អានតួអត្ថបទ
ភូមា

កិច្ច​ចរចា​សន្តិភាព​រវាង​របប​ភូមា​និង​ក្រុម​ឧទ្ទាម​ការ៉ែន​

របប​​ភូមា​និង​​ក្រុម​​​ឧទ្ទាម​​ជនជាតិ​​ភាគ​​តិច​​ការ៉ែន​(Karens)​ បាន​​រួម​ប្រជុំ​​គ្នា​​នៅ​​ទីក្រុង​រ៉ង់ហ្គូន​(Rangoun)​ ដើម្បី​​ធ្វើ​ការ​​ចរចា​​គ្នា​​អំពី​ការ​​ចាប់​​អនុវត្តន៍​កិច្ច​ព្រមព្រៀង​​ឈប់​​បាញ់​គ្នា​​ដែល​​បាន​​ចុះ​ហត្ថលេខា​​នៅ​​ដើម​ខែ​​មករា​​កន្លង​​ផុត​​ទៅ​​នេះ​នៅ​ក្នុង​​សង្គ្រាម​​ស៊ីវិល​មួយ​​ដែល​មាន​ចំណាស់​​ជាង​​គេ​​នៅ​ក្នុង​​ពិភព​លោក​​-នេះ​​ជា​ការ​​យល់​ឃើញ​​របស់​​ក្រុម​អ្នក​កាសែត​​នៃទី​ភ្នាក់ងារ​ព័ត៌មាន​បារាំង​​AFP​​​នៅ​ថ្ងៃ​សុក្រ​​ទី​​៦​​មេសា​នេះ។

ទង់ជាតិ​ភូមា​(ស្តាំ)និង​ទង់ជាតិ​របស់ប្រជាជន​ការ៉ែនដាក់នៅលើតុប្រជុំមួយមុនជំនួបចរចារវាង​សហភាពជាតិការ៉ែន(និង​KNU)និង​អ្នកតំណាងរដ្ឋាភិបាល​នៅ​សណ្ឋាគារ​Sedonaទីក្រុងរ៉ង់ហ្គូនថ្ងៃ៦មេសា​២០១២
ទង់ជាតិ​ភូមា​(ស្តាំ)និង​ទង់ជាតិ​របស់ប្រជាជន​ការ៉ែនដាក់នៅលើតុប្រជុំមួយមុនជំនួបចរចារវាង​សហភាពជាតិការ៉ែន(និង​KNU)និង​អ្នកតំណាងរដ្ឋាភិបាល​នៅ​សណ្ឋាគារ​Sedonaទីក្រុងរ៉ង់ហ្គូនថ្ងៃ៦មេសា​២០១២ REUTERS/Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

 

គណប្រតិភូ​នៃសាខា​កងទ័ពនិង​នយោបាយ​របស់​សហភាពជាតិ​ការ៉ែន (Karen National Union KNU) ​ដែល​ជា​ក្រុម​ឧទ្ទាម​ជន​ជាតិ​ភាគ​តិច​មួយ​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ជាង​គេ​នៅ​ក្នុង​ប្រទេសភូមា បាន​ធ្វើ​ដំណើរ​មក​កាន់​រ៉ង់ហ្គូន​រដ្ឋធានី​សេដ្ឋកិច្ច​នៃប្រទេស​ភូមាដើម្បី ចរចា​​ពង្រឹង​សន្តិភាព​​ដែល​នៅមានលក្ខណៈ​ផុយស្រួយ​នៅ​ឡើយ។

នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​៥​មេសា​ម្សិលមិញ លោក (Khin Yi) ឃិន យី រដ្ឋមន្ត្រី​ក្រសួង​អន្តោ​ប្រវេសន៍​​​ បាន​​​ថ្លែង​ប្រាប់​ដល់​ក្រុម​អ្នក​កាសែត​ថា “នៅ​ពេល​ចរចា​លើក​មុន​នៅ ​Hpa-an រដ្ឋធានី​របស់​រដ្ឋការ៉ែន​ភាគ​ខាង​កើត​ប្រទេស យើង ​​បាន​ជជែក​គ្នា​រួច​ហើយ​ អំ​ពី​លក្ខខណ្ឌ ​​នៃ​​ក្រម​ប្រតិបត្តិ ​សំរាប់​​កងទ័ពនៅលើសមរភូមិ។ លោក​ឃិនយី ​តំណាង​របស់​រដ្ឋាភិបាល​ដ៏​សំខាន់​ម្នាក់​​​ក្នុង​ចំណោម​៣​នាក់​ទទួលបន្ទុកចរចាសន្តិភាព​ បាន​អះអាង​ថា រដ្ឋាភិបាល​ភូមាក៏ដូចជា​ក្រុម​​ឧទ្ទាម​ការ៉ែនដែរ សុទ្ធ​តែ​ប្រាថ្នា​ចង់​បាន​សន្តិភាព​គ្រប់ៗ​គ្នា ដូច្នេះ​កិច្ចចរចា​នៅ​ពេល​នេះ ពិតជា​នឹង​បាន​​​ទទួល​ជោគជ័យ”។

 
គួររំលឹកថា របប​ភូមាចាត់​ទុក សហភាព​ជាតិ​ការ៉ែន KNU ​ដែល​មាន​ទីចាត់ការ​នៅ​ប្រទេស​ថៃ​ ថា​ជា​អង្គការ​ខុស​ច្បាប់ ។ ចំណែក​ទ័ពព្រៃ​ការ៉ែន ក៏​ធ្លាប់​បាន​ធ្វើ​សង្គ្រាម​ជាមួយ​របប​ភូមា​តាំងពី​ឆ្នាំ​១៩៤៩​មក​ម្ល៉េះ​ដើម្បី​ទាមទារ​ផ្តាច់​ទឹកដី។
ប៉ុន្តែ នៅខែមករាកន្លងផុតទៅនេះ ក្នុងក្របខ័ណ្ឌកំណែទម្រង់ របប​ថ្មី​ភូមាបាន​ចុះ​ហត្ថលេខា​​លើ​កិច្ច​ព្រមព្រៀង​ឈប់បាញ់​គ្នា​ជាមួយ​ក្រុម​ជន​ជាតិ​ភាគ​តិច​ការ៉ែន​។​រដ្ឋាភិបាលថ្មីនេះ បាន​ចាត់​វិធានការ​​​យ៉ាង​ច្រើន ជាអាទិ៍​ ​ការបោះឆ្នោតសភា​នៅ​ថ្ងៃ​ទី​មួយ​មេសា​កន្លង​ទៅ​នេះ ដែល​ជ័យជំនះ ត្រូវ​ធ្លាក់​ទៅ​ក្នុងកណ្តាប់​ដៃ គណបក្ស​ប្រឆាំង​ដឹក​នាំ​ដោយ​លោកស្រីអ៊ុងសានស៊ូជី។

នៅថ្ងៃអាទិត្យ៨មេសាខាងមុខនេះ ប្រតិភូការ៉ែន ​គ្រោង​នឹង​ជួប​សន្ទនា​ជាមួយ​លោក​ស្រី​អ៊ុងសានស៊ូជី ដើម្បី​ស្ទាបស្ទង់​ពីជំហរ​និង​ចេតនាការផ្សះផ្សាជាតិរបស់លោកស្រី​-នេះជា​ការ​ថ្លែង​បញ្ជាក់​របស់​លោក May Oo Mutraw-អ្នកនាំពាក្យ​របស់​សហភាពជាតិ​ការ៉ែន ដោយ​​​​បាន​សម្តែង​ការ​អបអរសាទរ​ចំពោះពលីកម្ម​និង​តួនាទី​ដឹកនាំ​ដ៏​សំខាន់​របស់​ប្រធាន​បក្ស​ប្រឆាំង​ភូមា​នេះ។

ប៉ុន្តែ​ស្របគ្នា​នឹងការខិតខំប្រឹងប្រែង​របស់រដ្ឋាភិបាលភូមា ដើម្បីសន្តិភាពនេះ អំពើហិង្សា​វាយប្រយុទ្ធគ្នា នៅតែបន្ត​ចាប់តាំងពីខែមិថុនា​នៅក្នុង​រដ្ឋ កាឈីន ជនជាតិភាគតិច​មួយ​ទៀតនៅ​ប៉ែកខាងជើងចុងបំផុត ជាទីដែល​ក្រុមអង្គការការពារសិទ្ធិមនុស្ស​អះអាងថា ការជិះជាន់​រំលោភសិទ្ធិមនុស្ស ប្រឆាំងប្រជាជនស៊ីវិលនៅតែមាននៅក្នុង​តំបន់៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ