន​ក្នុងថ្ងៃសុក្រ​៩​វិច្ឆិកា​នេះ។

លោក​ប្រមុខរដ្ឋ​ចិន បាន​ពន្យល់​ទៀត​ថា៖ “​ផ្អែក​នៅ​លើ​មូលដ្នាន​នៃ​ការ​អភិវឌ្ឃន៍​មួយ​ដែល​ប្រកប​​ដោយ​សមតា ការ​សម្របសម្រួល​និង​ភាព​ឋិតថេរនោះ  យើង​នឹង​អាច​បង្កើន​ជា​ទ្វេរ​គុណ​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​សម្រាប់​​គ្រួសារ​ចិន​ទាំង​នៅ​ទីក្រុង​ក៏ដូច​ជា​នៅ​ជនបទ​ចាប់​ពី​នេះ​រហូត​ដល់​ឆ្នាំ​២០២០”។

ជា​ការ​សន្យា​មួយ​ប្រកប​ដោយ​មហិច្ចតា នៅ​ខណៈ​ដែល​មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក​ទី​ពីរ​នេះ កំពុង​តែ​មាន​កំណើន​សេដ្ឋកិច្ច​យឺតយាវ​បន្តិច​។ ដូចចេ្នះ​ ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រទេស​ចិន ត្រូវ​តែ​ប្តូរ​បន្ទាត់​នយោបាយ​របស់​ខ្លួន​ដែល​ពី​មុន​មក ចិន​​ផ្តោត​ទៅ​លើ​តែ​ការ​នាំ​ចេញ​មួយ​មុខ​គត់​នោះ ឥឡូវនេះ ចិន​ត្រូវផ្តោត​ទៅលើ​តម្រូវការ​ក្នុងស្រុកវិញ។

ម្យ៉ាងទៀត ជាមួយនឹងការ​សន្យា​របស់ខ្លួនលោក ​ហ៊ូជិនតាវ​ ក៏​បានធ្វើ​​ការ​ព្រមាន​មួយ គឺ​​ឲ្យ​មាន​ស្មារតី​ប្រយ័ត្នជានិច្ច ដើម្បី​កុំ ឲ្យ​បាត់បង់ផល​ប្រយោជន៍ជាតិ។ លោកហ៊ូជិនតាវ​បាន​បញ្ជាក់​ទៀត​ថា គណបក្សកុម្មុយនិស្តចិន​នឹង​មិន​ផ្លាស់​ប្តូរ​ជំហរ​​នយោបាយ​របស់​ខ្លួនឡើយ​ហើយ​កំណើន​សេដ្ឋកិច្ច​គឺ​ជា​អាទិភាព​ដ៏​ចំបង​​ដើម្បី​ស្ថិរភាពប្រទេសចិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ