អានតួអត្ថបទ
វ៉េណេស៊ុយអេឡា

សាកសព​ប្រធានាធិបតី​ Hugo​ Chavez​ ​នឹង​ត្រូវ​រក្សា​ទុក​ដូចជា​ សព​លោក​ Lénine​ ដែរ​​

នៅ​ថ្ងៃ​សុក្រ​នេះ ប្រទេស​​​វេណេស៊ុ​យអេឡា​ កំពុង​ប្រារព្ធ​ពិធីបុណ្យសព​​ប្រធានាធិបតី Hugo Chavez ដែល​បាន​ទទួល​​មរណភាព​ កាល​ពី​ថ្ងៃ​អង្គារ​ដើម​សប្តាហ៍​​​​ ដោយ​រោគ​មហារីក​ប្រូស្តាត។​ ​សាក​សព​របស់​លោក​​ ​Chavez នឹង​ត្រូវ​​រក្សាទុក​ដូច​ជា​​សាកសព​លោក Lénine ដែល​ជា​វីរបុរស​បដិវត្តន៍​ ក្នុង​សតវត្ស​រ៍​ទី​ ២០​ ផង​ដែរ។ នៅ​ថ្ងៃ​សុក្រ​នេះដែរ​​​ អនុប្រធានាធិបតី​​ Nicolas Maduro នឹង​​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​បណ្តោះ​អាសន្ន​។ ហើយ​​​ក្នុង​រវាង​​​៣០​ថ្ងៃ បន្ត​ទៅ​​នេះ លោក Maduro នឹង​ប្រកាស​​អោយ​​មាន​ការ​បោះ​ឆ្នោត​ ដើម្បី​​អោយ​​សមស្របទៅ​តាម​​តាម​រដ្ឋធម្មនុញ្ញ ក្នុង​ប្រទេស។

ប្រធានាធិបតី​គុយបា​ Raul Castro ​គោរព​​សព​លោក Hugo​​ Chavez​​
ប្រធានាធិបតី​គុយបា​ Raul Castro ​គោរព​​សព​លោក Hugo​​ Chavez​​ REUTERS/Miraflores Palace/Handout
ផ្សាយពាណិជ្ជកម្ម

នៅ​ប្រទេស​វេណេស៊ុ​យអេឡា ​នៅ​ថ្ងៃ​សុក្រ​នេះ បុណ្យ​សព​របស់​​​ប្រធានាធិបតី​ Hugo Chavez នឹង​ប្រព្រិត្ត​ទៅ​នៅ​សាលាយោធា​ នៅ​ក្រុង​ការ៉ាកាស ដោយ​មាន​ការ​ចូលរួម​ពី​​មេដឹកនាំ​​​នៃ​បណ្តា​ប្រទេស​ជាង​ ៣០ ​ជា​ពិសេស​ប្រទេស​នានា​​នៅ​អាមេរិក​ឡាទីន។ គេ​នឹង​ឃើញ​មាន​វត្តមាន​របស់​​​​បណ្តា​មិត្ត​ដ៏​​សំខាន់​​​របស់​លោក Hugo Chavez ដូច​ជា ប្រធានាធិបតី​អ៊ីរ៉ង់ Mahmoud Ahmadinejad ប្រធានាធិបតី​គុយបា Raul Castro និង​ប្រធានាធិបតី​បេឡារុស Alexandre Loukachenko។

ដោយឡែក​​ សហរដ្ឋ​អាមេរិក​ និង​បណ្តា​បស្ចិម​ប្រទេស​​នានា​ ដែល​​​​មិន​​​ត្រូវរ៉ូវ​ជាមួយ​​នឹង​លោក Hugo Chavez កាល​ដែល​លោក​នៅ​មាន​ជីវិត​នៅ​ឡើយ​នោះ នឹង​បញ្ជូន​ត្រឹម​តែ​​ថ្នាក់​ដឹក​នាំ​​​កម្រិត​ទីពីរ​ ទៅ​គោរព​​វិញ្ញាណក្ខន្ធ​របស់​លោក Chavez តែ​ប៉ុណ្ណោះ។

ប្រធានាធិបតី​វេណេស៊ុ​យអេឡា ដែល​​ត្រូវ​បាន​គេ​​ស្គាល់​ថា ជា​មេដឹកនាំ​ដ៏​មាន​​សក្តានុពល​មួយ​​រូប​ នៅ​​អាមេរិក​ឡាទីន ​បាន​ទទួល​​មរណភាព​ កាល​ពី​ថ្ងៃ​អង្គារ​ដើម​សប្តាហ៍​នេះ ដោយ​រោគ​មហារីក​ប្រូស្តាត។ តាំង​ពី​ថ្ងៃ​ពុធ​មក​ម្ល៉េះ ប្រជាជន​វេណេស៊ុ​យអេឡា​រាប់​សិប​ម៉ឺន​នាក់​ បាន​នាំ​​គ្នា​មក​ឧន​លំទោន​គោរព​​​សាកសព​​​លោក ​ Chavez នៅ​​សាលាយោធា​ ក្នុង​ក្រុង​ការ៉ាកាស។

យោង​តាម​​​លោក​ Nicolas Maduro ដែល​ជា​អនុប្រធានាធិបតី​វេណេស៊ុ​យអេឡា​ សាកសព​របស់​លោក ​​ Hugo Chavez នឹង​ត្រូវ​រក្សា​ទុក​​​​ដូច​ជា សាកសព​របស់​លោក​ Lénine លោក ហូជីមិញ រឺ​ក៏​លោក ម៉ៅសេទុង ដែល​​ជន​​​​តំណាង​អោយ​ចលនា​បដិវត្តន៍​សំខាន់ៗ​ ក្នុង​សតវត្ស​ទី ​២០​ផងដែរ។ សាកសព​លោក Chavez នឹង​អាច​ទុក​អោយ​​គេ​បាន​ឃើញ​​ ៧​ថ្ងៃ​ថែម​ទៀត តាម​រយៈ​​​​មឈ្ឈូស​ដែល​ធ្វើ​​ពី​កញ្ចក់​កែ​វ​។ រួច​ហើយ​នៅ​ទីបញ្ចប់​ សាកសព​នឹង​ត្រូវ​គេ​យក​ទៅ​​ដាក់​នៅក្នុង​​សារៈ​មន្ទីរ​​​បដិវត្តន៍ ជា​ស្ថាពរ។

ប៉ុន្តែ​យោង​តាម​អាជ្ញាធរ សាកសព​​លោក​ Chavez នឹង​​ត្រូវ​បញ្ជូន​​​​​ទៅ​ដាក់​នៅ​​​បន្ទាយ​ទាហាន​នៅ​លើ​ភ្នំ មួយ​កន្លែង​​ស្ថិត​នៅ​ភាគ​ខាង​លិច​​ក្រុង​ការ៉ាកាស ដែល​នៅ​ទី​នោះ គេ​កំពុង​តែ​សាងសង់​សារៈ​មន្ទីរ​បដិវត្តន៍​មួយ​ឧទ្ទិស​ដល់​វីរបុរស​តំណាង​ឯករាជ្យភាព​មួយ​រូប​ ​នៅ​អាមេរិកឡាទីន ឈ្មោះ​ Bolivar ​ដែល​​​លោក Hugo Chavez តែង​តែ​ចង់​ដើរ​តាម​គំរូ​របស់​គាត់ កាល​ពី​លោក​នៅ​មាន​ជីវិត​រស់​នៅ​ឡើយ។

ទោះ​យ៉ាង​ណា​ក្តី ​នៅ​ថ្ងៃ​សុក្រ​នេះ​​ អនុប្រធានាធិបតី​​ Nicolas Maduro នឹង​​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​បណ្តោះ​អាសន្ន​ ក្នុង​ប្រទេស។ ហើយ​​​ក្នុង​រវាង​​​៣០​ថ្ងៃ បន្ត​ទៅ​​នេះ លោក Maduro នឹង​ប្រកាស​​អោយ​​មាន​ការ​បោះ​ឆ្នោត​ នៅ​ក្នុង​ពេល​កំណត់​មួយ អោយ​​សមស្រប​តាម​រដ្ឋធម្មនុញ្ញ នៅ​វេណេស៊ុ​យអេឡា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ