អានតួអត្ថបទ
អឺរ៉ង់-អាមេរិក

លោក​អូបាម៉ា​ចុះ​ហត្ថលេខា​លើ​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេងកាត​អ៊ីរ៉ង់

នៅថ្ងៃ​សៅរ៍ ម្សិលមិញ​នេះ លោក​អូបាម៉ា​បាន​ចុះហត្ថលេខា​ប្រកាស​ឲ្យ​ប្រើ​ច្បាប់ ស្តីពី​ការ​ដាក់ទណ្ឌកម្ម​លើ​វិស័យ​ប្រេងកាត​របស់​អ៊ីរ៉ង់ ពោលគឺ នៅចំ​ថ្ងៃ​ ដែល​អ៊ីរ៉ង់​ប្រកាស​ពន្យារពេល​ការ​បាញ់​សាកល្បង​មីស៊ីល និង​ចង់​ឲ្យ​មាន​ការចរចា​លើ​សំណុំរឿង​នុយក្លេអ៊ែរ។​ ក្នុងពេល​ជាមួយ​គ្នា​នេះ អាមេរិក​ក៏​កំពុងតែ​ពង្រឹង​កម្លាំង​ទ័ពនៃ​​ប្រទេស​ជាសម្ព័ន្ធមិត្ត​ក្នុង​តំបន់​​ឈូងសមុទ្រ​ពែរ្ស​ផងដែរ។

អៀរ៉ង់​តែងតែអះអាង​ថា ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​​ធ្វើ​ឡើង​ក្នុង​គោលដៅ​ស៊ីវិល ស្រប​តាម​សន្ធិសញ្ញា​មិនរីក​សាយភាយ​​នុយក្លេអ៊ែរ
អៀរ៉ង់​តែងតែអះអាង​ថា ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​​ធ្វើ​ឡើង​ក្នុង​គោលដៅ​ស៊ីវិល ស្រប​តាម​សន្ធិសញ្ញា​មិនរីក​សាយភាយ​​នុយក្លេអ៊ែរ ©AFP
ផ្សាយពាណិជ្ជកម្ម

អ៊ីរ៉ង់​បាន​ប្រកាស​ផ្អាក​ការ​បាញ់​សាកល្បង​មីស៊ីល​រយៈចម្ងាយ​ឆ្ងាយ ដែល​គ្រោង​ធ្វើ កាលពីថ្ងៃ​សៅរ៍ ម្សិលមិញ ហើយ​បាន​ប្រកាស​ថា អ៊ីរ៉ង់​ត្រៀមខ្លួន​បើកការ​ចរចា​ឡើងវិញ ជាមួយ​ប្រទេស​មហាអំណាច ជុំវិញ​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។

ក៏ប៉ុន្តែ កាយវិការ​ទាំងនេះ​មិនបាន​ធ្វើ​ឲ្យ​អាមេរិក​ប្តូរចិត្ត​ក្នុងការ​បន្ថែម​ទណ្ឌកម្ម​​លើ​អ៊ីរ៉ង់​នោះទេ។ ទណ្ឌកម្ម​ ដែល​លោក​អូបាម៉ា​ចុះហត្ថលេខា​ កាលពី​ម្សិលមិញ​នេះ គឺ​សំដៅ​ទៅលើ​​ដង្ហើមសេដ្ឋកិច្ច​របស់​អ៊ីរ៉ង់ គឺ​​វិស័យ​ប្រេងកាត។ សហភាព​អឺរ៉ុបក៏កំពុង​ពិចារណា​អំពី​ការ​ដាក់ទណ្ឌកម្ម​លើ​វិស័យ​ប្រេងកាត​របស់​អ៊ីរ៉ង់​នេះ​ដែរ។ ការប្រជុំ ដើម្បី​អនុម័ត​ទណ្ឌកម្ម​នេះ គ្រោង​នឹង​បើកធ្វើ នៅ​ចុងខែ​មករា​ខាងមុខ។

ប្រឈមមុខ​នឹង​ទណ្ឌកម្ម​នេះ អ៊ីរ៉ង់ ដែល​ជា​ប្រទេស​នាំចេញ​ប្រេងកាត លំដាប់​ទី៤ នៅលើ​ពិភពលោក ព្រមាន​ផងថា ទណ្ឌកម្ម​លើ​វិស័យ​ប្រេងកាត​របស់​អ៊ីរ៉ង់ អាច​នឹង​ធ្វើ​ឲ្យ​តម្លៃ​ប្រេងឆៅ នៅលើ​ទីផ្សារ​អន្តរជាតិ កើនឡើង​រហូតដល់ ២០០​ដុល្លារ ​ក្នុង​មួយធុង។ ​អ៊ីរ៉ង់​ក៏​បាន​​គំរាម​ផងដែរ​ថា នឹង​​បិទច្រកសមុទ្រ Ormuz ដែល​ជា​ផ្លូវ​ដឹកជញ្ជូន​ប្រេង​ដ៏​សំខាន់​​ តភ្ជាប់​ ​ ​តំបន់​ឈូងសមុទ្រ​ពែរ្ស ទៅ​មហាសមុទ្រ​ឥណ្ឌា។

ក្រៅពីបាន​ព្រមាន​អ៊ីរ៉ង់ ជុំវិញ​ការ​បិទច្រក​សមុទ្រ​នេះ អាមេរិក​ក៏​បាន​ប្រកាស​ផងដែរ អំពី​ការ​លក់​គ្រឿង​សព្វាវុធ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ទៅ​ឲ្យ​ប្រទេស​សម្ព័ន្ធមិត្ត នៅ​ក្នុង​តំបន់​ឈូងសមុទ្រ​ពែរក្ស។ ក្រសួង​ការពារជាតិ​អាមេរិក​បាន​ឲ្យដឹង​ថា កាលពីថ្ងៃ​ទី២៤ ធ្នូ អាមេរិក​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​លក់​​យន្តហោះ​ចម្បាំង ចំនួន ៨៤​គ្រឿង ទៅ​ឲ្យ​អារ៉ាប៊ី​សាអ៊ូឌីត។ មួយថ្ងៃ​ក្រោយ​មក កិច្ចសន្យាមួយ​ទៀត​ត្រូវបាន​ចុះ​ជាមួយ​ប្រទេស​អារ៉ាប់​រួម ជុំវិញ​ការ​លក់​ប្រព័ន្ធ​​ខែល​ការពារមីស៊ីល។ ​មីស៊ីល​ប្រឆាំង​មីស៊ីល​ ចំនួន​ជាង​២០០​ដើម ក៏​ត្រូវបាន​អាមេរិក​លក់​ទៅ​ឲ្យ​ប្រទេស​កូវ៉ែត​​ដែរ កាលពីដើមឆ្នាំ​២០១១។

គួរបញ្ជាក់ថា ប្រទេស​នៅ​ក្នុង​តំបន់​ឈូងសមុទ្រ​ពែរ្ស៍ រួមមាន អារ៉ាប៊ី​សាអ៊ូឌីត អារ៉ាប់​រួម កាតា បារ៉ែន កូវ៉ែត ជាដើម ថ្វីដ្បិត​តែ​ជា​ប្រទេស​អ៊ីស្លាម​ដូចគ្នា ប៉ុន្តែ គឺ​ជា​គូប្រជែង​ដ៏ស្រួចស្រាល់​របស់​អ៊ីរ៉ង់។ ការណ៍​ដែល​អាមេរិក​លក់​គ្រឿង​សព្វាវុធ​ក្នុង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ទៅ​ឲ្យ​ប្រទេស​ទាំងនេះ គឺ​ជា​​ការ​គូស​បញ្ជាក់​កាន់តែ​ច្បាស់​​ថែមទៀត អំពី​ភាពតានតឹង​ជុំវិញ​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។

បើទោះជា​មាន​កិច្ចខិតខំ​ប្រឹងប្រែង​ផ្នែក​ការទូត ក៏ប៉ុន្តែ អាមេរិក និង​អ៊ីស្រាអែល នៅតែ​ប្រកាន់​ជំហរ​ថា ការប្រើ​កម្លាំង​យោធា​វាយប្រហារ​លើ​ទីតាំង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ គឺ​ជា​ជម្រើស​មួយ ដើម្បី​រារាំង​​អ៊ីរ៉ង់​កុំ​ឲ្យ​ផលិត​អាវុធ​នុយក្លេអ៊ែរ។ អារ៉ាប៊ីសាអ៊ូឌីត​ធ្លាប់​បាន​ព្រលយពាក្យ​ថា ប្រសិន​បើ​គេ​មិន​អាច​ទប់ស្កាត់​អ៊ីរ៉ង់ ក្នុងការ​ផលិត​អាវុធ​នុយក្លេអ៊ែរ​បានទេ​នោះ អារ៉ាប៊ី​សាអ៊ូឌីត​ក៏​នឹង​ចាប់ផ្តើម​ផលិត​អាវុធ​នុយក្លេអ៊ែរ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ