អានតួអត្ថបទ
អាមេរិក-IMF

IMF៖កំណើន​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់​ចុះ​បន្តិច​សម្រាប់​ឆ្នំា ២០១៤ និង​២០១៥

អង្គការ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​នៅ​ថ្ងៃ​អង្គារ ទី៧ តុលា​ស្តីពី​អត្រា​កំណើន​សេដ្ឋកិច្ច​ក្នុង​ពិភពលោក​សម្រាប់​ឆ្នំា ២០១៤ និង ២០១៥។ បើ​តាម​ប្រមើលមើល​របស់ IMF កំណើន​សេដ្ឋកិច្ច​ពិភពលោក​សម្រាប់​ឆ្នំា ២០១៤ និង ២០១៥ មាន​ការ​ធ្លាក់​ចុះ​បន្តិច។ ទន្ទឹម​គ្នា​នេះ IMF ក៏​បាន​លើក​ឡើង​ពី​ការ​គ្មាន​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​ក្រុមប្រទេស​អ្នកមាន និង​ស្ថានការណ៍​តានតឹង​កាន់​តែ​ខ្លំាង​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ឬ​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា។

លោកស្រី Christine Lagarde ប្រធាន​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ
លោកស្រី Christine Lagarde ប្រធាន​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​មហាសន្និបាត​របស់​ខ្លួន​ក្នុង​ទីក្រុង​វ៉ាស៊ីតោន សហរដ្ឋអាមេរិក​ដែល​អង្គការ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​បាន​ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​ស្តីពី​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​សម្រាប់​ឆ្នំា ២០១៤ និង ២០១៥។ យោង​តាម​របាយការណ៍ កំណើន​សេដ្ឋកិច្ច​ពិភពលោក​សម្រាប់​ឆ្នំា ២០១៤ ក៏​មិន​មាន​អ្វី​ខុស​គ្នា​ឆ្ងាយ​ពី​ឆ្នំា ២០១៣ ដែរ ពោល​មាន​អត្រា​មិន​លើស​ពី ៣,៣% ទេ។ គឺ​ជា​អត្រា​មួយ​ដែល​បាន​ធ្លាក់​ចុះ ០,១% បើ​ធៀប​នឹង​ការ​ប្រមើលមើល​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​ថ្មីៗ​នេះ។ សម្រាប់​ឆ្នំា ២០១៥ វិញ IMF បាន​វាយតម្លៃ​ថា​នឹង​អាច​មាន​កំណើន​តិចតួច ពោល​អាច​នឹង​មាន​កំណើន ៣,៨% តែ​នៅ​តែ​តិច​ជាង​ការ​ទាយទុក​កាល​ពី ៣ខែ​មុន​ចំនួន ០,២ពិន្ទុ។

របាយការណ៍​របស់ IMF ដដែល​បាន​បញ្ជាក់​ពី​កំណើនសេដ្ឋកិច្ច​ពិភពលោក​ដែល​នៅ​បន្ត​ផុយស្រួយ និង​មិន​ស្មើ​ភាព​គ្នា​ទេ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ។ កំណើន​ចំនួន​អ្នក​អត់​ការងារ​ធ្វើ និង​កំណើន​បំណុល​សាធារណៈ និង​ឯកជន​នៅ​ក្នុង​បណ្តា​ប្រទេស​អភិវឌ្ឍន៍​មួយ​ចំនួន គឺ​ជា​កត្តា​ដែល​បាន​ជម្រុញ​ឲ្យ​មាន​ប្រទេស​ខ្លះ​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​តិចតួច ឬ​មួយ​ក៏​ធ្លាក់​ចុះ​ជាង​ការ​គ្រោង​ទុក ដូច​យ៉ាង​ប្រទេស​បារំាង​បាន​ធ្លាក់​ចុះ ០,៤ពិន្ទុ​ដោយ​ទទួល​បាន​ប្រមាណ​តែ ០,៤% និង​ប្រទេស​អាល្លឺម៉ង់​ដែល​បាន​ធ្លាក់​ចុះ ០,៥ពិន្ទុ​ដោយ​ទទួល​បាន​កំណើន ១,៤%។ យោង​តាម IMF សហរដ្ឋអាមេរិក​នៅ​តែ​ដើរ​តួនាទី​ជា​ប្រទេស​គំរូ​យ៉ាង​សំខាន់​សម្រាប់​សុខភាព​សេដ្ឋកិច្ច​ពិភពលោក​ដោយ​ទទួល​បាន​សេដ្ឋកិច្ច​ជា​មធ្យម ២,២% នៅ​ក្នុង​ឆ្នំា ២០១៤ នេះ។

ដោយឡែក ក្រុម​ប្រទេស​ដែល​កំពុង​មាន​សេដ្ឋកិច្ច​លូតលាស់​កំពុង​ទទួល​បាន​ផល​សេដ្ឋកិច្ច​ល្អ​ដដែល នោះ​បើ​ទោះ​បី​ជា​អត្រាកំណើន​សេដ្ឋកិច្ច​មាន​កម្រិត​ខុស​គ្នា​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ក៏​ដោយ។ ចិន​ទទួល​បាន ៧,៤% សម្រាប់​ឆ្នំា ២០១៤ និង​យ៉ាង​ហោច​ណាស់ ៧,១% សម្រាប់​ឆ្នំា ២០១៥។ នៅ​ឥណ្ឌា កំណើន​សេដ្ឋកិច្ច​សម្រាប់​ឆ្នំា ២០១៤ មាន ៥,៦% ពោល​មាន​ការ​កើន​ឡើង​បន្តិច។ ផ្ទុយ​ទៅ​វិញ​នៅ​ប្រទេស​ប្រេស៊ីល ស្ថានការណ៍​ហាក់​ដូច​ជា​បាន​ធ្លាក់​ចុះ​ខ្លំាង​ដោយ​ទទួល​បាន​តែ ០,៣% ប៉ុណ្ណោះ​សម្រាប់​ឆ្នំា ២០១៤ នេះ។ ស្ថានការណ៍​យ៉ាប់យឺន​ក៏​មាន​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ដែរ ដោយសារ​តែ​ត្រូវ​បាន​ញំាញី​ដោយ​ជម្លោះ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន និង​រឿង​ប្រទាញប្រទង់​គ្នា​ជុំវិញ​បញ្ហា​ឧស្ម័ន។ នៅ​តំបន់​ដើមបូព៌ា​ឯណោះ IMF បារម្ភ​ពី​ការ​ឡើង​ថ្លៃ​តម្លៃ​ប្រេងឆៅ​ដោយសារ​ស្ថានភាព​វឹកវរ​នៅ​ក្នុង​តំបន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ