អាមេរិកទទួលស្គាល់ថា ឥទ្ធិពលខ្លួននៅអេហ្ស៊ីបនៅមានព្រំដែនកំណត់
តាំងពីលោកមរស៊ី ត្រូវកងទ័ពអេហ្ស៊ីបទំលាក់ចេញពីតំណែង កាលពីដើមខែកក្កដា កន្លងមក ការទទូចសុំរបស់អាមេរិក សុំអោយបញ្ឈប់ហិង្សានៅអេហ្ស៊ីប បានធ្វើជាច្រើនលើកច្រើនសារ តែហាក់គ្មានទទួលបានប្រសិទ្ធភាពអ្វីជាក់ស្តែងឡើយ។ នៅថ្ងៃចន្ទម្សិលមិញនេះ ក្រុងវ៉ាស៊ីនតោនបានទទួលស្គាល់ថា ឥទ្ធិពលខ្លួនទៅលើប្រទេសនេះ នៅមានព្រំដែនកំណត់នៅឡើយ។ ទោះយ៉ាងនេះក្តី អាមេរិកនៅតែបន្តពិនិត្យលើជំនួយដែលខ្លួនផ្តល់ទៅអោយអេហ្ស៊ីប។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥៩
នៅទីបំផុត សហរដ្ឋអាមេរិកបានទទួលស្គាល់ថា ឥទ្ធិពលខ្លួននៅអេហ្ស៊ីប នៅមានព្រំដែនកំណត់នៅឡើយ។ ពិតណាស់ តាំងពីអតីតប្រធានាធិបតីមរស៊ី ត្រូវកងទ័ពអេហ្ស៊ីបទំលាក់ពីតំណែងមក អាមេរិកបានបញ្ជូនប្រមុខការពារជាតិខ្លួន គឺលោក Chuck Hagel ទៅកាន់អេហ្ស៊ីបជាង១៥ដងមកហើយ ជួបជាមួយបុរសខ្លាំង អាប់ឌែល ហ្វាតា អាល់ស៊ិសស៊ី ដើម្បីសុំអោយអេហ្ស៊ីបបញ្ឈប់អំពើហិង្សា។ ប៉ុន្តែ ការទទូចសុំ គ្មានចេញជាផ្លែផ្កា អ្វីឡើយ។ តែក្នុងរយៈពេល៦ថ្ងៃប៉ុណ្ណោះ កាលពីសប្តាហ៍មុន កងទ័ពអេហ្ស៊ីបបានបង្ក្រាបបាតុករគាំទ្រលោកមរស៊ី ធ្វើអោយមានមនុស្សស្លាប់ជិត៩០០នាក់ ភាគច្រើនគឺជាបាតុករសុទ្ធសាធ។ យោងតាមប្រមុខការពារជាតិអាមេរិក ដោយ ឥទ្ធិពលអាមេរិកនៅមានកម្រិត ឥលូវគឺដល់ពេលដែលជនជាតិអេហ្ស៊ីបជាអ្នកសំរេចខ្លួនឯងវិញម្តង។
ទន្ទឹមនេះដែរ រដ្ឋាភិបាលអាមេរិក បានប្រកាសថា នឹងបន្តពិនិត្យពីជំនួយដែលខ្លួនផ្តល់ជារៀងរាល់ឆ្នាំ ទៅអោយអេហ្ស៊ីប។ ជំនួយអាមេរិកមានតំលៃប្រមាណជាងមួយពាន់លានប្រាំសែនដុល្លារ ក្នុងនោះមួយពាន់លានបីសែនដុល្លារ ត្រូវបានផ្តល់ដល់យោធាអេហ្ស៊ីប ហើយ២៥០លានដុល្លារទៀតជាជំនួយសេដ្ឋកិច្ច។ តាំងពីមានអំពើហិង្សាសម្លាប់មនុស្សរាប់រយនាក់នៅអេហ្ស៊ីបមក រដ្ឋាភិបាលលោកអូបាម៉ាទទួលសម្ពាធសុំអោយកាត់ផ្តាច់ជំនួយនេះចេញ។ អាមេរិកនៅតែចង់បន្តកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលបណ្តោះអាសន្នអេហ្ស៊ីបដដែល ព្រោះថាអេហ្ស៊ីបមានឥទ្ធិពល ហើយអាចដើរតួនាទីសំខាន់ក្នុងកិច្ចពិភាក្សាស្វែងរកសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។
ដោយឡែក ក្រុងវ៉ាស៊ីនតោនបានបង្ហាញថាខ្លួនមានភាពល្អក់កករក្នុងចិត្ត ចំពោះការស្លាប់ដោយថប់ដង្ហើមរបស់អ្នកទោសក្រុមភាតរអ៊ីស្លាម៣៧នាក់ កន្លងទៅ។ អ្នកនាំពាក្យសេតវិមាន លោក Josh Earnest បានក្រើនរំលឹកឡើងវិញពីគោលជំហរអាមេរិកសុំអោយបញ្ចប់ការឃុំខ្លួនអ្នកទោសនយោបាយ ហើយពិតណាស់ ក្នុងនោះក៏ត្រូវបញ្ចប់ការឃុំខ្លួនលោកមរស៊ីផងដែរ។
ឯកអគ្គមគ្គុទេសក៍ក្រុមភាតរអ៊ីស្លាម Mohamed Badie ទើបតែត្រូវបានចាប់ខ្លួន កាលពីយប់ថ្ងៃចន្ទឈានចូលព្រឹកថ្ងៃអង្គារនេះឯង។ លោក បាឌី និងមេដឹកនាំបក្សភាតរអ៊ីស្លាមច្រើនរូបទៀត រង់ចាំការកាត់ក្តីទាក់ទងការលួចរត់ចេញពីគុក ក្នុងពេលដែលអេហ្ស៊ីបធ្វើបដិវត្តន៍ទំលាក់លោក មូបារ៉ាក់ កាលពីឆ្នាំ២០១១៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ