អានតួអត្ថបទ
កម្ពុជា

ប្រជាសហគមន៍​ព្រៃឈើ​បើក​យុទ្ធនាការ​អភិរក្ស​ព្រៃឡង់

​បណ្តាញ​ប្រជា​សហគមន៍​ព្រៃឈើម​ក​ពី​១៤​ខេត្ត បាន​ជួបជុំគ្នា គូរ​មុខ គូ​រមាត់ និង​បាន​បែរបន់​នៅ​ព្រះអង្គ​ដងកើ មុខ​ព្រះបរមរាជវាំង កាលពី​ព្រឹក​ថ្ងៃទី​១៨​សីហា​នេះ​។ ការជួបជុំ​របស់​ប្រជា​សហគមន៍​ព្រៃឈើ​ទាំងនោះ ដើម្បី​បន់ស្រន់ និង​ស្វែងរក​ការគាំទ្រ​ចំពោះ​កិច្ច​ការពារ​ព្រៃ​ឡ​ង់ និង​ធនធានធម្មជាតិ​ជាច្រើន​ទៀត​នៅ​កម្ពុជា​។ ខិត្តប័ណ្ណ​និយាយ​ពី​ព្រៃ​ឡង់​ប្រមាណ ១ម៉ឺន​សន្លឹក ត្រូវ​បាន​ចែកចាយ​តាម​ផ្លូវ​កែង ភ្លើងស្តុប​ជាច្រើន​នៅ​ទីក្រុង​ភ្នំពេញ ក៏ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​រារាំង ហើយ​សកម្មជន​ព្រៃឈើ​ជាង ១០០ នាក់ ត្រូវបាន​ចាប់​ឃាត់ខ្លួន​មួយរយៈ​។​

ប្រជាសហគមន៍​​ទាមទារ​ឲ្យ​មាន​ការ​អភិរក្ស​​ព្រៃឡង់
ប្រជាសហគមន៍​​ទាមទារ​ឲ្យ​មាន​ការ​អភិរក្ស​​ព្រៃឡង់ RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

 

​ប្រជា​សហគមន៍​ព្រៃឈើ​ជិត ៣០០នាក់ បាន​ជួបជុំ​អុជ​ធូប និង​បន់ស្រន់​នៅ​ព្រះអង្គ​ដងកើ មុខ​ព្រះបរមរាជវាំង ដើម្បី​សុំ​ឲ្យ​បារមីដ៏​ស័ក្តិសិទ្ធិ ជួយ​ការពារ​ព្រៃ​ឡង់​។ ក្រុម​ប្រជា​សហគមន៍​ព្រៃឈើ​ទាំងនោះ ក៏​បាន​ចុះ​ទៅ​តាម​ចំណុច​ផ្លូវ​កែង ភ្លើងស្តុប ក្នុង​ក្រុង​ភ្នំពេញ​ចំនួន ៩កន្លែង ដើម្បី​ចែកចាយ​ខិត្តប័ណ្ណ ដល់​មហាជន​ប្រមាណ ១ម៉ឺន​សន្លឹក នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

​ក៏ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន និង​ប៉ូលិស​ចរាចរណ៍ បាន​រារាំង និង​ចាប់​ឃាត់​ខ្លួន​សកម្មជន​ព្រៃឈើ​ជាង ១០០នាក់ ក្នុងពេល​ចែក​ខិត្តប័ណ្ណ កាលពី​ព្រឹក​មិញ​នេះ។​ ​ក្រោយ​ការឃាត់ខ្លួន ដើម្បី​សួរនាំ និង​ចុះកិច្ចសន្យា​លើ​ក្រដាស​ស្នាម​រួចមក សកម្មជន​ព្រៃឈើ​ទាំងនោះ ត្រូវបាន​ដោះលែង​មកវិញ​។ ខិត្តប័ណ្ណ ក៏​ត្រូវ​អាជ្ញាធរ​ដកហូត​ផងដែរ​។​

​អង្គការ​សង្គម​ស៊ីវិល​ចំនួន​បី បានចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ភ្លាមៗ ចំពោះ​ការចាប់​ឃាត់​ខ្លួន​សកម្មជន​ព្រៃ​ឡង់​នេះ​។ សង្គម​ស៊ីវិល​បង្ហាញ​ការព្រួយបារម្ភ​ថាវា​​ជា​ការថយចុះ​នៃ​សេរីភាព​​បញ្ចេញមតិ និង​សេរីភាព​របស់​មហាជន​។​

​ខិត្តប័ណ្ណ​របស់​សកម្ម​ជន​ព្រៃឈើ​ទាំងនោះ បាន​លើក​បង្ហាញ​ពី​អត្ថប្រយោជន៍ និង​ប្រវត្តិ​ព្រៃ​ឡង់ ហើយ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល និង​មន្ត្រី​ពាក់ព័ន្ធ ឲ្យចូល​រួម​ទប់ស្កាត់​ការបំផ្លាញ​ព្រៃឡង់ និង​​បញ្ឈប់​ការផ្តល់​ដី​សម្បទាន​តំបន់​ព្រៃ​ឡ​ង់ ទៅឲ្យ​ក្រុមហ៊ុន​ឯកជន​។​

អ្នកស្រី ពុគ​ហុង សកម្មជន​មកពី​ខេត្ត​ព្រះវិហារ បាន​អះអាង​ថា ការផ្តល់​ដីព្រៃ​ឡង់​ឲ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើឲ្យ​ប៉ះពាល់​ប្រជា​សហគមន៍ ពិសេស​ ជនជាតិដើម​ភាគតិច ដែល​មិន​អាច​ចូល​ទៅ​រុករក​អនុផល​ព្រៃឈើ ក្នុងព្រៃ​ឡង់​បាន​ទៀត​ឡើយ​។​

​ព្រៃ​ឡង់ ជា​តំបន់​ព្រៃឈើ ដែល​មាន​ស្លឹកឈើ​ពណ៌​បៃតង​គ្រប់​រដូវ​កាល​។ តំបន់​ព្រៃ​ឡ​ង់ មាន​ទំហំ​ប្រមាណ ៣.៦០០ គីឡូម៉ែត្រ​ក្រឡា លាតសន្ធឹង​ក្នុង​ខេត្ត​៤ គឺ​ខេត្ត​កំពង់ធំ ព្រះវិហារ ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង​។

​សកម្មជន​សិទ្ធិមនុស្ស និង​ប្រជា​សហគមន៍​រាយការណ៍​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ព្រៃ​ឡង់​បាន​ទទួលរង​នូវ​ការកាប់បំផ្លាញ​ព្រៃឈើ​យ៉ាងធ្ងន់ធ្ងរ ដែល​បង្កឡើង​ដោយ ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ