អានតួអត្ថបទ
ជប៉ុន

ជប៉ុន​ទាញ​សញ្ញា​អាសន្ន​ពិសេស​ប្រឈម​នឹង​ព្យុះ​​កំណាច នៅ​ហ្វូគូស្ហ៊ីម៉ា

ព្យុះ​ Man-yi ព្យុះ​វស្សា​ដ៏​កំណាច​ប្រចាំ​រដូវ បាន​វាយ​បោក​បក់​មក​លើ​ភាគ​ខាង​ត្បូង និង​ភាគ​ខាង​កើត​ជប៉ុន​នៅ​ព្រឹក​មិញ ជា​មួយ​នឹង​ទឹកភ្លៀងយ៉ាង​ខ្ជោកខ្ជាំ មិន​ធ្លាប់​ជួប​ប្រទះ​ពីមុន​មក​ទេ។ ខេត្ត​ជា​ច្រើន រួម​ទាំង​​តំបន់​ហ្វ៊ូគូស្ហ៊ីម៉ា ផង ត្រូវ​ប្រកាស​ដាក់​ក្នុង​ភាព​អាសន្ន​ពិសេស​។

ទិដ្ឋភាព​នៃ​ទឹកជំនន់​​បង្ក​ឡើង​ដោយ​ព្យុះ​កំណាច​មែនយឺ លើ​ក្រុង​ក្យូតូ​
ទិដ្ឋភាព​នៃ​ទឹកជំនន់​​បង្ក​ឡើង​ដោយ​ព្យុះ​កំណាច​មែនយឺ លើ​ក្រុង​ក្យូតូ​ © Reuters
ផ្សាយពាណិជ្ជកម្ម

 

បរិមាណ​ទឹក​ភ្លៀង​ បង្ក​ឡើង​ព្យុះ​កំណាច​ មែនយី ធ្លាក់មក​ដូច​គេ​ចាក់​ទឹក​ ! ត្រឹម​តែ​មួយ​ព្រឹក​ថ្ងៃ​ចន្ទ​ មនុស្ស​បួន​នាក់​បាន​បាត់​ខ្លួន ៦៥​នាក់​បាន​រង​របួស​ព្រោះ​កម្លាំង​ខ្យល់​និង​ទឹក​ភ្លៀង។ ផ្ទះរាប់​សិប​រយ​ខ្នង​ត្រូវ​ជន់​លិច​និង​ខូច​ខាត​ ដោយ​ការ​ហូរ​បាក់​ដី ទឹកស្ទឹង​ទឹក​ទន្លេ​ឡើង​ជោរ​ជន់​ក្នុង​ពេ​ល​តែ​មួយ​ប៉ប្រិច​ភ្នែក។ បណ្តា​ជន​ នៅ​ក្យូតូ និង​អូសាកា ជាង​កន្លះ​លាន​នាក់​ត្រូវ​ជម្លៀស​ចេញ​។

នៅរសៀល​នេះ ព្យុះ​កំណាច ដែល​ល្បឿន​បោក​បក់ ១៦០គ.ម.​ក្នុង​ម៉ោង​ ត្រូវ​ធ្វើ​ដំណើរ​ទៅ​ដល់​​តំបន់​ហ្វ៊ូគូស្ហ៊ីម៉ា​ ទី​ដែល​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ធ្លាប់​រង​គ្រោះ​មហន្តរាយ​រលក​ស៊ូណាមី​កាលពី​ពីរ​ឆ្នាំ​មុន។ ក្រុមហ៊ុន​តិបកូ​ម្ចាស់​មជ្ឈមណ្ឌល បាន​ពង្រឹង​កម្លាំង​ បង្កើនការ​ត្បាត​ ការ​ពារ​សម្ភារៈ​បរិក្ខា​សំខាន់ៗ​សម្រាប់​​បង្ហូរ​ទឹក​ទៅ​បញ្ចុះ​កម្តៅ​ប្រតិករ​នុយក្លេអ៊ែរ​ផង ម៉ាស៊ីន​បូម​ផង និង​ត្រូវ​ធ្វើ​យ៉ាង​ណា​ ទប់​ទឹក​កុំ​ឱ្យ​ជន់​ជោរ​ផង ទៅ​បន្ថែម​លើ​គ្រោះ​​ធ្លាយ​ទឹក​មាន​​សារធាតុ​វិទ្យុ​​សកម្ម។

ថ្វី​បើ​មាន​ការ​ខូច​ខាត​ និង​ការ​លុប​ជើង​ហោះហើរ ព្រមទាំង​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក​និ​ង​ផ្លូវ​ដែក​ក៏​ពិត​មែន​នៅ​ថ្ងៃ​នេះ ប៉ុន្តែ​រដូវ​វស្សា​ឆ្នាំ​២០១៣​នេះ​ ព្យុះ​ភ្លៀង​ហាក់​ដូច​ជា​មិន​សូវ​កំណាច​ខ្លាំង​ដាក់​ជប៉ុន មានតែ​ភ្លៀង​ខ្លាំង​ធ្វើ​ឱ្យ​ខូច​ខាត​ជា​សម្ភារៈ​ខ្លាំង​កាលពី​ខែ​សីហា​នៅ​ភាគ​ខាង​លិច​ប្រទេស​ តែ​នៅ​ភាគ​ខាងកើត​វិញ​បែរ​ជាមាន​គ្រោះ​រាំង​ស្ងួត​ ក្តៅ​ខ្លាំង​រហូត​ស្លាប់​មនុស្ស​អស់​ប្រមាណ​ជាង​៣៥០​នាក់​ ឯ​នៅ​តូក្យូ​គេ​នាំ​គ្នា​ព្រួយ​បារម្ភ​ពី​កង្វះ​ទឹក​បំរុង​ទុក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ