អានតួអត្ថបទ
អាមេរិក-កេនយ៉ា

លោក​ចន ឃែរី​បំពេញ​ទស្សនកិច្ច​នៅ​កេនយ៉ា​ប្រទេស​កំណើត​របស់​ឪពុក​លោក​អូបាម៉ា

លោក​ចន ឃែរី ដែល​ទើប​នឹង​បញ្ចប់​ដំណើរទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ស្រីលង្កា បាន​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​កេនយ៉ា នៅថ្ងៃ​អាទិត្យនេះ ដើម្បី​ពង្រឹង​សហប្រតិបត្តិការ​​ក្នុង​​ការ​ប្រយុទ្ធប្រឆាំង​នឹង​ភេរវកម្ម​អ៊ីស្លាម​ជ្រុលនិយម​នៅ​អាហ្វ្រិក។ ដំណើរទស្សនកិច្ច​របស់​លោក​ចន ឃែរី ក៏​មាន​គោលដៅ​ផងដែរ ក្នុងការ​បិទបញ្ចប់​ភាព​ចម្រូងចម្រាស​ខាង​ផ្នែក​ការទូត​ដែល​បាន​កើតឡើង​ជាមួយ​កេនយ៉ា ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

លោក​ចន ឃែរី ពេល​ចាកចេញ​ពី​ប្រទេស​ស្រីលង្កា ឆ្ពោះទៅ​ប្រទេស​កេនយ៉ា ថ្ងៃ​អាទិត្យ ទី៣ ឧសភា ២០១៥
លោក​ចន ឃែរី ពេល​ចាកចេញ​ពី​ប្រទេស​ស្រីលង្កា ឆ្ពោះទៅ​ប្រទេស​កេនយ៉ា ថ្ងៃ​អាទិត្យ ទី៣ ឧសភា ២០១៥ REUTERS/Andrew Harnik
ផ្សាយពាណិជ្ជកម្ម

កេនយ៉ា គឺ​ជា​ប្រទេស​កំណើត​របស់​ឪពុក​លោក​អូបាម៉ា។ ក៏ប៉ុន្តែ គេសង្កេតឃើញ​ថា ចាប់តាំង​ពី​លោក​អូបាម៉ា​បាន​ឡើង​មក​កាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក លោក​មិនដែល​ឈានជើង​ជាន់​ទឹកដី​កេនយ៉ា​ម្តងឡើយ។

លើសពីនេះ​ទៅទៀត ទំនាក់ទំនង​ទ្វេភាគី អាមេរិក-កេនយ៉ា​បាន​ឆ្លងកាត់​នូវ​ភាពចម្រូងចម្រាស​យ៉ាងខ្លាំង នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គឺ​នៅ​ក្រោយ​ពេល​ដែល​លោក​ អ៊ូរូ កេនយ៉ាតា ប្រធានាធិបតី​កេនយ៉ា ត្រូវ​បាន​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ចោទប្រកាន់​​​ពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ក្រោយ​ការ​បោះឆ្នោត កាល​ពី​ចុងឆ្នាំ​២០០៧ និង​ដើម​ឆ្នាំ​២០០៨។

ដំណើរទស្សនកិច្ច​របស់​លោក ចន ឃែរី នៅកេនយ៉ា​ នៅពេលនេះ គឺ​ជា​ជំហាន​ដ៏សំខាន់​មួយ នៅ​ក្នុង​ការ​ស្តារ​ទំនាក់ទំនង​នឹង​គ្នាឡើងវិញ ក្រោយ​ពី​បញ្ហា​ចម្រូងចម្រាស​ជុំវិញ​ការស៊ើបអង្កេត​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ត្រូវ​បិទបញ្ចប់ ដោយ​រដ្ឋអាជ្ញា​នៃ​តុលាការ​ក្រុងឡាអេ​បាន​លើកការ​ចោទប្រកាន់​​ពី​ប្រធានាធិបតី​កេនយ៉ាវិញ កាល​ពីខែ​ធ្នូ​កន្លងទៅ ក្នុងហេតុផល​ថា​​​មិនមាន​ភស្តុតាង​គ្រប់គ្រាន់ ដើម្បី​ដាក់​បន្ទុក។

លោក​ចន ឃែរី នឹង​ស្ថិត​នៅ​ក្នុង​ប្រទេស​កេនយ៉ា រហូតដល់​ថ្ងៃ​អង្គារ ហើយ​គ្រោង​នឹង​ជួប​ ជាមួយ​នឹង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​កេនយ៉ា ក្នុងនោះ​ក៏​មាន​​លោក​ប្រធានាធិបតី ​អ៊ូរូ កេនយ៉ាតា​ផងដែរ។

មន្រ្តី​ការទូត​អាមេរិក​ដែល​អមដំណើរ​លោក​ចន ឃែរី បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា សំណុំរឿង​សំខាន់ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ចន ឃែរី នៅ​កេនយ៉ា​នេះ គឺ​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ភេរវជន​អ៊ីស្លាម​ជ្រុលនិយម ដែល​ជា​សាខា​របស់​អាល់កៃដា​ប្រចាំ​នៅ​អាហ្វ្រិក។ សំណុំរឿង​ដ៏​សំខាន់​មួយ​ទៀត គឺ​ការ​ត្រៀមរៀបចំ​ដំណើរទស្សនកិច្ច​របស់​លោក​អូបាម៉ា ដែល​គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កំណើត​ឪពុក​របស់​លោក​ជាលើកទី១​ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​អាមេរិក នៅ​ខែ​កក្កដា​ខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ