អានតួអត្ថបទ
កម្ពុជា-ថៃ-ប្រាសាទ​ព្រះវិហារ

ក្រុម​ជ្រុល​និយម​ថៃ​ផ្តើម​ធ្វើ​ចលនា​នៅ​តាម​ព្រំដែន​

ភ្លាមៗ​ក្រោយពី​​នាយក​រដ្ឋមន្ត្រី​​កម្ពុជា​ ​ស្នើ​ឲ្យ​​កម្លាំង​ប្រដាប់​អាវុធ​​ដែល​​ឈរជើង​​តាម​​ព្រំដែន​ប្រុងប្រយ័ត្ន​ ក្រុម​ប្រឆាំង​​ជ្រុល​និយម​​ថៃ​​ក៏បាន​​ផ្តើម​ធ្វើ​​សកម្មភាព​ នៅ​តាម​​ព្រំដែន​​មែន។ ពួកគេ​​រាប់រយ​នាក់​បាន​ជួបជុំគ្នា ​នា​ចុង​សប្តាហ៍​នេះ​នៅក្នុង​ខេត្ត​ក្បែរ​ព្រំដែន​កម្ពុជា​ ដើម្បី​​ប្រឆាំង​​យុត្តាធិការ​​របស់​តុលាការ​​យុត្តិធម៌​​អន្តរជាតិ​​ក្រុង​ឡាអេ​ ​ស្តី​ពី​​បញ្ហា​​ព្រះវិហារ។​ ស្របពេល​​ជាមួយគ្នា​នេះ​ដែរ​ ​មាន​​សេចក្តីរាយការណ៍​​ថា​រដ្ឋមន្ត្រី​​ការពារ​ជាតិ​​កម្ពុជា​​និង​​ថៃ​ ​គ្រោង​​ជួបគ្នា​​នៅ​​សប្តាហ៍​​ក្រោយ​​ ដើម្បី​​សម្រាល​​សភាពការណ៍​ ​នៅមុន​​ការ​បកស្រាយ​​សាលក្រម​​របស់​​តុលាការ​​ក្រុង​ឡាអេ។​

ទាហាន​ខ្មែរ​នៅ​​ប្រាសាទ​ព្រះវិហារ
ទាហាន​ខ្មែរ​នៅ​​ប្រាសាទ​ព្រះវិហារ Getty Images
ផ្សាយពាណិជ្ជកម្ម

ពួក​ជ្រុលនិយម​ថៃ​ដែល​ស្ថិតក្នុង​ក្រុម​អំណាច​របស់​ទឹកដី និង​ក្រុម​បណ្តាញ​ការពារ​ទឹកដី​ថៃ​បាន​ប្រមូល​ផ្តុំគ្នា​នា​ចុង​សប្តាហ៍​នេះ​ នៅក្នុង​បណ្តា​ខេត្ត​ក្បែរ​ព្រំដែន​កម្ពុជា។ គោលបំណង​របស់​ក្រុម​នេះ​គឺ​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​យុត្ថាធិការ​របស់​តុលាការ​ក្រុងឡាអេ ​ស្តីពី​បញ្ហា​ព្រះវិហារ។ ក្រុម​អ្នកតវ៉ា​ទាំងនោះ​បាន​អះអាង​ថា​សកម្មភាព​របស់​ពួកគេ​ គឺ​ដើម្បី​ការពារ​អធិបតេយ្យភាព​របស់​ប្រទេស​ថៃ។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ថៃ ​ដែល​បាន​ផ្សាយ​ឲ្យ​ដឹង​នៅ​ថ្ងៃអាទិត្យ​នេះ។

ភាព​រំជើបរំជួល​នៅក្នុង​ប្រទេស​ថៃ​ បាន​ផ្តើម​កើត​ឡើង​តាំង​ពី​ខែ​មករា​មក​ម្ល៉េះ ​ខណៈ​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ​គ្រោង​បកស្រាយ​ឡើងវិញ ​នូវ​សាលក្រម​ឆ្នាំ ១៩៦២ ស្តីពី​បញ្ហា​ព្រះវិហារ​ ទៅ​តាម​សំណើ​របស់​ភាគី​កម្ពុជា។ ទន្ទឹម​នឹង​សកម្មភាពផ្សេងៗ​ជាច្រើន ក្រុម​ជ្រុលនិយម​ថៃ​ទាំងនោះ​ក៏​បាន​ដាក់​សម្ពាធ​ទៅលើ​រាជរដ្ឋាភិបាល​ក្រុង​បាងកក ​ឲ្យ​បដិសេធ​ការ​សម្រេច​របស់​តុលាការ​អន្តរជាតិ​មួយ​នេះ​ផង​ដែរ។ យ៉ាងណា​ក៏ដោយ ពួកគេ​មិន​អាច​រុល​ចូល​មក​ជិត​បន្ទាត់​ព្រំដែន​កម្ពុជា​បាន​ទេ ​ដោយសារ​ការ​រារាំង​របស់​ប៉ូលិស​ថៃ។

ទន្ទឹមនឹង​នោះ​ដែរ សារព័ត៌មាន​ថៃ​ក៏​បាន​ផ្សាយ​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​ប្រទេស​ទាំងពីរ​គឺ លោក ទៀ បាញ់ និង​លោក ស៊ូគុមពល ស៊ូវ៉ាណា​ថាត មាន​គម្រោង​ជួប​គ្នា​នៅ​សប្តាហ៍​ក្រោយ​នេះ​នៅ​ក្នុង​ខេត្ត​ស៊ូ​រិន្ទ​របស់​ថៃ។ បណ្តាញ​សារព័ត៌មាន​ថៃ​ឲ្យ​ដឹង​ទៀត​ថា ជំនួប​ដែល​ស្នើ​ឡើង​ដោយ​ភាគី​ថៃ​នេះ​មាន​គោលដៅ​សម្រាល​ស្ថានការណ៍​តាម​ព្រំដែន ​នៅ​មុន​ការ​បកស្រាយ​សាលក្រម​របស់​តុលាការ​ក្រុង​ឡាអេ ​ដែល​គ្រោង​បើក​ធ្វើ​នៅ​ពាក់​កណ្តាល​ខែ​មេសា​ខាង​មុខ​នេះ។

គ្មាន​ប្រភព​អះអាង​ពី​ក្រសួង​ការពារជាតិ​កម្ពុជា​ស្តីពី​ជំនួប​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​កាលពី​ថ្ងៃ​សុក្រ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ឲ្យ​កងកម្លាំង​ប្រដាប់អាវុធ​នៅ​តាម​ព្រំដែន​ព្រះវិហារ បង្កើន​ការ​ប្រុងប្រយ័ត្ន​ក្រែង​មាន​សភាពការណ៍​អាក្រក់​ណាមួយ ​ដែល​អាច​កើត​ឡើង​ជាយថាហេតុ​ដោយសារ​ពួក​ជ្រុលនិយម​ថៃ។

ប្រមុខ​រាជដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា ទោះបី​ជា​ទំនាក់ទំនង​រវាង​រាជរដ្ឋាភិបាល​ទាំងពីរ​មាន​ការ​វិវឌ្ឍន៍​ល្អ​ក៏​ដោយ ក៏​កម្ពុជា​គួរ​ប្រុងប្រយ័ត្ន​ចំពោះ​សកម្មភាព​របស់​ពួក​ជ្រុល​និយម​ថៃ ដែល​អាច​បង្ក​បញ្ហា​ប៉ះពាល់​ដល់​បូរណភាព​ទឹកដី​កម្ពុជា​ ក្នុង​អំឡុងពេល​ដែល​តុលាការ​ក្រុងឡាអេ​បកស្រាយ​សាលក្រម​ស្តីពី​បញ្ហា​ព្រះវិហារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ