កិច្ចសន្ទនាយុទ្ធសាស្រ្ត និងសេដ្ឋកិច្ច៖អាមេរិក និងឥណ្ឌាបន្តពង្រឹងដៃគូ តែមិនមែនដើម្បីប្រឆំាងចិនទេ
នៅថ្ងៃអង្គារ ទី២២ កញ្ញា អាមេរិក និងឥណ្ឌាដែលជាមហាប្រទេសប្រជាធិបតេយ្យក្នុងលោកបានបើកកិច្ចសន្ទនាយុទ្ធសាស្រ្ត និងសេដ្ឋកិច្ចរវាងគ្នាក្នុងទីក្រុងវ៉ាស៊ីនតោន។ គឺជាកិច្ចសន្ទនារវាងថ្នាក់ក្រសួងពាណិជ្ជកម្ម និងក្រសួងការបរទេស។ ភាគីទំាងពីរបានព្រមព្រៀងគ្នាក្នុងការពង្រឹងភាពជាដៃគូ និងថា ភាពជាដៃគូនេះមិនមែនសំដៅប្រឆំាងនឹងប្រទេសចិនឡើយ។ អ្វីជាការកត់សម្គាល់ កិច្ចសន្ទនាយុទ្ធសាស្រ្ត និងសេដ្ឋកិច្ចរវាងអាមេរិក និងឥណ្ឌាដែលរៀបចំលើទឹកដីអាមេរិកំាងឆ្នំានេះបានធ្វើឡើង ចំពេលដែលលោកប្រធានាធិបតីចិនស៊ី ជីនពីងកំពុងបំពេញទស្សនកិច្ចនៅអាមេរិក។
ចុះផ្សាយនៅថ្ងៃ៖
នៅក្នុងកិច្ចសន្ទនាយុទ្ធសាស្រ្ត និងសេដ្ឋកិច្ចរវាងអាមេរិក និងឥណ្ឌានាថ្ងៃអង្គារ ទី២២ កញ្ញាក្នុងទីក្រុងវ៉ាស៊ីនតោន ភាគីទំាងពីរបានលើកយកទៅជជែកនូវសំណុំរឿងសំខាន់ៗជាច្រើន រួមមាន សន្តិសុខតំបន់ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរអាកាសធាតុ។ តែប្រធានបទអាទិភាពមិនអាចខ្វះបានរវាងសម្ព័ន្ធមិត្តអាមេរិក ឥណ្ឌា គឺសេដ្ឋកិច្ច។ នៅក្នុងជំនួបរវាងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអាមេរិកលោកស្រីប៉េននី ប្រ៊ីតឃឺ (Penny Pritzker) និងសមភាគីឥណ្ឌាលោកស្រីនៀរម៉ាឡា ស៊ីថារ៉ាម៉ាន (Nirmala Sitharaman) អាមេរិក និងឥណ្ឌាបានប្តេជ្ញាជាថ្មីម្តងទៀតថា នឹងបង្កើនការដោះដូរពាណិជ្ជកម្មរវាងគ្នាឲ្យដល់ទឹកប្រាក់ ៥០០ ០០០លានដុល្លារក្នុងមួយឆ្នំា ពោល ៥ដងច្រើនជាងសព្វថ្ងៃដែលមានត្រឹមតែ ១០០ ០០០លានដុល្លារប៉ុណ្ណោះ។
អ្វីដែលសម្ព័ន្ធមិត្តទំាងពីរចង់បាន គឺចង់ឲ្យការដោះដូរពាណិជ្ជកម្មរវាងគ្នាមានទំហំទឹកប្រាក់ស្មើនឹងការដោះដូរពាណិជ្ជកម្មរវាងអាមេរិក និងចិនសព្វថ្ងៃដែលមាន ៥០០ ០០០លានដុល្លារ។ ក្រៅពីជំនួបថ្នាក់រដ្ឋមន្រ្តីពាណិជ្ជកម្ម ក៏មានជំនួបថ្នាក់រដ្ឋមន្រ្តីការបរទេសរវាងលោកប្រមុខការទូតអាមេរិកចន ឃ៊ែរី និងសមភាគីឥណ្ឌាលោកស្រីស៊ូម៉ា ស្វារ៉ាដែរ។
ជំនួបរដ្ឋមន្រ្តីការបរទេសផ្តោតលើសន្តិសុខតំបន់ និងការប្រយុទ្ធប្រឆំាងភេរវនិយម
ខុសពីជំនួបថ្នាក់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជំនួបថ្នាក់រដ្ឋមន្រ្តីការទេសបានផ្តោតសំខាន់លើយុទ្ធនាការប្រយុទ្ធប្រឆំាងនឹងភេរវនិយម សន្តិសុខសមុទ្រនៅក្នុងមហាសមុទ្រឥណ្ឌា នៅក្នុងសមុទ្រចិនខាងត្បូង បញ្ហាប្រឈមជាច្រើននៅអាស៊ីបូព៌ា ការមិនសាយភាយនុយក្លេអ៊ែរ និងបញ្ហាអាកាសធាតុ។ លោកចន ឃ៊ែរីបានចាត់ទុកកម្រិតនៃកិច្ចសហប្រតិបត្តិការរវាងវ៉ាស៊ីនតោន និងញូដែលីថា កំពុងបោះជំហានទៅមុខគួរឲ្យភ្ញាក់ផ្អើល និងថា ទំនាក់ទំនងរវាងអាមេរិក និងឥណ្ឌាជាទំនាក់ទំនងភ្លឺថ្លានៅលើឆាកអន្តរជាតិ ព្រមទំាងជាទំនាក់ទំនងទ្វេភាគីយ៉ាងសំខាន់មួយនៅក្នុងភិភពលោក។
ទន្ទឹមគ្នានេះ លោកចន ឃ៊ែរីក៏មិនភ្លេចនិយាយសរសើរឥណ្ឌាថា ជាមហាប្រទេសប្រជាធិបតេយ្យក្នុងលោក និងថា ឥណ្ឌា និងអាមេរិកជាប្រទេសគូស្រករមួយក្នុងចំណោមប្រទេសគូស្រករផ្សេងទៀតដែលមានលទ្ធិប្រជាធិបតេយ្យយូរលង់ជាងគេ។ ចំណែកលោកស្រីប្រមុខការទូតឥណ្ឌាស្វារ៉ាបានសាទរពីដៃគូយុទ្ធសាស្រ្តអាមេរិក ឥណ្ឌាដែលបង្កប់ដោយតម្លៃរួម គឺប្រជាធិបតេយ្យ សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងនីតិរដ្ឋ។ យោងតាមលោកស្រីស្វារ៉ា វ៉ាស៊ីនតោន និងញូដែលីបានប្តេជ្ញាពន្លឿនកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆំាងនឹងភេរវនិយមដែលលោកស្រីយល់ថា ការគំរាមកំហែងភេរវនិយមបានប្តូររូបភាពច្រើនណាស់ បើគិតតំាងពីក្រោយភេរវកម្មក្នុងទីក្រុងបុមបៃកាលពីឆ្នំា ២០០៨។
យ៉ាងណាក៏ដោយ លោកស្រីប្រមុខការទូតឥណ្ឌាក៏មិនភ្លេចនិយាយពីបញ្ហាការប្រែប្រួលអាកាសធាតុដែលលោកស្រីស្វារ៉ាយល់ថា ជាបញ្ហាបន្ទាន់មួយនៅចំពោះមុខ និងសន្យាថា ឥណ្ឌានឹងសហការណ៍ឲ្យបានស្អិតរមួតជាមួយអាមេរិកនៅក្នុងបញ្ហានេះ នៅមុនការបើកសន្និសីទអន្តរជាតិស្តីពីបញ្ហាអាកាសធាតុក្នុងទីក្រុងប៉ារីស ប្រទេសបារំាងនៅខែធ្នូខាងមុខ។
អាមេរិក និងឥណ្ឌាកំពុងរួមដៃគ្នាប្រឆំាងនឹងឥទ្ធិពលរបស់ចិន
អ្វីជាការកត់សម្គាល់ កិច្ចសន្ទនាយុទ្ធសាស្រ្ត និងសេដ្ឋកិច្ចរវាងអាមេរិក និងឥណ្ឌាដែលរៀបចំលើទឹកដីអាមេរិកំាងឆ្នំានេះបានធ្វើឡើង ចំពេលដែលលោកប្រធានាធិបតីចិនស៊ី ជីនពីងកំពុងបំពេញទស្សនកិច្ចនៅអាមេរិក។ តែលោកប្រមុខការទូតអាមេរិកចន ឃ៊ែរីបានសារភាពផ្ទាល់មាត់ថា ពាក្យ « ប្រទេសចិន » មិនត្រូវបានចែងនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឬមួយក៏ថ្នាក់រដ្ឋមន្រ្តីការទេសអាមេរិក ឥណ្ឌាទេ។
ក៏ប៉ុន្តែ ការដែលលោកចន ឃ៊ែរីបានលើកយកបញ្ហាសមុទ្រចិនខាងត្បូងទៅនិយាយជាមួយសមភាគីឥណ្ឌាលោកស្រីស្វារ៉ា គឺជាការនិយាយសំដៅលើមហិច្ឆិតារបស់ចិននៅក្នុងសមុទ្រចិនខាងត្បូងរួចជាស្រេច ព្រោះចូរកុំភ្លេចថា គឺនៅក្នុងសមុទ្រចិនខាងត្បូងនោះឯងដែលចិនកំពុងមានជម្លោះជាមួយបណ្តាប្រទេសអាស៊ីជិតខាងក្នុងតំបន់។ នៅក្នុងន័យនេះ អាមេរិក និងឥណ្ឌាបានលើកឡើងពីច្បាប់អន្តរជាតិក្នុងការធ្វើចរាចរណ៍ផ្លូវសមុទ្រ និងដំណោះស្រាយតាមផ្លូវសន្តិវិធីនៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក។ ដូច្នេះតិច ឬច្រើន ដោយប្រយោល ឬដោយផ្ទាល់ វ៉ាស៊ីតោន និងញូដែលីបានក្រើនរម្លឹកប៉េកំាងពីតម្លៃច្បាប់អន្តរជាតិដែលគ្មាននរណាអាចរំលោភបំពានបាន។
គួររម្លឹកជូនថា គឺទើបតែនៅក្នុងជំនាន់ប្រធានាធិបតីអាមេរិក George W.Bush ពីឆ្នំា ២០០១ ដល់ឆ្នំា ២០០៩ ទេដែលអាមេរិក និងឥណ្ឌាបានផ្តើមបង្កើនល្បឿនភាពជាដៃគូយ៉ាងឆាប់រហ័សមកដល់សព្វថ្ងៃ។ នៅចុងសប្តាហ៍នេះ លោកនាយករដ្ឋមន្រ្តីឥណ្ឌាម៉ូឌីនឹងទៅអាមេរិកដើម្បីចូលរួមនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ។ គឺជាឱកាសដ៏ល្អមួយដែលលោកម៉ូឌីត្រូវឆ្លៀតចូលជួបសន្ទនាជាមួយលោកប្រធានាធិបតីអាមេរិកអូបាម៉ា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ