អានតួអត្ថបទ

សហចៅក្រម​ស៊ើបអង្កត​ខ្វែងគំនិតគ្នា​ទៀត​ក្នុង​សំណុំរឿង​០០៣

ការិយាល័យ​សហចៅក្រម​ស៊ើបអង្កេត​​នៃ​សាលាក្តី​ខ្មែរ​ក្រហមបាន​ចេញ​ផ្សាយ​សេចក្តីប្រកាស​ព័ត៌មាន​ដែល​បង្ហាញ​អំពី​ការ​ខ្វែង​គំនិត​គ្នា​នៅ​ក្នុង​ដំណើរការ​ស៊ើបអង្កេត​សំណុំរឿង​០០៣។ សហចៅក្រម​ស៊ើបអង្កេត​ជាតិ​ ​បាន​ប្រកាស​បិទ​ការស៊ើបសួរក្នុង​សំណុំរឿង​០០៣​ហើយ ប៉ុន្តែ​សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​ថ្លែង​ថា លោក​នៅ​បន្ត​ការ​ស៊ើបអង្កេត​នេះទៀត ហើយ​ក៏​បាន​ប្រកាស​ទទួល​យក​អ្នក​ចូលរួម​ជា​សាក្សី និង​អ្នក​ប្តឹង​ផងដែរ ដោយ​លោក​បាន​បង្ហាញ​ទីតាំង​ឧក្រិដ្ឋ​កម្ម​ដែល​ទាក់ទង​នឹង​សំណុំរឿង​០០៣​នេះ។ ទន្ទឹម​គ្នា​នេះ​ដែរ អង់គ្លេសបាន​ប្រកាស​សន្យា​ផ្តល់​ថវិកា​២លាន​២សែន​ដុល្លារ​ដល់​ភាគី​អន្តរជាតិ​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ផងដែរ។

ច្រកចូល​អគារ​អង្គជំនុំជម្រះ​វិសាមញ្ញ (តុលាការ​ខ្មែរក្រហម)
ច្រកចូល​អគារ​អង្គជំនុំជម្រះ​វិសាមញ្ញ (តុលាការ​ខ្មែរក្រហម)
ផ្សាយពាណិជ្ជកម្ម

ភាព​ខ្វែង​គំនិត​គ្នា​​ក្នុង​សំណុំរឿង​០០៣​ដ៏​ចម្រូងចម្រាស ​រវាង​សហចៅក្រម​ស៊ើបអង្កេត​ជាតិ និង​សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​នៅ​សាលាក្តី​ខ្មែរក្រហម ​ត្រូវបាន​បង្ហាញ​អោយឃើញ​សា​ជាថ្មីទៀត ​តាម​រយៈ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​នេះ។ ខណៈ​ដែលលោក​យូ​ ប៊ុនឡេង សហចៅក្រម​ស៊ើបអង្កេត​ជាតិ​បាន​ប្រកាស​ថា លោក​បាន​បិទការ​ស៊ើបសួរ​ក្នុង​សំណុំរឿង​០០៣ហើយ ​តាំង​ពី​ខែ​មេសា​ឆ្នាំ​២០១១ ជាមួយ​សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ Siegfried Blunk នោះ សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​ថ្មី​ លោកMark B. Harmon បាន​ប្រកាស​ថា លោក​នៅ​បន្ត​បើក​ការ​ស៊ើបអង្កេត​ក្នុង​សំណុំរឿង​០០៣​នេះ​បន្តទៀត។ ​

សហចៅក្រមស៊ើបអង្កេត​អន្តរជាតិ​ថែម​ទាំង​ប្រកាស​ស្វែង​រក​ការ​ចូលរួម​ពី​អ្នក​ដែល​អាច​ពាក់ព័ន្ធ​ជា​សាក្សី ជាដើមបណ្តឹង​រដ្ឋ​ប្បវេណី​ទៀត​ផង ដោយ​បាន​បង្ហាញ​ទីតាំង​ឧក្រិដ្ឋកម្ម​ក្នុង​សំណុំរឿង​០០៣​នេះ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ ទីតាំង​ឧក្រិដ្ឋកម្ម​ក្នុង​សំណុំរឿង​០០៣​មាន​ដូចជា មន្ទីរសន្តិសុខ ស ២១ ការដ្ឋាន​វាយថ្ម​ស្ទឹងហាវ​នៅ​ខេត្ត​កំពង់សោម ការ​ដ្ឋាន​សាងសង់​ព្រលានយន្តហោះ​កំពង់ឆ្នាំង ទីតាំងសម្លាប់ស្ទឹងតូច​ក្នុង​ស្រុក​ពញាក្រែក​ ខេត្តកំពង់ចាម ចំការ​ធូរ៉េន​ ក្នុងភូមិរាម​ខេត្តកំពង់សោម ​ជាដើម។ សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិបាន​អំពាវនាវ​រក​ជនណា​ដែល​បាន​ដឹង​ឮ ​អំពី​ការ​ប្រព្រឹត្តិ​ឧក្រិដ្ឋ​កម្ម​នៅ​លើ​ទីតាំង​ដែល​ត្រូវបាន​បង្ហាញ​ជាសាធារណៈ​នោះ។

លោក​នេត ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​បាន​ពន្យល់​ថា ការ​ខ្វែង​គំនិត​គ្នា​នៅ​ក្នុង​ការអនុវត្ត​នីតិវិធី​នៃ​វិធាន​ផ្ទៃក្នុង​យ៉ាង​នេះ​គឺ​ជា​ការ​ធម្មតា​នោះទេ ហើយថា ក្រុម​អ្នក​ច្បាប់​នឹង​អាច​រកដំណោះស្រាយ​ទៅ​តាម​វិធាន​ផ្ទៃក្នុង​នេះ​វិញ​។

សំណុំរឿង​០០៣ ជា​សំណុំរឿង​ដ៏​ចម្រូង​ចម្រាស​ខ្លាំង ​រវាង​រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សហប្រជាជាតិ​ ដែល​ជា​ភាគី​បង្កើត​តុលាការ​ពិសេស​កូនកាត់​នេះ។ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​មិនចង់​ឃើញ​ការ​កាត់ទោស​លើស​ពី​សំណុំរឿង​០០២​នៅ​ក្នុង​សាលាក្តី​ដែល​កំពុង​ជួប​ប្រទះវិបត្តិ​ហិរញ្ញវត្ថុ​នេះ​ឡើយ។

នៅ​ក្នុង​តុលាការ​កូនកាត់​នេះ បុគ្គលិក​ភាគី​ជាតិ​មិន​បាន​ទទួល​ប្រាក់​ខែ​ពួកគេ​៣​ខែ​មកហើយ ខណៈ​ប្រទេស​ចាប់អារម្មណ៍​លើ​សាលាក្តី​នេះ​មួយ​ចំនួន​នៅ​បន្ត​សន្យា​ផ្តល់​ហិរញ្ញ​វត្ថុ​អោយ​តែ​ភាគី​អន្តរជាតិ។

ចុងក្រោយ​នេះ រដ្ឋាភិបាល​អង់គ្លេសបាន​សន្យា​ផ្តល់​ថវិកា​២លាន​២សែន​ដុល្លារ​ដល់​ភាគី​អន្តរជាតិ។

អ្នកនាំពាក្យសាលាក្តី​ខ្មែរ​ក្រហម​បាន​ថ្លែងថា សហភាព​អឺរ៉ុប​កំពុង​ស្វែក​រក​ថវិកា​ទំហំ​៣០​ម៉ឺន​ដុល្លារ​ ដើម្បី​ផ្តល់​អោយ​ភាគី​ជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ