អានតួអត្ថបទ
ជប៉ុន

ការស្ទង់មតិ៖ គណបក្ស​របស់​លោក​អាបេ​នឹង​ទទួល​បាន​សំឡេង​ភាគច្រើន​នៅ​រដ្ឋសភា

នៅសល់​តែ​១០​ថ្ងៃ​ទៀត​ប្រជាជន​ជប៉ុន​ត្រូវ​ទៅបោះឆ្នោត​ជាតិ ដែល​ត្រូវ​រៀបចំ​មុនកាល​កំណត់ នៅថ្ងៃ​ទី ១៤​ធ្នូ។ ការស្ទង់មតិ​ដែល​ធ្វើ​ឡើង​ដោយ​កាសែត ជាច្រើន ​ក្នុង​ស្រុក​ជប៉ុន បាន​បង្ហាញរួចហើយ នៅថ្ងៃនេះ ថា ​គណបក្ស​សេរី ប្រជាធិបតេយ្យ​របស់​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន ស្ហ៊ីនហ្សូ អាបេ​នឹង​ទទួល​បាន​សំឡេង​ផ្តាច់មុខ នៅសភា នៅក្នុង​ការបោះឆ្នោត នាពេល​ខាងមុខ។  

គណបក្ស​សេរី ប្រជាធិបតេយ្យ​របស់​លោក​នាយករដ្ឋមន្រ្តី​ជប៉ុនបិទ​ផ្ទាំង​ឃោសនា​ក្នុង​ទីក្រុង​តូក្យូ នៅថ្ងៃ​ទី ២​ធ្នូ មុន​ថ្ងៃ​បោះឆ្នោត មុន​កាល​កំណត់ ថ្ងៃទី ១៤ ធ្នូ
គណបក្ស​សេរី ប្រជាធិបតេយ្យ​របស់​លោក​នាយករដ្ឋមន្រ្តី​ជប៉ុនបិទ​ផ្ទាំង​ឃោសនា​ក្នុង​ទីក្រុង​តូក្យូ នៅថ្ងៃ​ទី ២​ធ្នូ មុន​ថ្ងៃ​បោះឆ្នោត មុន​កាល​កំណត់ ថ្ងៃទី ១៤ ធ្នូ ©REUTERS/Yuya Shino
ផ្សាយពាណិជ្ជកម្ម

កាសែត​ធំៗ​របស់​ជប៉ុន ដូចជា​​Asahi Shimbun ឬ​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន​ក្យូដូ សុទ្ធ​តែ​បង្ហាញ​ថា គណបក្ស​សេរី ប្រជាធិបតេយ្យ​របស់​លោក​នាយករដ្ឋមន្រ្តី​ស្ហ៊ីនហ្សូ អាបេ​នឹង​មាន​សំណាង​ឈ្នះឆ្នោត យ៉ាងស្រួល  នៅថ្ងៃ​បោះឆ្នោត​សភា ថ្ងៃ​ទី ១៤​ធ្នូ។

 
ការព្យាករណ៍​ទុកមុន បាន​មក​ពី​លទ្ធផល​នៃ​ការស្ទង់មតិ ដែល​កាសែត​ក្នុង​ស្រុក​ជប៉ុន​បាន​ធ្វើ កាលពីថ្ងៃ​អង្គារ និង​ថ្ងៃ ពុធ​ម្សិលមិញ ជាមួយ ប្រជាជន​ជប៉ុន​ច្រើន​ជា​ង​១​សែននាក់។ តាម​ការចុះផ្សាយ​របស់​កាសែត​ជាច្រើន​របស់​ជប៉ុន ការចុះខ្សោយ និង​បែកបាក់ របស់​គណបក្ស​ប្រឆាំង "គណបក្ស​ប្រជាធិបតេយ្យ​ជប៉ុន" បាន​ផ្តល់​ចំណេញ​យ៉ាងច្រើន ទៅ​ឲ្យ​គណបក្ស​កាន់អំណាច។ គេ​ប៉ាន់​ប្រមាណ​ថា គណបក្ស​សេរី ប្រជាធិបតេយ្យ​របស់​លោក​ស្ហ៊ីនហ្សូ អាបេ តែ​ម្នាក់​ឯង នឹង​ប្រមូល​បាន​សំឡេង​ភាគច្រើន​នៅ​សភា គឺ​ច្រើន​ជាង ២៣៨ អាសនៈ នៅក្នុង​ចំណោម​អាសនៈ​សរុប​ចំនួន ៤៧៥។ នេះ​គេ​នៅមិន​ទាន់​​បូកបញ្ចូល​ចំនួន​កៅអី​របស់​គណបក្ស​កណ្តាល​និយម ឈ្មោះ កូមេតូ ដែល​ចូល​ធ្វើ​ជាដៃគូ​របស់​គណបក្ស​កាន់អំណាច ចាប់​ពី​ឆ្នាំ ២០១២​មក។

ដោយ​មាន​ការចូលរួម​ពី គណបក្ស​កណ្តាល​និយម គណបក្ស​អភិរក្ស​និយម​របស់​លោក​អាបេ​នឹង​កាន់កាប់​សំឡេង​ភាគច្រើន នៅ​រដ្ឋសភា។ ឱកាស​ដ៏​ល្អ​នេះ​នឹង​អនុញ្ញាត​ឲ្យ​អនាគត​រដ្ឋាភិបាល​របស់លោក​អាបេ​ងាយស្រួល​ចេញ​ច្បាប់​នានា នោះបើទោះបី​ជា​មាន​ការបោះឆ្នោត​ប្រឆាំង​ពី​ព្រឹទ្ធសភា​ក្តី។

យ៉ាងណាក៏ដោយ មាន​ប្រជាជន​ជប៉ុន​ដែល​ត្រូវ​គេ​សាកសួរ​ជាច្រើន បាន​បង្ហាញ​ទឹកចិត្ត​​មិន​រំភើបរីករាយ​នឹង​ចូលរួម​នៅក្នុង​ការបោះឆ្នោត​មុន​កាលកំណត់នោះ​ទេ។ តាមកាសែត មាន​តែ​មនុស្ស​​១ភាគ៣ ដែល​ត្រូវ​គេ​សាកសួរ បាន​និយាយ​ថា ពួកគេ​ចង់​ទៅ​បោះឆ្នោត ប៉ុន្តែ អ្នក​នៅ​សល់​​ពីនោះ​បាន​បង្ហាញ​ថា ពួកគេ​មិន​ត្រេកត្រអាល​ប៉ុន្មាន​ចំពោះ ​ការបោះឆ្នោត​មុន​កាលកំណត់។

កាល​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា នៅពេល​ដែល​តួលេខ​បង្ហាញ​ថា ជប៉ុន​មាន​សេដ្ឋកិច្ច​ដើរ​ថយក្រោយ នាយករដ្ឋមន្រ្តី​ជប៉ុន​បាន​ប្រកាស​រំលាយ​សភា និង​ការរៀបចំ​បោះឆ្នោត​មុន​កាល​កំណត់ ដែល​តាមពិត​ត្រូវ​ធ្វើ នៅ​ឆ្នាំ ២០១៧។ គេ​ប៉ាន់ស្មាន​ថា លោក​អាបេ​ចង់​ឆ្លៀត​យក​ការបោះឆ្នោត​មុនកាល​កំណត់ ដើម្បី​ស្វែងរក​ការគាំទ្រ​ពីប្រជាជន​សម្រាប់​នយោបាយ​សេដ្ឋកិច្ច Abenomic របស់លោក។ ប៉ុន្តែ មាន​ប្រជាជន​ជប៉ុន​ជាច្រើន​បាន​បង្ហាញ​ការខកចិត្ត ព្រោះ ដោយសារ​ការបោះឆ្នោត​មិនមែន​ជា​រឿង អាទិភាព ប៉ុន្តែ គឺ​បញ្ហា​សេដ្ឋកិច្ច​ឯណោះទេ ដែល​ជា​កង្វល់​ចំបង​របស់​ប្រជាជន។ គេ​រំពឹង​ដែរថា ដោយសារ​តែ​ការមិន​ឲ្យ​តម្លៃ នឹងមាន​ប្រជាជន​ជប៉ុន​ច្រើន​គួរសម​​ដែល​នឹង​មិន​ទៅ​ចូលរួម​បោះឆ្នោត នៅថ្ងៃ​ទី ១៤​ធ្នូ​ខាងមុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ