អានតួអត្ថបទ
អេហ្ស៊ីប

អេហ្ស៊ីប៖មាន​មនុស្ស​រងរបួស​ជាច្រើននាក់​ក្នុង​ការ​ប៉ះទង្គិច​គ្នា​រវាង​អ្នកគំាទ្រ និង​អ្នកប្រឆំាង​លោក​ម័រស៊ី

នៅ​ប្រទេស​អេហ្ស៊ីប មាន​មនុស្ស​រងរបួស​ប្រមាណ​ជា ២០នាក់​នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ហិង្សា​រវាង​ក្រុមសកម្មជន​អ្នកគំាទ្រ និង​អ្នកប្រឆំាង​លោក​ប្រធានាធិបតី​ធ្លាក់​ពី​អំណាច​ម័រស៊ី។ នៅ​ថ្ងៃសុក ទី៩សីហា​ម្សិលមិញ មាន​ក្រុម​អ្នកគំាទ្រ​លោក​ម័រស៊ី​រាប់សិបពាន់នាក់​បាន​នំា​គ្នា​ធ្វើ​បាតុកម្ម​នៅ​តាម​ផ្លូវ​ក្នុង​ទីក្រុង Caire ដើម្បី​ប្រឆំាង​នឹង​រដ្ឋអំណាច​ថ្មី​ដែល​ពួក​គេ​ចាត់​ទុក​ថា មិន​ស្រប​ច្បាប់។

អេហ្ស៊ីប៖មាន​មនុស្ស​រងរបួស​ជាច្រើននាក់​ក្នុង​ការ​ប៉ះទង្គិច​គ្នា​រវាង​អ្នកគំាទ្រ និង​អ្នកប្រឆំាង​លោក​ម័រស៊ី
អេហ្ស៊ីប៖មាន​មនុស្ស​រងរបួស​ជាច្រើននាក់​ក្នុង​ការ​ប៉ះទង្គិច​គ្នា​រវាង​អ្នកគំាទ្រ និង​អ្នកប្រឆំាង​លោក​ម័រស៊ី REUTERS/Asmaa Waguih
ផ្សាយពាណិជ្ជកម្ម

ពេញ​មួយ​ថ្ងៃ​ម្សិលមិញ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា « ពិធី​ប្រារព្ធ​ថ្ងៃ​ជោគជ័យ »។ កម្មវត្ថុ​របស់​ក្រុមបាតុករ​គឺ​ដើម្បី​បង្ហាញ​ពី​ការ​គំាទ្រ​យ៉ាង​ពេញ​ទំហឹង​របស់​ពួក​ចំពោះ​លោកប្រធានាធិបតី​ធ្លាក់​ពី​អំណាច​ម័រស៊ី។ ក្រុមបាតុករ​បាន​រៀបចំ​ក្បួន​ដង្ហែ​ចេញ​ពី​វិហារ​ប្រមាណ​ជា ១០ នៅ​ទូទំាង​ប្រទេស​អេហ្ស៊ីប។ ក៏​ប៉ុន្តែ មហាបាតុកម្ម​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ទីក្រុង Alexandrie និង​ទីក្រុង Caire។ មាន​សកម្មជន​អ្នកគំាទ្រ​លោក​ម័រស៊ី​រាប់សិប​ម៉ឺននាក់​បាន​នំា​គ្នា​ដង្ហែ​ក្បួន​បាតុកម្ម​នៅ​តាម​ផ្លូវ រហូត​ធ្វើ​ឲ្យ​មាន​ការ​កកស្ទះ​ចរាចរណ៍​យ៉ាង​ណែនតាន់តាប់។

យ៉ាង​ណា​ក៏​ដោយ ទោះ​បី​ជា​ក្រុម « Frères អ៊ីស្លាម » បាន​ព្យាយាម​យក​ក្បួនបាតុកម្ម​មក​បង្ហាញ​ពី​ជំហរ​ម៉ឺងម៉ាត់​ដែល​មិន​អាច​ចរចា​បាន​ក៏​ដោយ ក៏​ការ​កែន​មនុស្ស​ឲ្យ​ចូល​រួម​នៅ​ក្នុង​ក្បួន​បាតុកម្ម​នៅ​មិន​ទាន់​មាន​ចំនួន​ច្រើន​សម្បើម​គួរ​ឲ្យ​កត់សម្គាល់​ឡើយ។

អ្វី​ជា​ការ​កត់​សម្គាល់ ការ​ព្យាយាម​អត់ធ្មត់​មិន​ប្រើ​អំពើហិង្សា​ខ្លំាងក្លា​នា​ឱកាស​ពិធីបួស ឬ​ពិធី​តម​អាហារ​របស់​អ្នកកាន់​សាសនា​អ៊ីស្លាម​ហាក់​ដូច​ជា​មាន​ការ​គោរព​ពី​ភាគី​ជម្លោះ​ម្ខាងៗ។ ក្រុម​ប៉ូលិស​ក៏​បាន​ចៀសវាង​មិន​ចូល​ប្រឈមមុខ​ខ្លំាង​ទល់​នឹង​ក្រុម​បាតុករ​ដែរ។ ផ្ទុយ​ទៅ​វិញ នៅ​តាម​ខេត្ត​ឯណោះ ក្បួនបាតុកម្ម​តូចតាច​បាន​បង្ក​ចេញ​នូវ​ការ​ប្រទូស្រ្តាយ​គ្នា​រវាង​ក្រុមអ្នកគំាទ្រ និង​ក្រុមអ្នកប្រឆំាង​លោក​ម័រស៊ី។ សរុប​មាន​មនុស្ស​រងរបួស​ជិត ២០នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ