អានតួអត្ថបទ
កម្ពុជា-តុលាការខ្មែរក្រហម

តុលាការ​ខ្មែរ​ក្រហម​ជូន​ដំណឹង​ដល់​បុគ្គលិក​ជាតិ​ពី​កង្វះ​ថវិកា​សម្រាប់​ខែ​ធ្នូ​នេះ​

កាលពី​​​ព្រឹក​​ថ្ងៃ​​សុក្រ​​នេះ ​លោក ​ក្រាញ់ តូ​នី​ ប្រធាន​ការិយាល័យ​​រដ្ឋ​បាល​ស្តីទី​នៃ​​អង្គ​​ជំនុំជម្រះ​​វិសាមញ្ញ ​ក្នុង​​តុលាការ​​កម្ពុជា​ (​អ​.​វ​.​ត​.​ក​)​ ឬ​​តុលាការ​​ខ្មែរក្រហម​ បាន​​ជួបប្រជុំ​​ជាមួយ​​បុគ្គលិក​​ជាតិ​​ទាំង​អស់​ដើម្បី​​ពន្យល់​​ពី​​ការ​វិវត្តន៍​​នៃ​​សាលាក្តី​និង​​ជា​ពិសេស​​អំពី​​បញ្ហា​​ប្រឈម​​​កង្វះ​​សាច់​ប្រាក់​សម្រាប់​​បើក​​ប្រាក់​ខែ​​ដល់​​បុគ្គលិក​​ជាតិ ​ប្រមាណ​ ៣០០​ នាក់​ ចាប់​តាំង​ពី​​អ្នក​បើកបរ រហូត​​​​​ដល់​​ព្រះរាជអាជ្ញា​និង​​ចៅក្រម ​គិត​​ចាប់​ពី​ខែ​​ធ្នូ​​នេះ​​តទៅ​។​ តាម​​សេចក្តី​ជូន​​ដំណឹង ​បុគ្គលិក​​​ជាតិ​នៅ​​តុលាការ​​ខ្មែរ​ក្រហម​ អាច​​យឺតយ៉ាវ​ ក្នុង​​ការ​បើក​​ប្រាក់​ខែ​ពីរ​ឬ​​ក៏​​បី​​សប្តាហ៍​ ទម្រាំ​​​​តែ​​បំពេញ​បែប​បទ​ដក​​យក​​ប្រាក់​​ពី​​សហភាព​​អឺរ៉ុប​ប្រមាណ ​៣ ​សែន​​ដុល្លារ​បាន​។​ រីឯ​​ភាគី​​អន្តរជាតិ ​មាន​ថវិកា​ ដែល​​អាច​​ទ្រទ្រង់​ រហូត​ដល់​​ខែ​​កុម្ភៈ​ ឆ្នាំ​​២០១៣​។​​

ច្រកចូល​អគារ​អង្គជំនុំជម្រះ​វិសាមញ្ញ (តុលាការ​ខ្មែរក្រហម)
ច្រកចូល​អគារ​អង្គជំនុំជម្រះ​វិសាមញ្ញ (តុលាការ​ខ្មែរក្រហម)
ផ្សាយពាណិជ្ជកម្ម

​​សេចក្តីជូនដំណឹង ចុះ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១២ បង្ហាញថា លោក ក្រាញ់ តូ​នី ប្រធានស្តីទី​រដ្ឋបាល​​សាលាក្តី​ខ្មែរក្រហម បាន​ប្រកាស​ប្រាប់​បុគ្គលិក​ជាតិ អំពី​ស្ថានភាព​ថវិកា​របស់​សាលាក្តី និង​បញ្ហា​ប្រឈម ដែល​ជា​កង្វល់​ដ៏​ធ្ងន់ធ្ងរ​មួយ គឺ​ការខ្វះ​សាច់ប្រាក់ សម្រាប់​បើក​ប្រាក់ខែ ជូន​បុគ្គលិក​ជាតិ​ទាំងអស់ ប្រមាណ ៣០០ នាក់ ចាប់ពី​ខែ​ធ្នូ​នេះ​តទៅ​។​ រីឯ​ភាគី​អន្តរជាតិ ​មានថវិកាដំណើរការរហូតដល់ខែកុម្ភៈ ឆ្នាំ២០១៣។

​តាម​លោក ក្រាញ់ តូ​នី ភាគី​ជាតិ មាន​ថវិកា​សម្រាប់​ដំណើរការ​ដល់​ចុង​ឆ្នាំ​២០១២​នេះ ប៉ុន្តែ​អាច​​នឹង​ជួបប្រទះ​នូវ​កង្វះ​សាច់ប្រាក់ ដើម្បី​បើក​ប្រាក់ខែ សម្រាប់​ខែ​ធ្នូ​នេះ​តែម្តង ដោយ​មាន​ការយឺតយ៉ាវ​ប្រហែល​ពីរ​បី​សប្តាហ៍​។ ផ្នែក​ថវិកា និង​ហិរញ្ញវត្ថុ កំពុង​ធ្វើ​ការងារ​ជាមួយ​ម្ចាស់​ជំនួយ​ និង​អ្នកគ្រប់គ្រង​ថវិកា ដើម្បី​ទទួលបាន​ថវិកា ដែល​នៅសល់​ប្រមាណ ៣​សែន​ដុល្លារ​អាមេរិក ដែល​ស្ថិត​នៅក្នុង​គម្រោង​គាំទ្រ ដោយ​សហភាព​អឺរ៉ុប ដើម្បី​យកប្រាក់​នោះ មក​ទូទាត់​ប្រាក់បៀវត្សរ៍ សម្រាប់​ខែ​ធ្នូ​នេះ​។

​ជាមួយគ្នា​នោះ លោក ក្រាញ់ តូ​នី បាន​រម្លឹក​ឡើង​អំពី​ប្រភព​ថវិកា ដែល​ផ្តល់ឲ្យ អ​.​វ​.​ត​.​ក គឺ​បាន​មកពី​ថវិកាបដិភាគ​របស់​រដ្ឋាភិបាលកម្ពុ​ជា ដែល​ចំណាយ​លើ​ថ្លៃ​ទឹក​ភ្លើង ការថែទាំ​អគារ​ធ្វើការ សេវា​ដឹកជញ្ជូន​បុគ្គលិក សេវា​ថែទាំ​សុខភាព​របស់​ជនជាប់ចោទ និង​ការងារ​ផ្សព្វផ្សាយ​របស់​តុលាការ​។ រីឯ​ប្រាក់ខែ សម្រាប់​បុគ្គលិក​ទាំងអស់ គឺ​ពឹងផ្អែក​ទាំងស្រុង លើ​ថវិកា​ស្ម័គ្រ​ចិត្ត​ ដែល​ផ្តល់​ដោយ​ប្រទេស​ម្ចាស់ជំនួយ ក្នុងនោះ រួមមាន ជប៉ុន សហភាព​អឺរ៉ុប អូស្ត្រាលី អាឡឺម៉ង់ និង​ចក្រភព​អង់គ្លេស ជាដើម​។

​តាម​សេចក្តីប្រកាស សម្រាប់​ឆ្នាំ​២០១៣ បុគ្គលិក​ទាំងអស់ ក៏​នឹង​ប្រឈមមុខ​នឹង​ការ​មិន​ទទួល​បាន​​ប្រាក់ខែ ចាប់ពី​ខែ​មករា រហូតដល់​មាន​ការ​ផ្តល់​វិភាគទាន​ថ្មី​។ ជាថ្មី​ម្តងទៀត ការបំពេញ​ការងារ​ដោយ​គ្មាន​ប្រាក់ខែ គឺ​ពិតជា​មាន​ផលប៉ះពាល់​ដល់​ទឹកចិត្តនិង​ស្មារតី​របស់​បុគ្គលិក​ជាតិ​​ទាំងអស់​។​

​ក្នុង​ស្ថានភាព​បែប​នេះលោក ក្រាញ់ តូ​នី សង្ឃឹមថាប្រទេស​ផ្តល់​ជំនួយ​សំខាន់ៗរបស់​តុលាការ​ខ្មែរក្រហមនឹង​អនុម័ត​គម្រោង​ថវិកា​កែសម្រួល​ឆ្នាំ​២០១៣ឲ្យបាន​ឆាប់ និង​ផ្តល់​ថវិកា​សង្គ្រោះ​បន្ទាន់ ( Bridging Funds )ដើម្បី​បន្ត​និរន្តរភាព​ការងារ​តុលាការនិង​ចៀសវាង​ការរាំងស្ទះ​ដំណើរ​​ការ​សវនាការ​ជំនុំជម្រះ​ក្តី ដែល​កំពុង​អនុវត្តទៅ​ដោយ​សកម្ម និង​ដោយ​រលូន​ល្អ។​

លោក នេត្រ ភ័​ក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម បានឲ្យដឹងថា សព្វថ្ងៃនេះ ទោះជា​មាន​បញ្ហា​កង្វះ​ថវិកា ក៏ប៉ុន្តែ​ដំណើរការ​របស់​តុលាការ​កាត់ទោស​មេ​ខ្មែរក្រហម នៅតែ​បន្ត​ជាធម្មតា​។ តុលាការ​ចម្រុះ កំពុង​ដំណើរការ​កាត់ក្តី​លើ​សំណុំរឿង​០០២ ដែល​មាន​ជនជាប់ចោទ នួន​ជា អៀង​សារី និង​ខៀវ​សំផន​។

​ចាប់តាំងពី​បង្កើត នៅ​ឆ្នាំ​២០០៦ តុលាការ​ចម្រុះ​កាត់ទោស​មេ​ខ្មែរក្រហម បាន​ចំណាយ​ថវិកា​សរុប​ប្រមាណ​ជាង ១៧០ លាន​ដុល្លារ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ