អានតួអត្ថបទ
កម្ពុជា

សាលាក្តីខ្មែរក្រហម​រកវិធី​បង្កើន​ល្បឿន​សវនាការ​សំណុំរឿង ០០២

បញ្ហា​សុខភាព​របស់​ជនជាប់ចោទ​ដែល​កាន់​តែ​ដុនដាប​ទៅៗ បាន​ជំរុញ​ឲ្យ​សាលាក្តី​ខ្មែរក្រហម​ពិភាក្សា​ឡើង​វិញ​ជា​បន្ទាន់​អំពី​ការ​បង្កើន​ល្បឿន​នៃ​សវនាការ​សំណុំរឿង ០០២ ឲ្យ​បាន​លឿន​បំផុត​តាម​ដែល​អាចធ្វើ​ទៅបាន។ ខុស​ពី​ការ​គ្រោងទុក សវនាការ​នៅ​ដើម​សប្តាហ៍​ក្រោយនេះ មិនមែន​ជា​ការ​បន្ត​ស្តាប់​សក្ខីកម្ម​របស់​សាក្សី​ទេ តែ​គឺ​ជា​សវនាការ​ពិសេសមួយ​ដើម្បី​រក​វិធី​ជំរុញ​សវនាការ​ឲ្យ​បាន​លឿន និង​មាន​ប្រសិទ្ធភាព​បំផុត។ ការ​ប្រែប្រួល​នេះ​បាន​កើត​ឡើង ខណៈ​ដែល នួន ជា កំពុង​បន្ត​សម្រាក​ក្នុង​មន្ទីរពេទ្យ​នៅឡើយ។

ចៅក្រុម​នៃ​តុលាការ​ខ្មែរក្រហម
ចៅក្រុម​នៃ​តុលាការ​ខ្មែរក្រហម ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

សុខភាព​របស់​ជនជាប់ចោទ​បាន​ធ្វើ​ឲ្យ​មាន​ក្តីបារម្ភ​កាន់​តែ​ខ្លាំង​ឡើង​ហើយ​សម្រាប់​សាលាក្តី​ខ្មែរក្រហម។ ភាគី​ពាក់ព័ន្ធ​ទាំងឡាយ​មាន​ដូច​ជា​ព្រះរាជអាជ្ញា ដើម​បណ្តឹងរដ្ឋប្បវេណី និង​មេធាវី​ការពារ​ក្តី​នឹង​ត្រូវ​ពិភាក្សា​គ្នា​ក្នុង​សវនាការ​ពិសេស​មួយ​នៅ​ថ្ងៃ​ចន្ទ និង​ថ្ងៃ​អង្គារ​ដើម​សប្តាហ៍​ក្រោយ​នេះ ដើម្បី​រិះរក​វិធី​ពន្លឿន​សវនាការ​ឲ្យ​ឆាប់​ចប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​សាលាក្តី​ខ្មែរក្រហម​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ។ លោក​នេត្រ ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​នេះ​ថា បន្ទាប់​ពី​ស្តាប់​មតិយោបល់​របស់​គ្រប់​ភាគី​ពាក់ព័ន្ធ​រួច អង្គជំនុំជម្រះ​សាលាដំបូង​នឹង​សម្រេច​ជា​ថ្មី​នូវ​នីតិវីធី​ណា​មួយ​ដែល​អាច​ឲ្យ​សវនាការ​សំណុំរឿង ០០២ ប្រព្រឹត្ត​ទៅ​បាន​លឿន និង​មាន​ប្រសិទ្ធភាព​បំផុត។

សូម​បញ្ជាក់​ថា កន្លង​ទៅ​នេះ អង្គជំនុំជម្រះ​សាលាដំបូង​ធ្លាប់​បាន​សម្រេច​បំបែក​សំណុំរឿង ០០២ ជា​ផ្នែកតូចៗ​ដោយ​សង្ឃឹម​ថា វិធី​នេះ​អាច​នឹង​ពន្លឿន​ការ​ចេញ​សាលក្រម​ទៅ​តាម​ផ្នែក​នៅមួយៗ​ឲ្យ​បាន​ឆាប់។ ជាក់ស្តែង ផ្នែក​ទី១​ដែល​កំពុង​តែ​ដំណើរការ​សវនាការ គឺ​ផ្តោត​តែ​ទៅ​លើ​ការជម្លៀស​ប្រជាជន និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​តែ​ប៉ុណ្ណោះ។ ចំណែក​ផ្នែក​ទី២ ផ្តោត​ទៅ​លើ​ឧក្រិដ្ឋកម្មសង្គ្រាម និង​ផ្នែក​ទី៣ ផ្តោត​ទៅ​លើ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍។
ប៉ុន្តែ បន្ទាប់​ពី​ដំណើរការ​បាន​ជាង​៥ខែ​មក អង្គជំនុំជម្រះ​តុលាការ​កំពូល​បាន​សម្រេច​កាល​ពី​សប្តាហ៍​មុន​ថា ការ​បំបែកសំណុំរឿង ០០២ ជា​ផ្នែក​តូចៗ​នេះ គ្មាន​សុពលភាព​ទេ ហើយ​បាន​សុំ​ឲ្យ​សាលាដំបូង​ពិនិត្យ​ឡើង​វិញ​នូវ​នីតិវិធី​របស់ខ្លួន និង​ពិគ្រោះ​យោបល់​ឲ្យ​បាន​គ្រប់គ្រាន់។ ម្យ៉ាងទៀត ការពិនិត្យ​នីតិវិធី​នៃ​សវនាការ​របស់ខ្លួន​ឡើង​វិញ​នេះ​ក៏​ដើម្បី​ពន្លឿន​សវនាការ​ផង​ដែរ។

បច្ចុប្បន្ន​នេះ ជនជាប់ចោទ​ទាំងបី​កំពុង​តែ​មាន​វ័យចាស់​ជរា និង​មាន​បញ្ហា​សុខភាព​រៀងៗ​ខ្លួន។ រហូត​មក​ទល់​ថ្ងៃ​នេះ នួន ជា អតីត​បងធំ​ទី២​នៃ​របប​ខ្មែរក្រហម​អាយុ ៨៦ឆ្នាំ កំពុង​ស្ថិត​ក្នុង​មន្ទីរពេទ្យ​នៅ​ឡើយ ខណៈ​ដែល​ខៀវ សំផន អតីត​ប្រមុខរដ្ឋ​អាយុ ៨២ឆ្នាំ​បាន​បោះបង់​សិទ្ធិ​ចូល​សវនាការ រីឯ​អៀង សារី អតីត​រដ្ឋមន្ត្រី​ការបរទេស​ខ្មែរក្រហម​អាយុ ៨៧ឆ្នាំ ក៏​ទើប​តែ​ចេញពី​មន្ទីរពេទ្យ​ដែរ។ ស្ថានភាព​បែប​នេះ​ហើយ​ដែល​តម្រូវ​ឲ្យ​សាលាក្តី​ពិនិត្យ​ឡើង​វិញ​ជា​បន្ទាន់​នូវ​នីតិវិធី​របស់​ខ្លួន​ដើម្បី​ជំរុញ​ល្បឿន​សវនាការ​បន្ថែម​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ