អានតួអត្ថបទ
ស៊ីរី-អ៊ីស្រាអែល

ស៊ីរី​​​ប្រកាស​​​ថា​​​នឹង​​​វាយ​ប្រហារ​​​​​តប​ទៅ​​​​​អ៊ីស្រាអែល​​​​វិញ​​​

បន្ទាប់​ពី​​បាន​ប្រកាស​ថា​​យន្តហោះ​អ៊ីស្រាអែល​ បាន​ទំលាក់​គ្រាប់បែក​​លើ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​យោធា​​​ នៅ​ជិត​​ក្រុង​ដាម៉ាស​ ប្រទេស​​ស៊ីរី​បាន​គំរាម ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ម្សិល​មិញ​ថា នឹង​ប្រើ​សិទ្ធិ​របស់​ខ្លួន​ ​ធ្វើ​ការ​​តប​ត​ទៅ​អ៊ីស្រាអែល​​វិញ​​។ ការ​គំរាម​ប្រកាស​នេះ​ធ្វើ​ឡើង​ នៅ​ពេល​ដែល​​​ប្រមុខ​ការ​ទូត​ចាស់​របស់​សហរដ្ឋ​អាមេរិក លោកស្រី Hillary Clinton បាន​ចោទ​ប្រទេស​រុស្ស៊ី​ និង​​​​​អ៊ីរ៉ង់​ ថា​នៅ​តែ​ផ្តល់​ជំនួយ​​​​​ផ្នែក​អាវុធ​​ដល់​ប្រទេស​ស៊ីរី។ អង្គការ​សហ​ប្រជាជាតិ​មាន​ការ​ព្រួយ​បារម្ភ​ បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ថា​អ៊ីស្រាអែល​ បាន​ទំលាក់​គ្រាប់បែក នៅ​ស៊ីរី​​មក ប៉ុន្តែ​មិន​ទាន់​មាន​លទ្ធភាព​​​​​ស្វែង​រក​មើល​ថា តើ​ដំណឹង​នេះ​​​ជា​ការ​ពិត​​ រឺ​យ៉ាង​ណា​នៅ​ឡើយ​ទេ។ កាល​​ពី​ម្សិលមិញ​នេះ រុស្ស៊ី​បាន​សន្យា​ថា​ នឹង​​ផ្តន្ទា​​ទោស​​​នូវ​ទង្វើ​របស់​អ៊ីស្រាអែល​ ប្រសិន​បើ​​​ហេតុការណ៍​នេះ​ ពិត​ជា​បាន​កើត​ឡើង​មែន​នោះ។

យោធា​ស៊ីរី​​​​​ត្រៀម​នឹង​វាយ​ឆ្មក់​តបត​ទៅ​អ៊ីស្រាអែល​វិញ
យោធា​ស៊ីរី​​​​​ត្រៀម​នឹង​វាយ​ឆ្មក់​តបត​ទៅ​អ៊ីស្រាអែល​វិញ REUTERS/Samer Abdullah
ផ្សាយពាណិជ្ជកម្ម

លោក​ Alil Abdel Karim Ali ឯក​អគ្គរដ្ឋទូត​​​របស់​ស៊ីរី​នៅ​ប្រទេស​លីបង់ បាន​​ប្រកាស​ថា ក្រុង​ដាម៉ាស​​​​​ត្រៀម​ប្រើ​សិទ្ធិ​របស់​ខ្លួន ដើម្បី​ធ្វើ​ការ​ឆ្មក់​​​តបត​ទៅ​នឹង​​ទង្វើ​​ឈ្លានពាន​របស់​អ៊ីស្រាអែល​​វិញ។  លោក Ali បាន​​អោយ​​និយម​ន័យ នៃ​ការ​​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​​ថា​ ជា​​ “ការ​ឈ្លានពានមាន​លក្ខណៈ​គាំទ្រ​ដល់​ការ​បង្កើត​រដ្ឋ​ហ្ស៊ីហ្វ​ នៅ​ប៉ាឡេស្ទីន”។

បន្ទាប់​ពី​​បាន​ប្រកាស​ថា ​​យន្តហោះ​អ៊ីស្រាអែល​ទំលាក់​គ្រាប់បែក ​​លើ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​យោធា​​​ នៅ​ជិត​​ក្រុង​ដាម៉ាសមក​​ អាជ្ញាធរ​​​ស៊ីរី​​បាន​រំលឹក​ឡើង​វិញ នូវ​សិទ្ធិការពារ​បូរណភាព​ដែន​ដី​​របស់​ខ្លួន។

ប្រធាន​អង្គការ​សហ​ប្រជាជាតិ​ លោក​ Ban Ki-moon បាន​សំដែង​​ការ​ព្រួយ​បារម្ភ​ចំពោះ​ព័តម៌ាន​ទាក់​ទង​ នឹង​ការ​ទំលាក់​គ្រាប់​បែក​របស់​​​អ៊ីស្រាអែល ប៉ុន្តែ​មិន​ទាន់​មាន​លទ្ធភាព​​​ស្វែង​រក​មើល​ថា តើ​​ហេតុការណ៍​នេះ​ពិត​ជា​បាន​កើត​មាន​ឡើង​​​មែន​​ ឬ​យ៉ាង​ណា​នៅ​ឡើយ។ ចំពោះ​ហេតុការណ៍​នេះ អ៊ីស្រាអែល​​បាន​បង្ហាញ​ភាព​ស្ងៀម​ស្ងាត់ ​​មិន​​បាន​​បញ្ជាក់​អ្វី​ជា​ផ្លូវ​ការ​ទេ។ ប្រភព​ព័តម៌ាន​មួយ​​បាន​លេច​លឺ​មក កាល​ពី​ថ្ងៃ​ពុធ​​ថា យន្តហោះ​អ៊ីស្រាអែល​​បាន​វាយ​ប្រហារ​​​លើ​ក្បួន​ដឹក​អាវុធ​​មួយ​ ធ្វើ​ដំណើរ​ពី​ប្រទេស​ស៊ីរី ទៅ​កាន់​ព្រំដែន​​ប្រទេស​លីបង់។ ប៉ុន្តែ​យោធា​​ស៊ីរី បាន​បដិសេធ​ព័តម៌ាន​នេះ។

​ការ​គំរាម​ប្រកាស​ វាយ​តបតទៅវិញ​របស់​​អាជ្ញាធរ​​​​ក្រុង​ដាម៉ាស​ ​ធ្វើ​ឡើង​​ចំ​​ពេល​ដែល​​​ប្រមុខ​ការ​ទូត​ចាស់​របស់​សហរដ្ឋ​អាមេរិក លោកស្រី Hillary Clinton បាន​ចោទ​​​​​​រុស្ស៊ី និង​អ៊ីរ៉ង់​​ថា​បានផ្តល់​​ជំនួយ​​​​​ផ្នែក​អាវុធ​​​ដល់​ប្រទេស​ស៊ីរី។ លើស​ពី​នេះ​ អាមេរិក​បានក្រើន​​​រំលឹក​ក្រុង​ដាម៉ាស​ មិន​អោយ​​​បង្ក​អស្ថិរភាព​ក្នុង​តំបន់​តទៅ​ទៀត​​​​ តាម​រយៈ​​ការ​បញ្ជូន​អាវុធ​​ ទៅ​អោយ​​ក្រុម​​​​​ Hezbollah ដែល​ជា​ក្រុម​អ៊ីស្លាម​ជ្រុល​និយម​នៅ​លីបង់។

បន្ទាប់​​ពី​រុស្ស៊ី​ ដែល​ជា​ប្រទេស​លក់​អាវុធ​សំខាន់​ដល់​របប​ប្រធានាធិបតី​ អាសាដ បានសន្យា​ផ្តន្ទា​ទោស​​អ៊ីស្រាអែល​ ប្រសិន​ហេតុការណ៍​វាយ​ប្រហារ​តាម​យន្តហោះ​ពិត​ជា​បាន​កើត​ឡើង​មែន​នោះ ​​ ប្រទេស​អ៊ីរ៉ង់ សម្ព័ន្ធ​អារ៉ាប់​​​ និង​ក្រុម​​​អ៊ីស្លាម​ជ្រុល​និយម​ Hezbollah ​​បាន​ថ្កោល​ទោស​​​អ៊ីស្រាអែល​​​ ថា​បាន​​​​ឈ្លានពាន​​បូរណភាព​ដែន​ដី​ស៊ីរី។ ក្រុង​ដាម៉ាស​បាន​​ព្រមាន​រំលឹក​​ក្រុង​ Tel Aviv អំពី​ផល​វិបាក​ ដែល​ខ្លួន​នឹង​ត្រូវ​ប្រឈម​មុខ​ ដោយសារ​តែ​​ការ​វាយ​ប្រហារ​​​នេះ។ ​

ទន្ទឹម​នឹង​នេះ​ សម្ព័ន្ធ​អារ៉ាប់​បាន​ឆ្លៀត​​រិះ​គន់ ប្រធានាធិបតី​ស៊ីរី​​ លោក អាសាដ ថា​មិន​បាន​ធ្វើ​ប្រតិកម្ម​ប្រើ​យន្តហោះ​វាយ​តបត​ភ្លាមៗ​ទៅ​វិញ​ ដើម្បី​ការពារ​ដែនដី​របស់​ខ្លួន​ ហើយ​​​បន្ថែម​ទៀត​ថា​ យន្តហោះ​របស់​លោក​ ​អាសាដ គឺ​ប្រើ​សំរាប់​តែ​បំផ្លាញ​វិហារ​ សាកលវិទ្យាល័យ និង​ជន​ស៊ីវិល​​តែ​ប៉ុណ្ណោះ។

ជា​រៀង​រាល់​ថ្ងៃ​ មាន​​មនុស្ស​ប្រហែល​ជាង​ ១០​នាក់​ បាន​បាត់​បង់​ជីវិត​ ដោយសារ​តែ​ការ​បាញ់​​ប្រហារ​របស់​យន្តហោះ​​ស៊ីរី​។ យោង​តាម​អង្គការ​​សហ​ប្រជាជាតិ ជិត​ពីរ​ឆ្នាំ​មក​នេះ សង្គ្រាម​នៅ​ក្នុង​ប្រទេស​ បាន​សំលាប់​មនុស្ស​ រហូត​ដល់​ទៅ​ជាង​​ប្រាំ​មួយ​ម៉ឺន​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ