អានតួអត្ថបទ
ថៃ

រដ្ឋាភិបាល​ក្រុង​បាងកក​ចាយ​ប្រាក់​ដើម្បី​ផ្សះផ្សា​ជាតិ

រដ្ឋាភិបាល​របស់​លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ បាន​ទម្លាយ​កញ្ចប់​ថវិកា​ ៦៣លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដើម្បី​យក​មក​ឧបត្ថម្ភ លួង​ចិត្ត​ជន​រងគ្រោះ​ទាំងឡាយ ក្នុងពេល​មាន​​វិបត្តិ​នយោបាយ និង​អំពើ​ហិង្សា​ចន្លោះ​​ពី​ ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០១០។ ជំនួយ​ឧបត្ថម្ភ​ជា​ថវិកា ដែល​បញ្ជាក់​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ផ្សះផ្សា​ជាតិ។ នេះ​បើ​តាម​អ្នក​នាំពាក្យ​របស់​រដ្ឋាភិបាល​ថៃ​នៅ​ល្ងាច​មិញ។

បាតុកម្ម​របស់​ពួក​អាវក្រហម​ នៅ​ទីក្រុង​បាងកក កាលពី​ឆ្នាំ​២០១០
បាតុកម្ម​របស់​ពួក​អាវក្រហម​ នៅ​ទីក្រុង​បាងកក កាលពី​ឆ្នាំ​២០១០ ©Reuters
ផ្សាយពាណិជ្ជកម្ម

ជនរងគ្រោះក្នុងគ្រាមានអំពើហិង្សា និងបាតុកម្ម ចន្លោះ​ពី​ឆ្នាំ ២០០៥ ដល់​ឆ្នាំ​២០១០ ជា​​បាតុករ ជា​បុគ្គលិក​រដ្ឋ ជា​អ្នក​យក​ព័ត៌មាន ជា​ជន​សាមញ្ញ​ធម្មតា មិន​ថា​មាន​និន្នាការ​ជា​អ្នក​អាវ​លឿង អ្នក​រាជានិយម ឬ​ក្រុម​អាវ​ក្រហម ជា​អ្នក​គាំទ្រ​អតីត​នាយក​រដ្ឋមន្រ្តីថៃ​ ថាក់ស៊ីន ទេ គ្រប់គ្នា​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ និង​ការ​សង​ជំងឺ​ចិត្ត ពី​រដ្ឋាភិបាល​ទាំងអស់។ រដ្ឋាភិបាល​ដែល​ទើប​អនុម័ត​ថវិកា​សរុប​២​ពាន់​លាន​បាត សម្រាប់​ជួយ​ជន​រងគ្រោះ ទៅ​តាម​ករណី ដោយ​ឈរ​លើ​គោលការណ៍​សមភាព។

គ្រប់​គ្រួសារ​ណា​ដែល​មាន​បាត់បង់​សមាជិក​ដល់​ជីវិត នឹង​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ចំនួន ៤,៥​លាន​បាត ប្រាក់​ថ្លៃ​រៀប​ចំ​ពិធី​បុណ្យ​សព​២​សែន​៥​ម៉ឺន​បាត បូក​បន្ថែម​នឹង​ប្រាក់​សង​ជំងឺ​ចិត្ត ៣​លាន​បាត​បន្ថែម​ទៀត។

ចំណែក​អ្នក​រង​របួស​វិញ នឹង​ត្រូវ​ទទួល​បាន​សំណង​ជា​ទឹក​ប្រាក់ ទៅ​តាម​ស្ថានភាព​នៃ​ជំងឺ ពោល​គឺ​ជំងឺ​ធ្ងន់ បាន​ទទួល​ប្រាក់​ច្រើន ហើយ​របួស​ស្រាល​បាន​ទទួល​ប្រាក់​តិច។

ពុំមាន​ការ​បង្ហើប​បង្ហាញ​អំពី​ចំនួន​ជន​រងគ្រោះ ឬ​ចំនួន​អ្នក​ដែល​ត្រូវ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ទេ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ម្សិលមិញ​នេះ។ ប៉ុន្តែ​ភាគ​ច្រើន​ទំនង​ជា​ជនគ្រោះ​ក្នុង​ការបង្ក្រាប​ហិង្សា​បាតុករ​អាវ​ក្រហម​នៅ​កណ្តាល​ក្រុង​បាងកក កាលពី​ខែ​មេសា​ឆ្នាំ​២០១០ ដែល​កាលណោះ​មាន​ស្លាប់​ជាង​៩០​នាក់ និង​របួស​ជាង​១៩០០​នាក់។

តាំង​ពី​​ឆ្នាំ​២០០៥​មក​ ប្រទេស​ថៃ​បាន​ស្គាល់​នឹង​ភាព​វឹកវរ​នយោបាយ ដោយ​ផ្តើម​ដំបូង​ គឺ​​បាតុកម្ម​​​ប្រឆាំង​នឹង​រដ្ឋាភិបាល លោក ថាក់ស៊ីន បន្ទាប់​មក​ពួក​យោធា​បាន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​នាយក​រដ្ឋមន្ត្រី​រូប​នោះ នៅ​ឆ្នាំ​២០០៦។ វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​មួយ​ទៀត គឺ​នៅ​ចុង​ឆ្នាំ​២០០៨ អាកាសយានដ្ឋាន​អន្តរជាតិ​ទាំងពីរ​របស់​ថៃ ត្រូវ​បិទ​ខ្ទប់​អស់​ជាច្រើន​ថ្ងៃ ពី​សំណាក់​ពួក​បាតុករ​ជា​អ្នក​រាជានិយម​ អាវលឿង។
 

ពេលនេះ​​រដ្ឋាភិបាល​របស់​លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ប្អូនស្រី​អតីត​នាយក​រដ្ឋមន្ត្រី​ដ៏​ចម្រូងចម្រាស ចង់​បង្ហាញ​ពី​ជំហរ​ជា​អ្នក​ទទួល​ខុស​ត្រូវ និង​ផ្សះផ្សា​ជាតិ ដោយ​សុខ​ចិត្ត​ផ្តល់​សំណង​ចិត្ត​ដល់​គ្រប់​ភាគី ៖ ទាំង​លឿង ទាំង​ក្រហម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ