អានតួអត្ថបទ
​MH៣៧០

បូអ៊ីង​ជើងហោះហើរ​MH៣៧០​បានធ្លាក់​ក្នុង​សមុទ្រ ​​ក្នុងល្បឿន​​​​​រាប់រយ​គីឡូម៉ែត្រ​ក្នុង​មួយម៉ោង

យោងតាម​ការ​សិក្សា​មួយ ចុះផ្សាយ​ថ្ងៃអង្គារ​នេះ ​យន្តហោះ​បូអ៊ីង​៧៧៧ជើងហោះហើរ MH៣៧០ របស់​ក្រុមហ៊ុន​ម៉ាឡេស៊ី ដែល​​បាន​​បាត់ខ្លួន​ជាង​២ឆ្នាំហើយ​នោះ ​បានធ្លាក់ចុះទៅ​ក្នុង​ទឹក​​សមុទ្រ ​​ក្នុង​​​ល្បឿន​លឿន ​​​រាប់រយ​គីឡូម៉ែត្រ​ក្នុង​មួយម៉ោង​។ ថ្មីៗ​នេះដែរ​ មន្ត្រីម៉ាឡេស៊ី​ប្រាប់ថា​ អ្នកបើក​យន្តហោះ​​ធ្លាប់​ហាត់សម​ជាមួយ​ម៉ាស៊ីន ​​លើ​ផ្លូវហោះហើរ​មួយ ឆ្ពោះ​ទៅ​សមុទ្រ​ឥណ្ឌា ​នៅ​កន្លែង​ដែល​យន្តហោះ​អាច​បាត់ខ្លួន។

យន្តហោះ​ទាហាន​ CASA ២៣៥ ដែល​ធ្លាប់​​ចូលរួម​​​​ប្រតិបត្តិការ​រុករក​យន្តហោះ​ក្រុមហ៊ុន​ម៉ាឡេស៊ី
យន្តហោះ​ទាហាន​ CASA ២៣៥ ដែល​ធ្លាប់​​ចូលរួម​​​​ប្រតិបត្តិការ​រុករក​យន្តហោះ​ក្រុមហ៊ុន​ម៉ាឡេស៊ី AFP PHOTO / RICHARD BOUHET
ផ្សាយពាណិជ្ជកម្ម

យន្តហោះ​បូអ៊ីង​៧៧៧ជើងហោះហើរ MH៣៧០ របស់​ក្រុមហ៊ុន​ម៉ាឡេស៊ី ផ្ទុក​មនុស្ស​​​២៣៩នាក់ ​ហោះចេញ​ពី​ក្រុងកូឡា ឡុំពួ ឆ្ពោះ​​ទៅ​ក្រុងប៉េកាំង បាន​​បាត់ខ្លួន​ជាង​២ឆ្នាំហើយ​។ យោងតាម​ការ​សិក្សា​មួយ ចុះផ្សាយ​ថ្ងៃអង្គារនេះ​ យន្តហោះ​​បានដាំក្បាលចុះ ក្នុង​កំពស់​ជាង​១០គីឡូម៉ែត្រ និង​ធ្លាក់ចុះ​ក្នុង​ល្បឿន​ពី​​​​ជាង​២០០គីឡូម៉ែត្រ ដល់​​ជាង​៣៦៥គីឡូម៉ែត្រ​ក្នុង​មួយម៉ោង។ លទ្ធផល​នៃ​ការសិក្សា​នេះ ​មានទំនោរគូសបញ្ជាក់​ទៅលើ​ការគិត​កន្លង​មកថា​ យន្តហោះ​អាច​​ធ្លាក់​ ក្នុង​តំបន់ដែល​គេ​រុករក។ ​ក្រុមហ៊ុន​បូអ៊ីងយល់ថា ​ពេល​យន្តហោះ​ម៉ាឡេស៊ី​ត្រូវ​អស់​សាំង​ហើយនោះ វា​បាន​​បន្ថយ​ល្បឿន ​​ហើយ​ធ្លាក់ចុះ​លឿន​ស្លេវ ​ចូលក្នុង​​ទឹក​តែម្តង។

ប្រតិបត្តិការ​រុករក​យន្តហោះ​ ដឹកនាំ​ដោយ​អូស្ត្រាលី ​កន្លងមក ​ផ្តោត​លើ​តំបន់​ទំហំ​ ១២០ ០០០ ​គីឡូម៉េត្រ​ការ៉េ គឺ​ស្មើ​នឹង​ប្រទេស​ស៊្វីស​ដល់ទៅ​៣។ ក្រសួងការពារជាតិ​អូស្ត្រាលី​ធ្លាប់ប្រាប់​​​​ថា ​ប្រព័ន្ធផ្កាយរណប​​បាន​ចាប់បាន​សញ្ញា​ដែល​យន្តហោះ​បញ្ចេញ​ដោយ​ស្វ័យ​ប្រវត្តិ- នេះជាព័ត៌មាន​គូសបញ្ជាក់​​លើ​លទ្ធផល​នៃការ​សិក្សា ចុះផ្សាយ​ថ្ងៃអង្គារនេះ ​ដែល​ថា​ យន្តហោះបានធ្លាក់​ចុះលឿនស្លេវ ​ក្នុង​ទឹក​សមុទ្រ។

ថ្មីៗ​នេះ ​​មន្ត្រី​ម៉ាឡេស៊ី​ប្រាប់ថា ​អ្នកបើកបរ​ឈ្មោះ​ ​ហ្សាហារី អាម៉ាត ស្ហា ដែល​បញ្ជា​យន្តហោះ​បូអ៊ីង ជើងហោះហើរ​​MH៣៧០ នោះ ធ្លាប់​បាន​ហាត់សម​ជាមួយ​ម៉ាស៊ីន នៅ​លើ​ផ្លូវហោះហើរ​មួយ​​ឆ្ពោះ​ទៅ​កាន់​សមុទ្រ​ឥណ្ឌា ជិត​ផ្លូវ​ដែល​យន្តហោះ​កាច់ចង្កូត​ទៅ នៅ​ពេលចុងក្រោយ​នោះ។ ទោះ​អ្នកបើកបរ​ធ្លាប់​ហាត់សម​តាមផ្លូវ​មួយនេះក្តី ក៏​គេគ្មានភស្តុតាង​បញ្ជាក់ថា គាត់​​ពិតជា​បាន​កាច់​ចង្កូត​​យន្តហោះ ឆ្ពោះទៅ​សមុទ្រ​ឥណ្ឌា នៅ​ថ្ងៃ​ដែល​យន្តហោះ​បាត់ខ្លួនដែរ។ ​

គួរបញ្ជាក់​ថា ផ្លូវហោះហើរ​​ដែល​យន្តហោះ​កាច់ចង្កូតទៅរក​​​ចុងក្រោយ​ ​មិនមែន​ជាផ្លូវដែល​​ត្រូវប្រើ ដើម្បី​ធ្វើដំណើរ​ទៅក្រុង​ប៉េកាំង​ទេ តាម​ការគ្រោងទុកទេ។ ការបាត់ខ្លួន​​របស់​បូ​អ៊ីង​៧៧៧ជើងហោះហើរ MH៣៧០​​ ជា​ហេតុការណ៍​​ដ៏អាថ៌កំបាំង​បំផុត ក្នុង​ប្រវត្តិ​អាកាសចរណ៍​ស៊ីវិល។ គេគិតថា ​ការបាត់ខ្លួននេះ អាច​បណ្តាលមកពី​បញ្ហា​គ្រឿងម៉ាស៊ីន​ ភេរវកម្ម រឺ​ក៏​ការចាប់​ចំណាប់ខ្មាំង​ ប៉ុន្តែ ​រហូត​ពេលនេះ ​នៅមិនទាន់​មាន​តំរុយ​អ្វីបញ្ជាក់​​​ការ​សង្ស័យ​ទាំងនេះ​​​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ