អានតួអត្ថបទ
ហ្វីលីពីន

ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​នៅ​​លិចទឹក​​នៅឡើយ​

ភ្លៀងរដូវ​មូសុង​ នៅ​តែ​បន្ត​ធ្លាក់​ខ្លាំង​ជោគជាំ នៅ​ថ្ងៃពុធ​នេះ នៅ​​​ហ្វីលីពីន​​​​​​​ ធ្វើ​អោយ​ទីក្រុង​ម៉ានីល​នៅ​តែ​បន្ត​រងការ​លិចទឹក។ ប្រជាជន​ប្រមាណ​បីសែន​នាក់​ នៅ​មិន​ទាន់​អាច​វិលត្រលប់​ទៅ​ផ្ទះ​វិញបាន​នៅឡើយ​ទេ។ យោងតាម​អាជ្ញាធរ​ មាន​មនុស្ស​យ៉ាងហោច​ណាស់​ ៨នាក់​ បាន​ស្លាប់​បាត់បង់​ជីវិត​​ ហើយ​ចំនួន​នេះ​អាច​នឹង​កើន​ឡើង​ថែមទៀត។

ទ័ព​ហ្វីលីពីន​កំពុងបើកបរ​រថយន្ត​ តាម​ផ្លូវ​ដែលលិច​ទឹក ដើម្បី​ចុះជួយ​ប្រជាជន។​
ទ័ព​ហ្វីលីពីន​កំពុងបើកបរ​រថយន្ត​ តាម​ផ្លូវ​ដែលលិច​ទឹក ដើម្បី​ចុះជួយ​ប្រជាជន។​ REUTERS/John Javellana
ផ្សាយពាណិជ្ជកម្ម

អស់​​រយៈ​ពេល​បី​ថ្ងៃ​មកហើយ ដែល​​ភ្លៀង​រដូវ​មូសុង បាន​បន្ត​ធ្លាក់ជោគជាំ​ ​នៅ​ទីក្រុង​ម៉ានីល​ និង​នៅ​ទីកន្លែង​ជាច្រើន​​ទៀតនៃ​ប្រជុំ​កោះ​Luzon។ នៅ​ថ្ងៃ​ពុធ​នេះ ទីក្រុង​ម៉ានីល​​មួយភាគបី នៅ​បន្ត​រង​ការ​លិចទឹក​នៅឡើយ។ តំបន់​ដែលរង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ គឺ​តំបន់​ឆ្នេរ​ កាវីត នៅ​ជាង​២០​គីឡូម៉ែត្រ​ពី​ក្រុង​ម៉ានីល។ មនុស្ស​​បីសែន​នាក់ នៅមិនទាន់​អាច​ត្រលប់​ទៅផ្ទះពួកគេ​​វិញបាន​នៅឡើយ​ទេ។​ ពួកគេ​បាន​នាំគ្នា​ទៅជ្រកកោន នៅ​តាមផ្ទះ​បងប្អូន មិត្តភក្តិ​ និង​នៅ​តាម​​កន្លែងនានា​ដែល​​ទទួល​​ជនភៀសខ្លួន​ដោយ​សារ​ភ្លៀង​មូសុង​នេះ។ សាលារៀន​ និង​ស្ថាប័នរដ្ឋ​ បាន​បិទទ្វារ​​តាំងពី​ថ្ងៃ​ចន្ទ​មក​ម្ល៉េះ។

យោងតាម​កាកបាទ​ក្រហម​ហ្វីលីពីន បញ្ហា​ដែលចោទឡើង​នៅពេល​នេះ គឺ​​​ការ​ខ្វះ​អាហារ​និង​ទឹកប្រើប្រាស់។ រដ្ឋាភិបាល​បាន​​ចែកចាយ​អាហារ​និង​គ្រឿង​តំរូវការ​ចាំបាច់​ជាច្រើនដល់​ជនភៀសខ្លួន​​ដែរ ប៉ុន្តែ​នៅ​មិនទាន់​គ្រប់គ្រាន់​នោះទេ។

ភ្លៀង​រដូវមូសុង​​​ដែល​ធ្លាក់​​ជោគជាំ​នៅ​ហ្វីលីពីន​នេះ បង្កឡើង​ដោយសារ​តែ​ការជួបគ្នា​រវាង​ខ្យល់រដូវ​មូសុង និង​ព្យុះ​ត្រូពិច​ឈ្មោះ​ថា​ត្រាមី ថ្វី​បើ​​ព្យុះ​នេះ​ស្ថិត​នៅចំងាយដល់​ទៅ​​៥០០គីឡូម៉ែត្រ​​ពីហ្វីលីពីន​ក៏ដោយចុះ។ ជារៀងរាល់ឆ្នាំ​ ព្យុះភ្លៀង​ប្រមាណ​​ជាង​២០​ តែងតែ​វាយប្រហារ​ប្រទេស​មួយនេះ ធ្វើ​អោយ​មាន​មនុស្ស​ស្លាប់​ច្រើននាក់។ កាលពី​ឆ្នាំ​២០១២ ភ្លៀង​​ដ៏​សន្ធឹកសន្ធាប់​​មួយដែល​មាន​បរិមាណ​ស្មើ​នឹង​ភ្លៀង​រយៈ​ពេល​១ខែ ​បានវាយ​ប្រហារ​​​ទីក្រុង​ម៉ានីល​ ធ្វើ​អោយ​មាន​​មនុស្ស​ស្លាប់​៥១នាក់ តែ​ក្នុង​រយៈ​ពេល​៤៨​ម៉ោង​ប៉ុណ្ណោះ។ ហើយ​កាលពី​ឆ្នាំ​២០០៩ ព្យុះសង្ឃរា​​ឈ្មោះ Parma បាន​សម្លាប់​មនុស្ស​​ក្នុង​ប្រទេស​ ​ជាង​១ពាន់១រយនាក់៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ