អានតួអត្ថបទ
កម្ពុជា

តុលាការ​ខ្មែរក្រហម​ផ្អាក​សវនាការ​លើ​សំណុំ​រឿង ០០២ ដោយសារ​​លោក នួនជា ឈឺធ្ងន់

បន្ទាប់ពីបើកសវនាការបានប៉ុន្មាននាទី នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៤ ខែ​មករានេះ អង្គជំនុំជម្រះ​សាលា​ដំបូង របស់​តុលាការ​ខ្មែរក្រហម បានសម្រេច​ផ្អាក​សវនាការ ​លើ​សំណុំរឿង​០០២ បន្ទាប់ពី​លោក នួន ជា ត្រូវបាន​គេ​ដឹក​ចូល​ពេទ្យ សង្គ្រោះ​បន្ទាន់ កាលពី​ល្ងាច​ថ្ងៃអាទិត្យម្សិលមិញ។​ លោក នួន ជា អាយុ ៨៦ ឆ្នាំ កំពុង​សម្រាក​ក្នុង​បន្ទប់​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ-សូវៀត លោក នួន ជា មានជំងឺ​រលាក​ទងសួត ធ្ងន់ធ្ងរ។

លោក នួន ជា ក្នុង​សវនាការ​ថ្ងៃ​ទី ៥ ធ្នូ ២០១១
លោក នួន ជា ក្នុង​សវនាការ​ថ្ងៃ​ទី ៥ ធ្នូ ២០១១
ផ្សាយពាណិជ្ជកម្ម

លោក នួន ជា មាន​ជំងឺ​រលាក​សួត ដ៏ស្រួចស្រាវ ហើយ​ត្រូវបាន​គេបញ្ជូន ​ទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ឬ​មន្ទីរពេទ្យ​រុស្ស៊ី ក្នុងទីក្រុងភ្នំពេញ កាល​ពី​​ល្ងាច​ថ្ងៃអាទិត្យ ទី​១៣ ខែ​មករា ឆ្នាំ​២០១៣​។ អាការៈ​ជំងឺ​របស់លោក នួន ជា នឹង​ត្រូវ​ស្ថិត​នៅ​មន្ទីរពេទ្យ សង្គ្រោះ​បន្ទាន់ ប្រហែលជា ៤ ទៅ ៧ ថ្ងៃ​​។ នេះបើតាមលោក នេត្រ ភ័ក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម។

ក្នុងសវនាការ ព្រឹកមិញ ក្រុម​មេធាវីការពារក្តីលោក នួន ជា បាន​ស្នើ​សុំឲ្យ​មាន​ការផ្អាក​សវនាការ​​លើ​សំណុំរឿង​០០២ ដើម្បី​រង់ចាំ​ចម្លើយពី​លោក នួន ​ជា ដែលកំពុងសម្រាកពេទ្យ ថា​តើ​លោក​លះបង់​សិទ្ធិ ក្នុង​ការចូលរួម​សវនាការដោយផ្ទាល់ ឬ​យ៉ាងណា?។​

អ្នកនាំពាក្យ បានលើកឡើងថា សវនាការ​លើ​សំណុំរឿង​០០២ ដែល​មាន​ជនជាប់ចោទ នួន​ជា អៀង​សារី និង​ខៀវ​សំផន នឹង​ត្រូវ​បន្តធ្វើ​​ឡើងវិញ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៦ ខែ​មករា ឆ្នាំ​២០១៣។

របាយ​ការណ៍ពីគ្រូពេទ្យ ​បាន​បង្ហាញ​ក្នុង​​​សវនា​ការ ​នៅសាលា​ក្តី​ខ្មែរ​ក្រហម កាលពី​ព្រឹក​មិញថា លោក នួន ជា មាន​ជំងឺ​រលាក​ទង​សួត កំពុង​ស្ថិត​ក្នុង​សភាព​សង្គ្រោះ​បន្ទាន់។
អតីតអនុ​លេខាធិការ​បក្សកុម្មុនីស្ត​កម្ពុជា និង​ប្រធាន​សភា​ប្រជា​ជន នៅ​ក្នុង​របប​កម្ពុជា​ប្រជា​ធិប​តេយ្យ លោក នួន ជា  ​ត្រូវ​សាលា​ក្តី​ខ្មែរ​ក្រហម​ចាប់​ខ្លួន​ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០០៧។ តុលាការ ចោទ​ប្រកាន់បងទី២ លោក នួន ជា ​ពី​បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​លើ​អនុ​សញ្ញា​ទីក្រុង​ហ្សឺណែវ​ឆ្នាំ​១៩៤៩ និង​បទ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​​ពូជ​សាសន៍។

ចាប់តាំងពីចាប់ផ្តើមសវនាការដំបូង កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១១ ​សំណុំ​រឿង​០០២ គិត​មកដល់​​បំណាច់ឆ្នាំ​២០១២ បានដំណើរការរយៈពេល ១៤០ ​ថ្ងៃ​។ ក្នុងនោះ មានសាក្សី​ ៣២ នាក់​ ដើម​បណ្តឹង​​រដ្ឋ​ប្បេវណី  ១៤នាក់​ និង​អ្នក​ជំនាញ ​២ នាក់  បានផ្តល់សក្ខី​កម្ម​ ក្នុងសវនា​ការ។

មិនមែនមានតែលោក នួនជា ទេ ដែលប្រឈមមុខនឹងបញ្ហាសុខភាព ចាស់ជរា លោក អៀង សារី អតីតរដ្ឋមន្ត្រីការបរទេសខ្មែរក្រហម ដែលមានអាយុ ៨៧ ឆ្នាំ ក៏មានជំងឺ និងមិនអាចចូល​រួម​សវនាការ ដោយផ្ទាល់បានឡើយ នៅពេលនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ