អេហ្ស៊ីបប្រឹងប្រែងខ្លាំងដើម្បីភាពស្ងប់ស្ងាត់នៅហ្កាហ្សា
គ្រាប់កាំភ្លើងឆ្វែងឆ្វាត់ពេញផ្ទៃមេឃលើតំបន់ហ្កាហ្សា ! ក្នុងរយៈពេលតែបីថ្ងៃសោះ មានមីស្ស៊ីលមិនតិចជាង២៨០គ្រាប់ទេត្រូវបានកងកម្លាំងប្រដាប់អាវុធប៉ាឡេស្ទីបាញ់ទៅលើទឹកដីអ៊ីស្រាអែល ក្នុងនោះមានយ៉ាងហោចណាស់១១គ្រាប់បានបាញ់ចេញនៅយប់មិញ។ ទាហានអ៊ីស្រាអែលក៏បាញ់តបវិញជាស្វ័យប្រវត្តិ។ ការទម្លាក់គ្រាប់បែក និងបាញ់ផ្លោងនេះ បានធ្វើបណ្តាលឱ្យ ជនប៉ាឡេស្ទីន១៦នាក់ និងអ៊ីស្រាអែល៣នាក់ស្លាប់។ នៅព្រឹកនេះ ការវាយប្រហារនៅតែលាន់ឮយ៉ាងសន្ធាប់ដដែល យន្តហោះអ៊ីស្រាអែលបានទម្លាក់គ្រាប់អស់ប្រមាណ១៣០ លើតំបន់ហ្កាហ្សា ក្នុងរយៈពេលតែប៉ុន្មានម៉ោងចុងក្រោយនេះ។ប៉ុន្តែ អ៊ីស្រាអែលបានព្រមព្រៀងផ្អាកឈប់បាញ់មួយរយៈខ្លី ពោលគឺក្នុងអំឡុងពេលទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអេហ្ស៊ីប នៅតំបន់ហ្កាហ្សា។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៥០
ពេញមួយយប់ថ្ងៃព្រហស្បតិ៍ឆ្លងមកថ្ងៃសុក្រនេះ តំបន់ហ្កាហ្សាគ្របដណ្តប់ដោយសំឡេងកងរំពង មកពីខាងនាវាចម្បាំងចូលចតនៅមុខក្រុងផង សំឡេងគ្រាប់បែក គ្រាប់ផ្លោងផង។ ការវាយប្រហារគ្នា យ៉ាងសន្ធាប់ខ្លាំងប្រព្រឹត្តទៅនៅរវាងម៉ោង ៤ ឬ៥ទាបភ្លឺ។ កាលពីក្បាលល្ងាច ភាគីអ៊ីស្រាអែលបានប្រកាសដៅកម្ទេចបាន ៧០កន្លែង ដែលចំណុចសំខាន់ៗនៃហេដ្ឋារចនាសម្ព័ន្ធរបស់ចលនាហាម៉ាស។
ចំណែកប្រជាជនស៊ីវិលវិញ ត្រូវប្រឈមមុខនឹងការភ័យតក់ស្លុតជារៀងរាល់ថ្ងៃ។ សំងំលាក់ខ្លួនតែនៅក្នុងផ្ទះ។ តាមផ្លូវស្ងាត់ជ្រងំ គេមិនអាចគិតដល់ថាមានប្រជាជនរស់នៅជាងមួយលាននាក់ទេក្នុងតំបន់ហ្កាហ្សា។ អ្វីដែលគួរកាន់ព្រួយបារម្ភខ្លាំងបន្ថែមទៀត គឺយុទ្ធនាការវាយប្រហារតាមផ្លូវគោករបស់ទ័ពថ្មើរជើង ដែលអាចនឹងធ្វើឱ្យមានជនរងគ្រោះកាន់តែច្រើន។ យោធាអ៊ីស្រាអែលបានបញ្ចេញទ័ពបំរុង ១៦០០០នាក់ ឱ្យត្រៀមខ្លួនធ្វើប្រតិបត្តិការ “សរសរការពារ” ទប់នឹងកងប្រដាប់អាវុធហាម៉ាសនៅតំបន់ហ្កាហ្សា។ នេះបើយោងតាមអ្នកនាំពាក្យយោធា ដែលបានបញ្ជាក់ថា លោករដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបានអនុម័តម្សិលមិញបញ្ចេញទ័ពរហូតដល់៣ម៉ឺននាក់ក្នុងប្រតិបត្តិការនេះ។
តែ អ៊ីស្រាអែលបានព្រមព្រៀង តាមសំណើរបស់អេហ្ស៊ីប ផ្អាកការឈប់បាញ់មួយរយៈ ក្នុងខណៈដែលនាយករដ្ឋមន្ត្រីអេហ្ស៊ីប លោក Hicham Kandil អញ្ជើញទៅកាន់តំបន់ហ្កាហ្សា នៅថ្ងៃទី១៦វិច្ឆិកានេះ។
តើអ្វីជាកម្មវត្ថុនៃដំណើរទស្សនកិច្ចរបស់លោក Hicham Kandil ?
ជាបឋមគឺឆ្លើយតបទៅនឹងសេចក្តីរង់ចាំរបស់ចលនាហាម៉ាស ! ចលនាហាម៉ាសដែលបានផ្សព្វផ្សាយយ៉ាងទូលំទូលាយដំណើរមកដល់របស់លោក ហ៊ីចាំ កង់ឌីល។ ម្យ៉ាងវិញទៀត ទស្សនកិច្ចនេះ បង្ហាញពីសម្បាមចិត្ត និងការខិតខំប្រឹងប្រែងរបស់អេហ្ស៊ីប ជួយឈឺឆ្អាលប៉ាឡេស្ទីន ដែលធ្លាប់មានអារម្មណ៍រងគ្រោះតែឯការម្នាក់ឯង ពីការឈ្លានពានរបស់អ៊ីស្រាអែល ខុសពីអេហ្ស៊ីបក្នុងសម័យកាលដឹកនាំដោយលោកម៉ូបារ៉ាក់។ សូមបញ្ជាក់ថារដ្ឋាភិបាលអេហ្ស៊ីបបច្ចុប្បន្នជាក្រុមអ្នកអ៊ីស្លាមជ្រុលនិយម មានមនោគមន៍វិជ្ជាស្រដៀងគ្នាក្រុមចលនាហាម៉ាស។ ដូច្នេះក្រុមអ៊ីស្លាមជ្រុលនិយមនៅតំបន់ហ្កាហ្សាអាចរំពឹងលើការគាំទ្ររបស់ប្រធានាធិបតីអេហ្ស៊ីប ដែលទើបបានបរិហារទង្វើបាញ់ផ្លោង របស់អ៊ីស្រាអែលថាជាការឈ្លានពានលើតំបន់ហ្កាហ្សា។
ប៉ុន្តែសួរថា តើអេហ្ស៊ីប ដែលជាប្រទេសអ៊ីស្លាមដំបូងនិងតែមួយគត់ មានចុះសន្ធិសញ្ញាសន្តិភាពជាមួយអ៊ីស្រាអែលនៅឆ្នាំ១៩៧៩ អាចប្តូរផ្លាស់ស្ថានការណ៍តំបន់ដើមបូព៌ានេះអ្វីបានខ្លះ ?! សម្រាប់អ្នកវិភាគខ្លះ អេហ្ស៊ីបគ្មានប្រយោជន៍អ្វីនឹងត្រូវចូលលូកលាន់ក្នុងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីននេះទេ ព្រោះមិនចង់ឃើញក្រុមភេរវនិយមប៉ាឡេស្ទីនរាលដាលដល់ទឹកដីអេហ្ស៊ីបឡើយ។ ម្យ៉ាងទៀត ទោះបីជាអ៊ីស្រាអែលទើបចូលពាក់ព័ន្ធនឹងវិបត្តិនៅស៊ីរីក៏ដោយ ក៏បណ្តាប្រទេសអ៊ីស្លាមពិបាកនឹងចងសម្ព័ន្ធភាពណាមួយមកប្រឆាំងនឹងអ៊ីស្រាអែលដែរ ដោយហេតុថាចលនាហាម៉ាសផ្តាច់ខ្លួនពីដាម៉ាស និងតេហេរ៉ង់ ដោយចងសម្ព័ន្ធជាមួយកាតារ។ ឯប្រទេសកាតារគាំទ្រអ្នកបះបោរនៅស៊ីរី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ