អានតួអត្ថបទ
ម៉ិចស៊ិក

ប្រទេស​ម៉ិចស៊ិក​រងការ​វាយប្រហារ​ដោយ​ព្យុះសង្ឃរាថ្មី​​

ព្យុះ​​រដូវមូសុង​​​​មានឈ្មោះថា "ម៉ានុយអេល" បាន​វាយប្រហារ​ប្រទេស​ម៉ិចស៊ិក​ តាំង​ពីថ្ងៃ​សៅរ៍​មក ហើយ​នៅយប់ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ព្យុះ​ម៉ានុយអេល​​បាន​ប្រែ​ក្លាយ​​ទៅ​ជា​ព្យុះសង្ឃរា​បន្ត​​គំរាម​ម៉ិចស៊ិក​​ដដែល។ មហន្តរាយ​​​ព្យុះភ្លៀង​នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយនេះ បាន​សម្លាប់​មនុស្ស​យ៉ាងហោច​៨០នាក់ ហើយ​មាន​មនុស្ស​ប្រមាណ​៥៨នាក់​បាត់ខ្លួន នៅក្នុង​ការ​ស្រុតបាក់ដី។  

ឆ្នេរ​សមុទ្រ​នៅ​ Acapulco កាលពី​ថ្ងៃ​១៥កញ្ញា។ ព្យុះ​សង្ឃរា​អ៊ីនហ្គ្រីដ និង​​ភ្លៀងមូសុង​បាន​វាយប្រហារ​ឈូងសមុទ្រ​ម៉ិចស៊ិក។
ឆ្នេរ​សមុទ្រ​នៅ​ Acapulco កាលពី​ថ្ងៃ​១៥កញ្ញា។ ព្យុះ​សង្ឃរា​អ៊ីនហ្គ្រីដ និង​​ភ្លៀងមូសុង​បាន​វាយប្រហារ​ឈូងសមុទ្រ​ម៉ិចស៊ិក។ REUTERS/Jacobo Garcia
ផ្សាយពាណិជ្ជកម្ម

ចាប់​ពី​ថ្ងៃ​សៅរ៍​ចុងសប្តាហ៍​មុន​មក ប្រជាជន​ម៉ិចស៊ិក​នៅតែ​បន្ត​រងការគំរាមកំហែង​ដោយ​​ព្យុះ​ភ្លៀង​​។ កាលពី​ចុង​សប្តាហ៍​ នៅពេល​ដែល​ព្យុះ​"ម៉ានុយអេល"​ចូល​ខ្លួន​ទៅ​ប៉ះ​នឹង​ផ្ទៃដី​នៅ​ភាគខាងត្បូង​ប្រទេស ព្យុះ​នេះបាន​បន្ថយ​ឥទ្ធិពល​របស់​ខ្លួន។ ប៉ុន្តែ​​ នៅពេល​ដែល​បោកបក់​ឆ្លងកាត់​តាមបណ្តោយ​​ឆ្នេរ​​​​មហា​សមុទ្រប៉ាស៊ីហ្វិក​​​ ព្យុះ​"ម៉ានុយអេល" ​បាន​ចាប់​បញ្ចេញ​កម្លាំង​របស់​ខ្លួនឡើងវិញ ប្រែ​ទៅជាព្យុះសង្ឃរា​​ដែល​មាន​ល្បឿន​​រហូត​១១៥គីឡូម៉ែត្រ​ក្នុង​មួយម៉ោង។ ព្យុះសង្ឃរា​ថ្មី​នេះ បាន​បន្ត​បោកបក់​ចូល​ទៅ​ភាគ​ឥសាន​ប្រទេស​ម៉ិចស៊ិក​ថែម​ទៀត។

នៅ​ថ្ងៃ​សៅរ៍ ​ខាង​ផ្នែក​ឈូងសមុទ្រ​ម៉ិចស៊ិក​​​ក៏​បាន​រងការគំរាម​កំហែង​​ដោយ​ព្យុះសង្ឃរា​​មួយ​​ទៀត​ដែរ​ ​ ឈ្មោះ​​​ថា អ៊ីនហ្គ្រីដ។ ប៉ុន្មាន​ថ្ងៃ​ចុងក្រោយនេះ ម៉ិចស៊ិក​​បាន​រងនូវ​ភ្លៀងធ្លាក់​ជោគជាំ ធ្វើអោយ​មាន​ទឹកជំនន់​​ស្ទើរ​តែគ្រប់​ទីកន្លែង លិច​ផ្លូវថ្នល់ ស្ពាន​និង​ព្រលានយន្តហោះ​ជាច្រើនកន្លែង។ ព្យុះ​"ម៉ានុយអេល" ​បាន​វាយប្រហារ​​ខ្លាំង​ជាងគេ​ទៅលើ​រដ្ឋ​ Guerrero។ ក្នុង​រដ្ឋ​ហ្កេរេរ៉ូ​នេះ មានមនុស្ស​៥៨នាក់ នៅ​ភូមិ​ឡា ពីនតាដា បាន​បាត់ខ្លួន​​ ក្នុង​ហេតុការណ៍​បាក់ស្រុត​ដី។

កាលពី​ថ្ងៃ​អង្គារ នៅ​​ក្រុង​​អាកាពុលកូ​ ដែល​ជាទីក្រុង​ទេសចរ​ដ៏​ល្បី​ ក្នុង​រដ្ឋនេះដែរ មនុស្ស​រាប់ពាន់​នាក់​បាននាំគ្នា​ចូល​ទៅ​​អគារ​ពាណិជ្ជកម្ម​ដែលលិចទឹក លួច​យក​ម្ហូបអាហារ​ និង​សម្ភារៈ​ផ្សេងៗ​នៅទីនោះ។ ​អ្នកទេសចរ​ក្នុង​ស្រុក​និង​បរទេស​ប្រមាណ​៤សែននាក់​ បាន​ជាប់​ខ្លួន​នៅក្រុងអាកាពុលកូ។ អាជ្ញាធរ​បាន​រៀបចំ​ជួយអោយ​អ្នកទេសចរ​ប្រមាណ​៥០០០នាក់ បានចាក​​ចេញ​ពីទីនោះ។

នៅថ្ងៃ​ពុធ​នេះ នៅ​តំបន់​ជុំវិញអាកាពុលកូ​ ឧត្ធម្ភាគចក្រ​បាន​ជួយ​សង្គ្រោះប្រជាជន​១០០០នាក់​ ដែល​ឡើង​ជ្រកខ្លួន​នៅ​តាម​ដំបូល​ផ្ទះ។ បញ្ហា​ដែលចោទ​នៅពេលនេះ គឺ​ការខ្វះខាត​ទឹក​ស្អាត​ និង​ចំណីអាហារ ថ្វីដ្បិត​តែ​កងទ័ព​ម៉ិចស៊ិក​បាន​ប្រកាស​ថា បាន​ជួយ​ជាចំណីអាហារ​ប្រមាណ​៦០តោន និង​ទឹក​​៨០០០លីត្រ​រួចហើយ​ក៏ដោយចុះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ