អានតួអត្ថបទ
រុស្ស៊ី-អឺរ៉ុប

"សង្គ្រាមបន្លែ" រវាង​សហភាព​អឺរ៉ុប និង​សហព័ន្ធ​រុស្ស៊ី

ជាប្រតិកម្ម​ទល់​នឹង​ការ​ទាមទារ​របស់​គណៈកម្មការ​អឺរ៉ុប ឲ្យ​ទីក្រុង​ម៉ូស្គូ លុប​ទៅ​វិញ​ទៅ​ជា​បន្ទាន់​ភ្លាម បម្រាម​ហាម​មិន​ឲ្យ​នាំ​បន្លែ ពី​គ្រប់​ទាំង​២៧​ប្រទេស​សហភាព​អឺរ៉ុប ចូល​មក​រុស្ស៊ី សម្រាប់​មួយ​រយៈពេល​សិន គិត​ចាប់​ពី​ថ្ងៃ​ទី​២មិថុនា​មក ពីព្រោះ បម្រាម​នេះ​ជា ”ជំហាន​លើស​ជ្រុល” ពី​ស្ថានការណ៍​ដែល​មាន​អាជ្ញាធរ​សុខាភិបាល​រុស្ស៊ី បាន​ដាក់​ល័ក្ខខ័ណ្ឌ ៤ ឲ្យ​សហភាព​អឺរ៉ុប​បំពេញ​ជាមុន​សិន ទម្រាំ​ខ្លួន​អាច​លុប​ទៅ​វិញ។

រុស្ស៊ី​ចេញ​បម្រាម​ហាម​នាំ​ចូល​បន្លែ​ពី​សហភាព​អឺរ៉ុប
រុស្ស៊ី​ចេញ​បម្រាម​ហាម​នាំ​ចូល​បន្លែ​ពី​សហភាព​អឺរ៉ុប Reuters
ផ្សាយពាណិជ្ជកម្ម

ល័ក្ខខ័ណ្ឌ​ទាំងនោះ បាន​ត្រូវ​វេជ្ជបណ្ឌិត​ដើម​ខ្សែ​ខាង​អនាម័យ​ទូទាំង​ប្រទេស​រុស្ស៊ី លោក ហ្គេណាឌី អូនីហ្សេនកូ ដែល​ជា​អ្នក​ទទួល​ខុសត្រូវ ចំពោះ​សន្តិសុខ​គ្រឿង​បរិភោគ​ក្នុង​ប្រទេស​រុស្ស៊ី និង​ជា​អ្នក​បាន​ចេញ​បទ​បញ្ជា មិន​ឲ្យ​នាំ​បន្លែ​ពី​គ្រប់​ទាំង​២៧​ប្រទេស​សហភាព​អឺរ៉ុប​ចូល​មក​រុស្ស៊ី លើក​ឡើង​ដូច​តទៅ ៖

ទី១- សហភាពអឺរ៉ុប ត្រូវ​កំណត់​ឲ្យ​បាន​ជាក់​ច្បាស់​ឈ្មោះ​មេរោគ នៃ​ជម្ងឺ​រាករូស និង អំពី​មូលហេតុ​នៃ​ការ​សាយ​ភាយ​មេរោគ​នេះ។ ជា​ការ​កត់​សម្គាល់​មកទល់​ឥឡូវ ជម្ងឺ​រាករូស​នេះ បាន​ផ្តាច់​ជីវិត​មនុស្ស​គ្រាន់​តែ​នៅ​ប្រទេស​អាល្លឺម៉ង់ អស់​ជិត​២០​នាក់​ហើយ និង​ឆ្លង​រាលដាល​ដល់​មនុស្ស​ជាង១.៥០០នាក់ នៅ​តាម​៩​ប្រទេស​ទៅ​ហើយ​នៃ​សហភាព​នេះ។
ទី២- សហភាព​អឺរ៉ុប ត្រូវ​វែក​ញែក​ឲ្យ​ឃើញ “តើ​តាម​ផ្លូវ​ណា ដែល​ប្រព្រឹត្ត​ទៅ​ការ​ឆ្លង​នៃ​ជម្ងឺ​រាករូស​នោះ ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ផ្សេង ?”។
ទី៣- សហភាពអឺរ៉ុប ត្រូវ​ប្រាប់​មក​រុស្ស៊ី ឲ្យ​ចំ​ឈ្មោះ​តែ​ម្តង កន្លែង​ជា​ប្រភព ដែល​បន្លែ​ត្រូវ​ផ្ចាញ់​ដោយ​មេរោគ​ដ៏​សែន​គ្រោះថ្នាក់​នោះ។
ទី៤- សហភាពអឺរ៉ុប ត្រូវ​បញ្ជាក់​មក​រុស្ស៊ី​ថា ខ្លួន​ចេះ​ក្តោបក្តាប់​ស្ថានការណ៍​ឲ្យ​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​មែន រីឯ​ជម្ងឺ​រាករូស​ផ្ទាល់ គឺ​ឈប់​ឆ្លង​រាលដាល​ទៀត​ឡើយ។

បន្លែដែលរុស្ស៊ី នាំចូល​ពី​ក្រៅ​មាន​អត្រា​ដូច​តទៅ ៖ ៣០% គឺ​ពី​ប្រទេស​ចិន ៣០% គឺ​ពី​ប្រទេស​ទួរគី ២០%​ពី​សហភាព​អឺរ៉ុប និង​២០%​ទៀត​ពី​បណ្តា​ប្រទេស​ផ្សេង។

២០% នៃ​បន្លែ​ដែល​រុស្ស៊ី​នាំ​ចូល​ពី​សហភាព​អឺរ៉ុប​មាន​ទឹក​ប្រាក់ ២.២០០​លាន​ដុល្លារ​អាមេរិក ហើយ​ពី​ក្នុង​នោះ ធ្លាក់​ទៅ​លើ​ត្រសក់​ដែល​ជា​បន្លែ​ជាប់​សង្ស័យ​ថា ពាំ​មេរោគ​បណ្តាល​ឲ្យ​ផ្ទុះ​ឡើង​ជា​ជម្ងឺ​រាករូស​នោះ គឺ​ក្នុង​បរិមាណ​២២០.០០០​តោន តម្លៃ​១៨០​លាន​ដុល្លារ​អាមេរិក។

រុស្ស៊ី​វិញ​មាន​ចំណែក​ប្រមាណ​២៥% នៃ​ការ​នាំ​ចេញ​នូវ​បន្លែ ពី​ខាង​សហភាព​អឺរ៉ុប។

គណៈកម្មការ​អឺរ៉ុប ក្នុង​ការទាមទារ​របស់​ខ្លួន​បាន​ព្រមាន​ថា បើ​រុស្ស៊ី​មិន​ព្រម​លុប​ទៅ​វិញ​ទេ បម្រាម​ហាម​ការ​នាំ​ចូល​នោះ បញ្ហា​នេះ​អាច​ត្រូវ​លើក​យក​ទៅ​ទទួល​ការពិភាក្សា​ក្នុង​“ជំនួប​កំពូល​រុស្ស៊ី-​សហភាព​អឺរ៉ុប” ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​រុស្ស៊ី​នៅ​ថ្ងៃ​ទី​៩​និង​ទី​១០​មិថុនា ខាង​មុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ