អានតួអត្ថបទ
អេហ្ស៊ីប-កូរ៉េខាងត្បូង​​​

ស្លាប់៤នាក់​ ក្នុង​ភេរវកម្ម​វាយប្រហារ​រថយន្ត​ដឹកភ្ញៀវ​ទេសចរ​កូរ៉េ​ នៅ​អេហ្ស៊ីប​

នៅ​​ស៊ីណៃ ប្រទេស​អេហ្ស៊ីប ថ្ងៃ​អាទិត្យ​ម្សិលមិញ ​ការ​​ផ្ទុះ​គ្រាប់បែក​មួយ បាន​​វាយប្រហារ​រថយន្ត​ដឹកភ្ញៀវ​ទេសចរ​​កូរ៉េខាងត្បូង មួយគ្រឿង សម្លាប់​​​ភ្ញៀវទេសចរ​កូរ៉េ​៣នាក់ និង​អ្នកបើកបរ​​រថយន្ត​ ជាជនជាតិ​អេហ្ស៊ីបម្នាក់។ ភេរវកម្ម​នេះ​ក៏​បាន​បង្ក​អោយ​មាន​មនុស្ស​​១៥នាក់ទៀត​របួស​ផងដែរ។ ប៉ូលិស​កំពុង​ស៊ើបអង្កេត​រក​ជនដៃដល់​បង្ក​ការផ្ទុះ​​​នេះ។ ក្រុមជីហាដ​ ​អាន់សា បេត អាល់ម៉ាក់ដេស ជាក្រុម​ជិតដិត​នឹង​ក្រុម​​អាល់កៃដា ប្រហែល​ជា​​ក្រុម​ដែល​បាន​បង្ក​​​ភេរវកម្ម​នេះ។ នេះ​ជា​អំពើភេរវកម្ម​ទី១​ហើយ ដែល​វាយប្រហារ​ភ្ញៀវទេសចរ​បរទេស​ នៅអេហ្ស៊ីប ចាប់តាំង​ពី​​កងទ័ព​អេហ្ស៊ីប​បានទំលាក់​អតីត​ប្រធានាធិបតី​​មរស៊ី ពីអំណាច​មក។

​រថយន្ត​ដឹកភ្ញៀវទេសចរ​កូរ៉េខាងត្បូង ដែល​រង​ការផ្ទុះ​ នៅអេហ្ស៊ីប ថ្ងៃ​អាទិត្យ​ម្សិលមិញ
​រថយន្ត​ដឹកភ្ញៀវទេសចរ​កូរ៉េខាងត្បូង ដែល​រង​ការផ្ទុះ​ នៅអេហ្ស៊ីប ថ្ងៃ​អាទិត្យ​ម្សិលមិញ AFP/Photo/STR
ផ្សាយពាណិជ្ជកម្ម

រថយន្ត​​ទេសចរ​ដែល​រង​ការបំផ្ទុះ​គ្រាប់បែក​នៅស៊ីណៃ ប្រទេស​អេហ្ស៊ីប ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ ជារថយន្ត​ដឹកភ្ញៀវទេសចរ​កូរ៉េខាងត្បូង ៣១នាក់ សុទ្ធ​តែ​ជា​គ្រិស្ត​សាសនិក​​​​មកពី​វិហារ​មួយកន្លែង នៅ​ខេត្ត​ ជីនឆឺរ៉ុង ភាគខាងត្បូង​ ប្រទេស​កូរ៉េខាងត្បូង។ រថយន្ត​​ទេសចរ​នេះ ធ្វើដំណើរ​មកពី​ទីក្រុងគែរ ហើយ​នៅព្រំដែន​តាបា​ ជាប់ជាមួយ​អ៊ីស្រាអែល​ រថយន្ត​នេះ​​​ត្រៀម​រង់ចាំ​បរចូល​ក្នុង​ទឹកដី​អ៊ីស្រាអែល។

​យោងតាម​ឯក​អគ្គ​រដ្ឋទូត​​កូរ៉េខាងត្បូង​នៅអេហ្ស៊ីប​​​ នេះ​ជាអំពើភេរវកម្ម​អត្តឃាត ព្រោះ​ថា ការផ្ទុះ​បាន​កើតឡើង​ ​បន្ទាប់​ពី​​មាន​បុរស​ម្នាក់​បាន​ឡើងទៅ​ក្នុង​រថយន្តទេសចរ​នោះ​ភ្លាមៗ​តែម្តង។ ភេរវកម្ម​​សម្លាប់​ទេសចរ​ជនជាតិ​កូរ៉េខាងត្បូង​ ម្សិលមិញ​នេះ បាន​ធ្វើអោយ​ក្រសួង​ការបរទេស​​កូរ៉េខាងត្បូង​​​​​​​សំដែង​ការ​​ខឹង​ក្តៅក្រហាយ​​ និង​ប្រាប់ថា​ រងការ​ប៉ះទង្គិច​ចិត្តដោយសារ​ហេតុការណ៍​នេះ។ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន គីមូន ដែល​ជាជនជាតិកូរ៉េខាងត្បូង​ដែរនោះ បាន​ថ្កោលទោស​​អំពើ​ភេរវកម្ម​នេះ។ 

នេះ​ជាលើកទី១ហើយ ដែល​អំពើភេរវកម្ម​បានកើតឡើងនៅ​អេហ្ស៊ីប វាយប្រហារ​ភ្ញៀវ​ទេសចរ​បរទេស គិតចាប់ពី​ពេល​ដែល​កងទ័ព​អេហ្ស៊ីប បាន​ទំលាក់​អតីត​ប្រធានាធិបតី​​​​មរស៊ី​ពីអំណាច​ កាលពី​ដើមខែកក្កដា ឆ្នាំ​២០១៣មក។ គេ​នៅចាំបាន​ថា ​នៅឆ្នាំ​១៩៩៧ ក្រុមបះបោរ​អ៊ីស្លាម​បាន​សម្លាប់​អ្នកទេសចរ​បរទេស​​៥៨នាក់​​ នៅ​លុចសរ ភាគខាងត្បូង​អេហ្ស៊ីប។ ​ចន្លោះ​ឆ្នាំ២០០៤​និង​ឆ្នាំ​២០០៦ ភេរវកម្ម​ជាច្រើន​នៅ​ស្ថានីយងូតទឹក​នៅស៊ីណៃ ក៏​បាន​សម្លាប់​​អ្នកទេសចរ​អេហ្ស៊ីប​និង​អ្នកទេសចរ​បរទេស​ជាច្រើននាក់ដែរ។ ​​ស្ត្រី​ទេសចរ​បារាំ​ម្នាក់ ក៏ត្រូវ​បាន​ស្លាប់​ កាល​ពី​ខែកុម្ភៈ​ឆ្នាំ ២០០៩ ក្នុង​ភេរវកម្ម​មួយ នៅ​ទីក្រុងគែរដែរ។

ចាប់ពី​ប្រមុខទ័ព​អាល់ ស៊ីសស៊ី បាន​ឡើងកា​ន់អំណាច​​បាន​ជាង​៧ខែ​មក ស្ថានភាព​សន្តិសុខ​​បានធ្លាក់ដុនដាប។ ​​មនុស្ស​ជាង​១៤០០នាក់ហើយ​ ភាគច្រើន​​ជា​ក្រុមបាតុករ​អ៊ីស្លាម ត្រូវបាន​​កងទ័ព​រឺក៏ប៉ូលិស​អេហ្ស៊ីបសម្លាប់។

ទន្ទឹមនេះ​ដែរ អំពើភេរវកម្ម​ជាច្រើន​​ បានផ្ទុះ​ឡើង​ប្រឆាំង​កងទ័ព​និង​ប៉ូលិសនៅក្រុងគែរ​ ​សងសឹក​​កងទ័ពដែល​បាន​ទំលាក់​​អតីតប្រធានាធិបតី​មរស៊ី និង​បង្ក្រាប​បាតុកម្ម​សកម្មជន​ភាតរអ៊ីស្លាម។ ភេរវកម្ម​ប្រឆាំង​ប៉ូលិសភាគច្រើន​​ ជា​ស្នាដៃ​​របស់​ក្រុម​ជីហាដ​ អាន់សា បេត អាល់ម៉ាក់ដេស ដែល​ជាក្រុម​យក​គំរូ​តាម​ក្រុម​អាល់កៃដា។​ ប៉ុន្តែ​រដ្ឋាភិបាល​អេហ្ស៊ីបទំលាក់​កំហុស​ទាំងអស់​នេះ​ ទៅលើ​​សកម្មជន​​បក្ស​ភាតរអ៊ីស្លាម​របស់​លោក​មរស៊ី៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ