អានតួអត្ថបទ
តៃវ៉ាន់

តៃវ៉ាន់​​បន្ត​​រុករក​​និង​​សង្គ្រោះ​ ខណៈ​​​​​អ្នក​​ស្លាប់​​​​​ក្នុង​​​គ្រោះថ្នាក់​​ធ្លាក់​​យន្តហោះ ​កើន​​ដល់​៣២​នាក់​

នៅ​ថ្ងៃ​សុក្រ​នេះ តៃវ៉ាន់​បន្ត​ប្រតិបត្តិ​ការ​រុករក​​និង​​សង្គ្រោះ​​របស់​ខ្លួន​ ខណៈ​ដែល​​ចំនួន​​អ្នក​ស្លាប់​​នៅ​ក្នុង​​គ្រោះថ្នាក់​​ធ្លាក់​​យន្តហោះ ​កើនឡើង​​ដល់​៣២នាក់​​ហើយ​។ ​កាល​ពី​​ថ្ងៃ​​ព្រហស្បតិ៍​ បំណែក​​យន្តហោះ​ធំៗ​ ព្រម​ទាំង​​ប្រអប់​​ខ្មៅ​ ត្រូវ​បាន​​គេ​​ស្រង់​​ចេញ​ពី​​ទឹក​​រួច​ហើយ​ ប៉ុន្តែ​​គេ​​នៅ​​មិន​ទាន់​​រ​ក​ឃើញ​​មនុស្ស​១១​នាក់​​ទៀត​ ដែល​​កំពុង​​បាត់​​ខ្លួន​​នោះ​​នៅ​ឡើយ​​ទេ​។

តៃវ៉ាន់​បន្ត​ប្រតិបត្តិ​ការរុករក​និង​សង្គ្រោះ​របស់ខ្លួន ខណៈដែល​ចំនួន​អ្នកស្លាប់​នៅក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ កើនឡើង​ដល់៣២នាក់​
តៃវ៉ាន់​បន្ត​ប្រតិបត្តិ​ការរុករក​និង​សង្គ្រោះ​របស់ខ្លួន ខណៈដែល​ចំនួន​អ្នកស្លាប់​នៅក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ កើនឡើង​ដល់៣២នាក់​ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ក្រុម​អ្នករុករក​តៃវ៉ាន់ បាន​ប្រើប្រាស់​ឧបករណ៍​ស្វែងរក​ក្នុង​ទឹក ដើម្បី​ព្យាយាម​កំណត់​ទីតាំង​មនុស្ស​ទាំង១១នាក់ ដែល​កំពុង​លិច​បាត់ទៅ​ក្នុង​ទឹកស្ទឹង​ជាមួយ​យន្តហោះ TransAsia តាំងពី​ថ្ងៃ​ពុធ ទី៤ខែកុម្ភៈ​កន្លងទៅ។ ការរុករក​នេះ ធ្វើឡើង​នៅ​ខណៈដែល​ចំនួន​អ្នកស្លាប់​បាន​កើនឡើង​ដល់៣២នាក់ គិត​ត្រឹម​ព្រឹក​ថ្ងៃ​សុក្រ​ទី៦កុម្ភៈ។

គួរ​ជម្រាបជូន​ថា រហូតមកទល់​ពេលនេះ ក្បាល​និង​កន្ទុយ​របស់​យន្តហោះ TransAsia ជើងហោះហើរ​លេខ GE២៣៥ ដែល​បាន​ដាំ​ក្បាល​ធ្លាក់​ចូលក្នុង​ទឹកស្ទឹង​ក្នុង​ទីក្រុង​តៃប៉ិ​ក​កាលពី​ថ្ងៃ​ពុធ​នោះ ត្រូវបាន​គេ​ស្រង់​ចេញពី​ទឹក​ហើយ។ ប្រអប់​ខ្មៅ​ទាំងពីរ​របស់​យន្តហោះ ដែល​រួមមាន​ឧបករណ៍​កត់ត្រា​ទិន្នន័យ​ការហោះហើរ ព្រមទាំង​ឧបករណ៍​ថត​សំឡេង​នៅក្នុង​បន្ទប់​បើកបរ​យន្តហោះ ក៏ត្រូវ​បាន​ស្រង់​ចេញពី​ទឹក​រួចហើយ​ដែរ។ បើតាម​ប្រធាន​រដ្ឋបាល​អាកាសចរណ៍​ស៊ីវិល​របស់​តៃវ៉ាន់ មន្ដ្រី​ជំនាញ​កំពុងតែ​វិភាគ​ពី​ព័ត៌មាន​ទាំងឡាយ​នៅក្នុង​ប្រអប់​ខ្មៅ​ទាំងពីរ​នេះ ដើម្បី​ឈានទៅ​កំណត់​ពី​មូលហេតុ​នៃ​ការធ្លាក់​យន្តហោះ TransAsia។ ជាការ​ធ្លាក់​យន្តហោះ​ដែល​កើតឡើង​នៅក្នុង​អាកាសធាតុ​ស្រឡះ​ល្អ​យ៉ាង​ដូច្នេះ ។

យ៉ាងណាក៏ដោយ ព័ត៌មាន​បឋម​បង្ហើប​ឲ្យ​ដឹងថា មូលហេតុ​នៃ​ការធ្លាក់​យន្តហោះ​នេះ គឺអាច​បណ្ដាលមកពី​ម៉ាស៊ីន​មួយ ក្នុងចំណោម​ម៉ាស៊ីន​ទាំងពីរ​របស់​យន្តហោះ មាន​បញ្ហា​មិន​ដំណើរការ។ លោក Huang Jin Sun វ័យ៧២ឆ្នាំ ជា​អ្នក​រស់រានមានជីវិត​ម្នាក់ ក្នុងចំណោម១៥នាក់ ពី​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ TransAsia នេះ បានផ្ដល់​សម្ភាស​ដល់​ទូរទស្សន៍​តៃវ៉ាន់​មួយ​ថា លោក​បានលឺ​សំឡេង​ខុស​ប្រក្រតី​ចេញពី​ម៉ាស៊ីន​យន្តហោះ បន្ទាប់ពី​យន្តហោះ​ឡើង​បាន​បន្តិច។

សូម​រំលឹកថា នៅ​កោះ​តៃវ៉ាន់ នា​ព្រឹក​ថ្ងៃ​ពុធ ទី៤ កុម្ភៈ មាន​យន្តហោះ​មួយគ្រឿង​របស់​ក្រុមហ៊ុន TransAsia ប្រភេទ ATR ៧២-៦០០ បាន​ហោះ​ទៅ​ប៉ះ​នឹង​ស្ពាន​អាកាស​មួយ​សង់​ពី​​លើ​ស្ទឹង​ក្នុង​ទីក្រុង​តៃប៉ិ​ក រួច​ក៏​ដាំ​ក្បាល​ធ្លាក់ចូល​ក្នុង​ស្ទឹង​នោះ​តែម្តង។  តុល្យការ​បណ្ដោះអាសន្ន​ចុងក្រោយ​ឲ្យ​ដឹងថា ក្នុងចំណោម​មនុស្ស​ទាំង៥៨នាក់​ដែល​ស្ថិតក្នុង​យន្តហោះ​នោះ មាន១៥នាក់​ត្រូវបាន​គេ​ជួយសង្គ្រោះ​ទាន់ពេលវេលា ៣២នាក់​ស្លាប់បាត់​បង់ជីវិត និង១១នាក់​ទៀត​កំពុង​បាត់​ខ្លួន​នៅឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ