អានតួអត្ថបទ
សហរដ្ឋអាមេរិក

Edward​ Snowden៖​ អាមេរិក​ក៏​លួច​ស៊ើបការ​អង្គការ​សហប្រជាជាតិ​ និង​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ផងដែរ​​

ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក​ NSA ក៏​បាន​លួច​​​ស៊ើបការ​​អង្គការ​សហប្រជាជាតិ​ និង​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ផងដែរ។ នេះ​បើ​យោងតាម​​ខ្លឹមសារ​ឯកសារ​ថ្មីៗ​មួយចំនួន​ទៀត ផ្តល់​ដោយ Edward Snowden ដែល​​ត្រូវ​បាន​​សារព័ត៌មាន​​ប្រចាំសប្តាហ៍​អាល្លឺម៉ង់ Der Spiegel ​យក​មក​​ចុះផ្សាយ​ កាលពី​ថ្ងៃ​អាទិត្យ​២៥សីហា​ កន្លង​ទៅនេះ។

កិច្ច​​ប្រជុំរបស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ កន្លង​មក
កិច្ច​​ប្រជុំរបស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ កន្លង​មក Chip East/Reuters
ផ្សាយពាណិជ្ជកម្ម

យោងតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ប្រចាំ​សប្តាហ៍​អាល្លឺម៉ង់ Der Spiegel អ្នកជំនាញ​​នានា​នៃ​ទីភ្នាក់ងារ​សន្តិសុខ​​ជាតិ​អាមេរិក​ NSA ​បាន​លួច​ចូល​​​ទៅ​ចាប់ស្កាត់​​យក​ខ្លឹមសារ​ទំនាក់ទំនង​ ក្នុង​ប្រព័ន្ធ​​កិច្ច​ប្រជុំ​​នានា​របស់​អង្គការ​សហប្រជាជាតិ ដែលកិច្ច​ប្រជុំ​នេះ​​បាន​ធ្វើឡើង​ជា​រូបភាព​វីដេអូ​​ តាម​គេហទំព័រ​ផ្ទៃក្នុង​។ ការ​ស៊ើបការ​នេះ បាន​ប្រព្រឹត្ត​ទៅ​កាលពី​រដូវក្តៅ​ ឆ្នាំ​២០១២។ សារព័ត៌មាន​អាល្លឺម៉ង់បន្ថែម​ទៀតថា ក្រៅពី​​​​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​ក្រុងញូវយក ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក ក៏​បាន​លួច​ស៊ើបការ​​ទីភ្នាក់ងារ​ថាមពល​​បរមាណូ​អន្តរជាតិ​ ដែល​ហៅកាត់ថា AIEA ផងដែរ។

សហរដ្ឋអាមេរិក​ មិន​មែន​ជា​ប្រទេស​តែមួយ ដែល​បាន​លួច​ស៊ើបការ​អង្គការ​សហប្រជាជាតិ​​នោះទេ។ យោងតាម​សារព័ត៌មាន​អាល្លឺម៉ង់​ Der Spiegel ដដែល​នេះ ភ្នាក់ងារ​សំងាត់​ចិន​ជាច្រើន​រូប ក៏​បាន​លួចស៊ើបការ​សំងាត់​ពី​អង្គការ​សហប្រជាជាតិ​ផងដែរ។ កាលពី​ឆ្នាំ​២០១១ ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក​ មាន​ការ​ភ្ញាក់ផ្អើល​ដោយ​បាន​រកឃើញ​ថា ចិន​កំពុង​តែ​លួច​ស៊ើបការ​អ.ស.ប​ដោយសំងាត់។

ព័ត៌មានទាក់ទង​ប្រព័ន្ធ​ស៊ើបការ​​ទាំងអស់​​នេះ គឺ​ទទួលបានតាមរយៈ​​​ឯកសារ​ថ្មីៗ​​ ដែល​ផ្តល់​ដោយ​​​អ្នកទំលាយ​ប្រព័ន្ធស៊ើបការ​សំងាត់​អាមេរិក​ដ៏​ល្បី​ល្បាញ​​ គឺ​ Edward Snowden។ គួររំលឹក​ថា  Snowden​ ​ធ្លាប់​​​បំរើការ​​​អោយ​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក​ NSA និង​ទីភ្នាក់ងារ​សេអ៊ីអា។ ​​

កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន រដ្ឋាភិបាល​អាមេរិក​ បាន​ទទួលស្គាល់​ថា ចន្លោះ​ពី​ឆ្នាំ​២០០៨ ដល់​​ឆ្នាំ​​ ២០១១ ទីភ្នាក់ងារNSA បាន​រំលោភ​បំពាន​ច្បាប់​ ដោយ​បាន​លួច​ស៊ើបការ​ខ្លឹមសារ​នៃ​សារ​អេឡិចត្រូនិក​​របស់ប្រជាជន​អាមេរិកាំង ដែល​គ្មាន​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ភេរវកម្ម​ទាល់តែ​សោះនោះ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ