អានតួអត្ថបទ
អាមេរិក-ស៊ីរី

អាមេរិក និង​ប្រទេស​កាតារ​​បន្ថែម​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ស៊ីរី

សហរដ្ឋអាមេរិក​បាន​ប្រកាស​ឲ្យ​ដឹង​ថា ខ្លួន​នឹង​បិទខ្ទប់​មិន​ឲ្យ​ធនាគារ​មួយ​របស់​ស៊ីរី​មាន​លទ្ធភាព​ប្រើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អាមេរិកំាង។ មូលហេតុ មក​ពី​ធនាគារ​ស៊ីរី​នោះ​បាន​រកស៊ី​ជាមួយ​ធនាគារ​ផ្សេង​ទៀត​ដែល​កំពុង​ជាប់​ទ័ណ្ឌកម្ម។ តាម​រយៈ​វិធានការ​នេះ លោក​ប្រធានាធិបតី​អាមេរិក អូបាម៉ា​ចង់​បង្ហាញ​ពី​ការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន​ចំពោះ​រដ្ឋាភិបាល​ស៊ីរី។ លោក អូបាម៉ា​ដែល​ចង់​បន្ត​ប្រើ​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច មុន​នឹង​សម្រេចចិត្ត​ឈាន​ដល់​ការ​ប្រើ​កម្លំាង​យោធា។

អាមេរិក និង​ប្រទេស​កាតារ​​បន្ថែម​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ស៊ីរី
អាមេរិក និង​ប្រទេស​កាតារ​​បន្ថែម​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ស៊ីរី AFP PHOTO/ANWAR AMRO
ផ្សាយពាណិជ្ជកម្ម

ធនាគារ​ស៊ីរី​ឈ្មោះ Syria International Islamic Bank ត្រូវ​បាន​អាមេរិក​សង្ស័យ​ថា បាន​លួច​ទៅ​រកស៊ី និង​ជួយ​ធនាគារ​ពាណិជ្ជ​ស៊ីរី និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ផ្សេង​ទៀត​ដែល​កំពុង​ជាប់​ទ័ណ្ឌកម្ម​របស់​អាមេរិក សហភាព​អឺរ៉ុប និង​សម្ព័ន្ធ​អារ៉ាប់។ Syria International Islamic Bank ប្រហែល​ជា​បាន​ជួយ​ធនាគារ​ពាណិជ្ជ​ស៊ីរី​ឲ្យ​បញ្ជូន​ប្រាក់​ចេញ​ចំនួន ១៥០លាន​ដុល្លារ។ ដូច្នេះ​ចាប់​ពី​នេះ​ត​ទៅ Syria International Islamic Bank នឹង​មិន​អាច​ប្រើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​អាមេរិក​បាន​ទៀត​ឡើយ។ ចំណែក​ប្រទេស​កាតា​រ​វិញ​ក៏​កំពុង​រៀបចំ​វិធានការ​ដូច​គ្នា​នេះ​ដែរ។ តែ​ក្រសួង​សេដ្ឋកិច្ច​អាមេរិក​បាន​បញ្ជាក់​ថា ធនាគារ​របស់​ប្រទេស​កាតារ​​ដែល​រកស៊ី​ជាមួយ​ Syria International Islamic Bank នឹង​មិន​ទទួល​រង​ទ័ណ្ឌកម្ម​នេះ​ទេ។

ការ​ចាត់​វិធានការ​ដូច​នេះ​របស់​រដ្ឋបាល​អាមេរិកំាង គឺ​ដើម្បី​ដាក់​សម្ពាធ​បន្ថែម​លើ​របប​ទីក្រុង​ដាម៉ាស់ និង​ជា​ការ​បង្ខំ​ឲ្យ​លោក​ប្រធានាធិបតី​ស៊ីរី​ចុះ​ចេញ​ពី​តំណែង។ តែ​យ៉ាង​ណា​ក៏​ដោយ លោក Mitt Romney និង​លោក John Mcain ដែល​បាន​ចោទ​លោក​អូបាម៉ា​ពី​ភាព​ទន់ខ្សោយ និង​អសមត្ថភាព​នៅ​ចំពោះ​មុខ​ព្រឹត្តិការណ៍​សម្លាប់​រង្គាល​នៅ Houla ពី​សំណាក់​ទាហាន​ស៊ីរី បាន​​ជំរុញ​​លោក អូបាម៉ា​ឲ្យ​ធ្វើ​អន្តរាគម​​តាម​ផ្លូវយោធា។ តែ​ខណៈ​នេះ លោក អូបាម៉ា​ចង់​បន្ត​ប្រើ​វិធានការ​ផ្លូវទូត ផ្សំ​និង​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច។ ទន្ទឹម​គ្នា​នេះ លោក អូបាម៉ា​ក៏​មិន​ចង់​បំពាក់​អាវុធ​ទៅ​ឲ្យ​ក្រុម​អ្នកប្រឆំាង​ដែរ ដោយ​ខ្លាច​អាវុធ​ទំាង​នោះ​ធ្លាក់​ទៅ​ក្នុង​កណ្តាប់ដៃ​ពួក​ជ្រុល​និយម។

យ៉ាង​ណា​ក៏​ដោយ នៅ​ថ្ងៃទី ៦ មិថុនា​ខាង​មុខ ក្រុមប្រទេសមិត្ត​របស់​ស៊ីរី​នឹង​បើក​កិច្ចប្រជុំ​នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន ដើម្បី​សិក្សា​ពី​ប្រសិទ្ធិភាព​នៃ​ទ័ណ្ឌកម្ម​កន្លង​មក និង​ស្វែង​រក​វិធានការ​ថ្មី​ដើម្បី​បង្ខំ​ប្រធានាធិបតី​ស៊ីរី Bachar al-Assad ឲ្យ​បិទបញ្ចប់​អំពើ​ហិង្សា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ