អានតួអត្ថបទ
ប៉ាឡេស្ទីន-អ៊ីស្រាអែល

​ដើមបូព៌ា​ប្រឈម​នឹង​ជ្រោះ​នៃ​សង្គ្រាម​បន្ទាប់​ពី​ឃាតកម្ម​សម្លាប់​មេ​យោធា​ហាម៉ាស

អំពើ​ហិង្សា​ ឬ​ប្រតិបត្តិការ​យោធា​ផ្លូវគោក អាច​នឹង​ផ្ទុះ​ឡើង​បាន​គ្រប់​ពេលវេលា បន្ទាប់​ពី​មរណភាព​របស់​ប្រមុខ​យោធា​ចលនា​ហាម៉ាស Ahmad Jaabari នៅ​តំបន់​ហ្កាហ្សា រសៀល​ម្សិលមិញ។ ជា​ចម្លើយ​តប​នឹង​ការ​បាញ់​ផ្លោង​សម្លាប់​មេ​ទាហានហាម៉ាស ដែល​ជា​ប្រតិបត្តិការ​​ការពារ​ខ្លួន ចលនា​អ៊ីស្លាម​ជ្រុល​និយម​ បាន​ស្បថ​សច្ចា​ថា​ ​រដ្ឋ​អ៊ីស្រាអែល​​ជា​អ្នក​បើក​ទ្វារ​នរក​ខ្លួន​ឯង​ទេ ! នៅ​លើ​ផ្នែក​ការទូត​វិញ ក៏​កំពុង​ពុះ​កញ្ជ្រោល​ អេហ្ស៊ីប បាន​កោះ​ហៅ​អគ្គរដ្ឋ​ទូត​របស់​ខ្លួន ឱ្យ​ត្រលប់​ចូល​ស្រុ​ក​ ដើម្បី​ពិគ្រោះ។ លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ក៏​បាន​ជួប​សន្ទនា​​តាម​ទូរស័ព្ទ​ជាមួយ​នឹងលោក នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល ​ បិនយាមីន នេតាន់យ៉ាហ៊ូ (Benyamin Netanyahu) និង លោក​ Mohamed Morsi ប្រធានាធិបតី​អេហ្ស៊ីប។ ជំនួប​ប្រជុំ​បន្ទាន់​ នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ក៏​ទំនង​ជា​ត្រូវ​បាន​រៀប​ចំ​ឡើង​ដែរ នៅ​យប់​ថ្ងៃ​ពុធ​ឆ្លង​មក​ថ្ងៃ​ព្រហស្បតិ៍​នេះ។ 

ខ្មោច​ឡាន​មេ​ទាហាន​នៅ​តំបន់​ហ្កាហ្សា​ដែល​អ៊ីស្រាអែល​ទម្លាក់​គ្រាប់​ត្រូវ
ខ្មោច​ឡាន​មេ​ទាហាន​នៅ​តំបន់​ហ្កាហ្សា​ដែល​អ៊ីស្រាអែល​ទម្លាក់​គ្រាប់​ត្រូវ REUTERS/Ali Hassan
ផ្សាយពាណិជ្ជកម្ម

គ្រាប់​ផ្លោង​ទៅ​កាន់​តំបន់​ហ្កាហ្សា របស់​យោធាអ៊ីស្រាអែល បាន​សម្លាប់​ប្រមុខ​យោធា​របស់​ចលនា​​ហាម៉ាស អាមាទ ហ្សាប៉ារី និង​អង្គរក្ស។ បន្ទាប់​មក​ អ៊ីស្រាអែល​បាន​បន្ថែម​ការ​វាយប្រហារ​ ​បាញ់​ផ្លោង​ជាង​ម្ភៃ​ទៀត​ទៅ​លើ​ទីតាំង​បាញ់​ចេញ​គ្រាប់​រ៉ុកកែត។

មរណភាព​នេះ​មិន​មែន​ជា​ការ​ចៃដន្យ​ទេ ! អ៊ីស្រាអែល​បាន​គ្រោង​និង​ ដៅ​ទិស​ ដោយ​ចោទ​ប្រកាន់​ថា អាមាទ ហ្សាប៉ារី បាន​រៀប​ចំ​ប្រតិបត្តិការ​ភេរវកម្ម។ វាយប្រហារ​នេះ​អាច​នឹង​មាន​បន្ត​ដោយ​ផែនការ​វាយប្រហារ​ថ្មើរ​ជើង​ទៀត​ផង។ អ៊ីស្រាអែល​មិន​បាន​បដិសេធ​ចំណុច​នេះ​ទេ និង​ថែម​ទាំង​មាន​ការ​​អនុញ្ញាត​ពី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ឱ្យ​កង​ទ័ព​អ៊ីស្រាអែល​ទាំង​អស់​ពង្រឹង​កម្លាំង​បំរុង​ ដើម្បី​អាច​ឆ្លើយតប​ទៅ​នឹង​សេចក្តី​ត្រូវការ​ជាក់ស្តែង។ នេះ​បើ​តាម​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី ដែល​រូប​លោក​ នេតាន់យាហ៊ូ ផ្ទាល់ ​បាន​ចេញ​មុខ​ពន្យល់​តាម​កញ្ចក់​ទូរទស្សន៍​នៅយប់​ថ្ងៃ​ពុធ​ម្សិលមិញ​ អំពី​មូលហេតុ​នៃ​ការ​បាញ់​ផ្លោង​ទៅ​លើ​តំបន់​ហ្កាហ្សា​នេះ។

ក្រុង​វ៉ាស៊ីនតោន​ជា​សម្ព័ន្ធមិត្ត​ ក៏​បាន​គូស​បញ្ជាក់​អំពី​សិទ្ធិ​ការពារ​ខ្លួនរបស់​អ៊ីស្រាអែល និង​សន្យា​តាមដាន​ស្ថានការណ៍​ដោយ​កៀកកិត។ លោក បារ៉ាក់​អូបាម៉ា បាន​ជួប​ពិភាក្សា​ភ្លាម​នៅ​យប់​មិញ ជាមួយ​នឹង​លោក​ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល​តាម​ទូរស័ព្ទ។ នេះបើ​តាម​ប្រសាសន៍​របស់​ឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល​នៅ​អាមេរិក​​មកកាន់​ភ្នាក់ងារ​ព័ត៌មាន​បារាំង​ AFP។

លោក​ប្រធានាធិបតី​អេហ្ស៊ីប Mohamed Morsi បានសម្រេច​ចិត្ត​កោះ​ហៅ​ឯកអគ្គរដ្ឋ​ទូត​ត្រឡប់​ចូ​ល​ស្រុក​វិញ​ដើម្បី​ជា​ការ​ព្រមាន​។ ហើយ​ក៏​បាន​ប្រគល់​សំបុត្រ​ប្រឆាំង​មួយ​ទៅ​ស្ថានទូត​អ៊ីស្រាអែល​ប្រចាំ​ក្រុង​ឡឺគែរ។ លោក​ប្រធានាធិបតី​អេហ្ស៊ីប​ក៏​បាន​ស្នើ​ឱ្យ​មាន​ការ​កោះ​ប្រជុំ​បន្ទាន់​​​នៅ​អង្គការ​សហប្រជាជាតិ​។ ចំណែក​លោក​ប្រធាន​រដ្ឋ​អំណាច​ប៉ាឡេស្ទីន​ មាមូត អាបាស Mahmoud Abbas បាន​ថ្កោល​ទោស​​យ៉ាង​ដាច់​អហង្ការ​ទង្វើ​​បាញ់​ផ្លោង​របស់​អ៊ីស្រាអែល​ និង​បានស្នើ​សុំ​ឱ្យ​ជំនួប​ប្រជុំ សម្ព័ន្ធ​អារ៉ាប​​​​ ជា​បន្ទាន់។ បាឡេស្ទីន​ អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ ព្រម​ទាំង​ភាគី​អ៊ីស្រាអែល​បញ្ឈប់​អំពី​ហិង្សា​។ ហើយ​ក្នុង​ពេល​រង់​ចាំ​ ​តំបន់​ហ្កាហ្សា​ក្លាយ​ជា​វាល​រហោឋាន បណ្តា​ជន​ប៉ាឡេស្ទីន​ ត្រូវ​សំងំ​លាក់​ខ្លួន​ក្នុង​ផ្ទះ​ ឮ​តែ​សំឡេង​ស៊ីរ៉ែន​ឡាន​ពេទ្យ​និង​គ្រាប់​ផ្លោង។ ក្រុម​អង្គការ​មនុស្សធម៌​ បាន​ទទួល​បញ្ជា​ហាមប្រាម​មិន​ឱ្យ​ចេញក្រៅ​​ធ្វើ​សកម្មភាព​ ប៉ុន្តែ​ត្រូវ​ត្រៀម​ខ្លួន​ ជម្លៀស​ជន​ស៊ីវិល ក្នុង​ករណី​មាន​ប្រតិបត្តិការ​យោធា​កាន់​តែ​សន្ធាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ